(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ ​បានចុះកិច្ចព្រមព្រៀង ទិញថាមពលអគ្គិសនីដើរដោយ ពន្លឺព្រះអាទិត្យ អានុភាព១០មេហ្គាវ៉ាត់ ពីក្រុមហ៊ុន Sunseap Asset ដែលមានតម្លៃ​​១២.៥លានដុល្លារ ដែលមានរយៈពេលកិច្ចសន្យា២០ឆ្នាំ។

លោក កែវ រតនៈ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក ជាអគ្គនាយកអគ្គិសនីកម្ពុជាបានថ្លែងថា នេះជាគម្រោងដែលមានទំហំធំហើយមាន លក្ខណៈសំខាន់បំផុត សម្រាប់កម្ពុជា ព្រោះជាលើកទីមួយហើយ​​​ដែល​កម្ពុជា ទទួលបានអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យខ្នាតធំ ដើម្បីបញ្ជូលក្នុងបណ្ដាញអគ្គិសនីជាតិ។

លោកបានបន្ដទៀតថា ខេត្តដែលយើងដាក់ឲ្យដំណើរការដំបូងគេនេះ គឺខេត្តស្វាយរៀង ព្រោះខេត្តស្វាយរៀង កំពុងតែជួបប្រទះ ការខ្វះខាត ថាមពលអគ្គិសនី ហើយកំពុងតែរង់ចាំ ការបញ្ជូនខ្សែរពីភ្នំពេញទៅជួយ ដើម្បីយកវារីអគ្គីសនីប្រភពចេញពីធ្យូងថ្ម នៅព្រះសីហនុទៅជួយ ហើយសម្រាប់ថ្ងៃនេះ យើងបង្ហាញឲ្យឃើញថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ជាអ្នកដឹកនាំ បានបង្កលក្ខណៈឲ្យអគ្គិសនីកម្ពុជា ឲ្យក្រសួងរ៉ែ និងថាមពល និងអាជ្ញាធរកម្ពុជា ធ្វើកិច្ចការដើម្បីជំរុញគម្រោងអគ្គិសនីដើរដោយ ថាមពលពន្លឺព្រះអាទិត្យ ទី១នេះចេញ នោះវានឹងបើកផ្លូវឲ្យយើងនៅថ្ងៃក្រោយទៀត។ បើការអនុវត្តន៍ល្អប្រសើរយើងឃើញថា កម្ពុជានឹងធ្វើការដាក់ពង្រាយ ថាមពលអគ្គិសនីចេញពីផ្ទាំងកញ្ចក់ជាទ្រង់ទ្រាយធំ ហៅថា សូឡាហ្វាមធំជាង១០មេហ្គាវ៉ាត់នេះ។

លោកបានបន្ថែមទៀតថា «គម្រោងនេះមានរយៈពេល២០ឆ្នាំ ហើយយើងទុកពេលឲ្យក្រុមហ៊ុន ធ្វើការសាងសង់រយៈពេល១ឆ្នាំ ប៉ុន្ដែយើង នឹងខិតខំធ្វើយ៉ាងណា ជំរុញឲ្យក្រុមហ៊ុន ធ្វើការសាងសង់រយៈពេល៦ ទៅ៧ខែបានដំណើរការ ដើម្បីដោះសា្រយបញ្ហា នៅបាវិត ខេត្តស្វាយរៀង ក៏ដូចជាបង្ហាញថា ប្រភពអគ្គិសនីស្អាតនេះ ចូលរួមនៅក្នុងប្រព័ន្ធផលិតកម្មរួម របស់បណ្ដាញជាតិរបស់យើង ដើម្បីផ្គត់ផ្គង់ថាមពល ទៅគ្រប់កន្លែងផ្សេងទៀត»

លោកក៏បានឲ្យដឹងទៀតថា ជាគោលដៅរបស់រាជរដ្ឋាភិបាល យើងពង្រឹងឯករាជ្យភាព ផ្នែកថាមពលឲ្យអស់ពីលទ្ធភាព ដោយមាន ការចូលរួមចំណែក វារីអគ្គិសនីចេញពីការអភិវឌ្ឍន៍ធនធាន ក្នុងស្រុករបស់យើង និងរោងចក្រដើរដោយធ្យូងថ្ម ក្នុងក្រុងព្រះសីហនុ ដូច្នេះការនាំចូលភ្លើងពីប្រទេសជិតខាង ដូចជាប្រទេសវៀបណាមក្ដី ប្រទេសថៃក្ដី គឺមានការកាត់​​បន្ថយជាអតិបរមា មានន័យថា ការពឹងផ្អែកលើគេ គឺកាត់បន្ថយ នេះសបញ្ជាក់ថា យើងមានការវិវត្តន៍ច្រើន ទៅលើវិស័យនេះ ហើយអ្វីដែលកាន់តែសំខាន់នោះ គឺយើងចង់ឲ្យផ្នែកឧស្សាហកម្ម  ទេសចណ៍ និងជីវភាពរបស់ប្រជាពលរដ្ឋ ទទួលបាននូវថាមពលអគ្គិសនីមួយ លក្ខណៈគ្រប់គ្រាន់ មានស្ថិរភាពកាន់តែប្រសើល ហើយតម្លៃធ្លាក់ចុះ៕