(កែប)៖ លោកឧត្តមសេនីយត្រី អ៊ី សំអុល ស្នងការនគរបាលខេត្តកែប នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦នេះ បានដឹកនាំក្រុមការងារ ដើម្បីប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំខែសីហា និងលើកទិសដៅអនុវត្តបន្ត ទៅខែកញ្ញា ឆ្នាំ២០១៦ ដែលនៅក្នុងកិច្ចប្រជុំនេះ លោកឧត្តមសេនីយ៍ស្នងការ បានជំរុញឲ្យកម្លាំងនគរបាលទូទាំងខេត្ត ត្រូវបន្តបង្ក្រាបបទល្មើស និងត្រៀមថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ សម្រាប់ថ្ងៃចុះឈ្មោះបោះឆ្នោត។

កិច្ចប្រជុំនេះក៏មានការចូលរួមពី លោក លោកស្រី ឧត្តមសេនីយ វរសេនីយ ស្នងការរងទទួលផែនគ្រប់ផែន មន្រ្តីដឹកនាំគ្រប់ឋានានុក្រម ខេត្ត, ក្រុង-ស្រុក ក្រុមចម្រុះនគរបាលខេត្តចុះជួយប៉ុស្តិ៍ និងប៉ុស្តិ៍រដ្ឋបាល ចំនួន១១១នាក់។

តាមរបាយការណ៍ ប្រចាំខែសីហាបានបញ្ជាក់ថា បទល្មើសព្រហ្មទណ្ឌកើតឡើង ចំនួន១លើក (លួចម៉ូតូ) បណ្តាលឱ្យបាត់ម៉ូតូ១គ្រឿង, គ្រោះថ្នាក់ចរាចរ៧លើក បណ្តាលឱ្យស្លាប់២នាក់ របួសធ្ងន់៩នាក់ របួសស្រាល១នាក់, ខ្យល់កន្រ្តាក់១លើក បណ្តាលឱ្យខូចខាត ផ្ទះ២២ខ្នង។

ចំពោះកិច្ចប្រតិបត្តិការសំខាន់ៗក្នុងខែនេះ រួមមាន៖ បានដើរល្បាតរក្សាសន្តិសុខ សណ្តាប់ធ្នាប់ នៅតាមមូលដ្ឋាន ភូមិ ឃុំដែលបាន ចាត់តាំង ធ្វើទាំងថ្ងៃទាំងយប់, បានជួយសង្គ្រោះប្រជាពលរដ្ឋក្នុងគ្រោះថ្នាក់ចរាចរណ៍ បាន៧លើក, បានសង្គ្រោះភ្ញៀវទេសចរ ដែលវង្វេងក្នុងឧទ្យានកែប ចំនួន១លើក, បានរារាំងជនជាតិបារាំងម្នាក់ ដែលប៉ុនប៉ងសម្លាប់ខ្លួន។ ដោយឡែកកម្លាំងនគរបាលខេត្ត ក៏បានដើរចែកអត្តសញ្ញាណប័ណ្ណ ជូនប្រជាពលរដ្ឋ ចំនួន៣១៨នាក់ និងចុះបិទស្ទិកឃ័រចំណាំងផ្លាត ចំនួន១លើកផងដែរ។
   
ចំពោះការដឹកនាំបញ្ជាកម្លាំង លោកស្នងការបានចុះតាមប៉ុស្តិ៍ទាំងអស់ និងអធិការដ្ឋាននគរបាលស្រុកដំណាក់ចង្អើរ ដើម្បីជួបប្រជុំ និងស្តាប់របាយការណ៍លទ្ធផលការងារ និងសម្របសម្រួលទិសដៅបន្ត ឱ្យស្របតាមស្ថានភាព និងដំណាក់កាលការងារ ផងដែរ។

លោកស្នងការ បានដាក់ចេញនូវទិសដៅបន្ត ដោយផ្តោតសំខាន់ការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់ ការបង្ការបង្រ្កាបបទល្មើស ព្រហ្មទណ្ឌ គ្រឿងញៀន ពិសេសការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងពេលការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៦ ខាងមុខ។ ក្រៅពីនេះ លោកស្នងការបានណែនាំឲ្យមន្រ្តីនគរបាលបន្ត ចុះផ្តល់អត្តសញ្ញាណប័ណ្ណជូនប្រជាជនបន្តទៀត ក៏ដូចជាការពង្រឹងវិន័យកងកម្លាំង ដើម្បីធានាដោះស្រាយការងារ ឱ្យទទួលបានលទ្ធផលល្អ តាមការរំពឹងទុកផងដែរ៕