(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា នៅថ្ងៃទី២៩ ខែសីហានេះ បានចុះកិច្ចព្រមព្រៀងទិញ ថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ ដែលមាន អានុភាព ១០មេហ្គាវ៉ាត់ ពីក្រុមហ៊ុន Sunseap Asset (Cambodia) Co.,Ltd នៅក្នុងក្រុងបាវិត ខេត្តស្វាយរៀង។

ពិធីចុះកិច្ចព្រមព្រៀងនេះ រៀបចំឡើងនៅ សណ្ឋាគារ សូហ្វីតែល ភ្នំពេញ នៅព្រឹកថ្ងៃទី២៩ ខែសីហានេះ ដែលភាគីអគ្គិសនីកម្ពុជា ចុះហត្ថលេខាដោយ លោក កែវ រតនៈ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក ជាអគ្គនាយកអគ្គិសនីកម្ពុជា និងក្រុមហ៊ុន Sunseap Asset ចុះហត្ថលេខាដោយ លោក Frank Phuan ប្រធានក្រុមហ៊ុន។

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញ-លក់ថាមពលអគ្គិសនីនេះ ក៏មានការចូលរួមពីអធិបតីភាព លោក អ៊ិត ប្រាំង រដ្ឋលេខាធិការ ក្រសួងរ៉ែ និងថាមពល និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។ កិច្ចព្រមព្រៀងនេះត្រូវបានគេមើលឃើញថា គឺជាជំហានថ្មីមួយ ក្នុងការធានានិរន្តរភាពថាមពល និងការយកចិត្តទុកដាក់លើបរិស្ថាន។

លោក ទិន ពន្លក អគ្គលេខាធិការ ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានលើកឡើងថា ក្រសួងបរិស្ថាន ក្នុងនាមជាប្រធានក្រុម ប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព សូមស្វាគមន៍ចំពោះពិធីចុះហត្ថលេខា អនុវត្តគម្រោងផលិតអគ្គិសនី ដោយប្រើពន្លឺព្រះអាទិត្យ កម្លាំង១០មេហ្គាវ៉ាត់ នៅទីក្រុងបាវិត ខេត្តស្វាយរៀង។

រោងចក្រនេះគឺជាគម្រោងខ្នាតធំលើកទី១ នៅកម្ពុជា ដែលភ្ជាប់ជាមួយបណ្តាញអគ្គិសនីជាតិ ហើយបើកនូវទំព័រថ្មីមួយនៅក្នុងវិស័យ ថាមពលអគ្គិសនីរបស់ជាតិ ក្នុងការជំរុញការផលិតអគ្គិសនី ពីប្រភពថាមពលកកើតឡើងវិញ។

លោក ទិន ពន្លក បានបន្ថែមថា៖ «ក្នុងនាមជាស្ថាប័នផ្តួចផ្តើមគំនិត ក្រសួងបរិស្ថានបានខិតខំជំរុញការអនុវត្តគម្រោងនេះ ក្រោមកិច្ចសហការជាមួយក្រសួងរ៉ែ និងថាមពល និងអគ្គិសនីកម្ពុជា។ ភាពជាដៃគូរវាងវិស័យសាធារណៈ និងឯកជននៅក្នុងការ អនុវត្តគម្រោងវិនិយោគនេះ សបញ្ជាក់ឱ្យឃើញនូវការផលិតអគ្គិសនី ពីប្រភពថាមពលពន្លឺព្រះអាទិត្យកាន់តែមាន ភាពប្រកួតប្រជែង ផ្នែកសេដ្ឋកិច្ច (តិចជាង១០សេនដុល្លារក្នុង ១គីឡូវ៉ាត់ម៉ោង) ហើយនិន្នាការពិភពលោកក៏បានបង្ហាញថា តម្លៃនេះនឹងបន្តធ្លាក់ចុះ ទៀតនាពេលអនាគត»។

លោកបានបន្តថា៖«កំណើនភាគរយនៃបរិមាណអគ្គិសនីដែលផលិតពីថាមពលព្រះអាទិត្យនៅកម្ពុជា មិនត្រឹមតែនាំមកនូវប្រសិទ្ធភាព សេដ្ឋកិច្ចតែប៉ុណ្ណោះទេ ក៏ប៉ុន្តែក៏នឹងរួមចំណែកក្នុងការពង្រឹងសន្តិសុខថាមពល តាមរយៈពិពធភាពនៃប្រភពផលិតអគ្គិសនី កាត់បន្ថយ ភាពពឹងអាស្រ័យលើការនាំចូលអគ្គិសនីពីក្រៅប្រទេស និងពង្រឹងសមត្ថភាពផលិតអគ្គិសនីនៅរដូវប្រាំង ដែលពុំមានទឹកគ្រប់គ្រាន់ សម្រាប់ផលិតអគ្គិសនីពីទំនប់វារីអគ្គិសនីនានា»

បើតាមលោក ទិន ពន្លក គម្រោងនេះក៏បានបញ្ជាក់ផងដែរ អំពីឆន្ទៈដ៏រឹងមាំរបស់កម្ពុជា ក្នុងការរួមចំណែកដោះស្រាយបញ្ហាប្រែប្រួល អាកាសធាតុដូចដែល កម្ពុជាបានប្តេជ្ញានៅក្នុងសន្និសីទកំពូលលើកទី២១ នៃភាគីជាសមាជិកអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពី ការប្រែប្រួលអាកាសធាតុ តាមរយៈការបង្កើន ដោយស្ម័គ្រចិត្តនូវភាគរយនៃប្រភពថាមពលស្អាត នៅក្នុងការផលិតអគ្គិសនី។ កិច្ចខិតខំ ប្រឹងប្រែងនេះក៏ជាវិភាគទានសំខាន់មួយ នៅក្នុងការសម្រេចបាននូវ គោលដៅអភិវឌ្ឍន៍ដោយចីរភាពទី៧ ពាក់ព័ន្ធនឹងថាមពលកកើត ឡើងវិញ និងទី១៣ ពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ៕