(ព្រុចសែល)៖ គ្រាប់បែកមួយគ្រាប់ ត្រូវបានបំផ្ទុះឡើងនៅក្បែរវិទ្យាស្ថាននៃឧក្រិដ្ឋកម្ម របស់ស្ថាប័ន ប៉ូលិសទីក្រុងព្រុចសែល ប្រទេសប៊ែលហ្ស៊ិក នៅវេលាម៉ោង ០២៖៣០នាទីទៀបភ្លឺថ្ងៃចន្ទនេះ មិនទាន់ត្រូវបានចាត់ចូលទៅក្នុងអំពើភេរវកម្មនៅឡើយទេ។ នេះបើតាមការចេញផ្សាយនៅមុននេះ បន្តិច ដោយសារព័ត៌មាន BBC នៅថ្ងៃចន្ទ ទី២៩ ខែសីហា ឆ្នាំ២០១៦។

តាមការអះអាងរបស់ប៉ូលីស រថយន្តមួយគ្រឿងបាន មកចតនៅក្បែរទីតាំងខាងលើនេះ ហើយជនសង្ស័យទំនងជាមានគ្នាលើសពីម្នាក់ បានបោះគ្រាប់បែកឲ្យផ្ទុះ នៅក្បែរទីកន្លែងត្រួតពិនិត្យ របស់អគារវិទ្យាស្ថានខាងលើនេះតែម្តង។ ភ្លាមៗបែបនេះ ប៉ូលិសប៊ែលហ្ស៊ិកមិនទាន់ហ៊ានអះអាងថា វាជាអំពើភេរវកម្មឬក៏យ៉ាងណានោះឡើយ ដោយប៉ូលីសកំពុងធ្វើការស៊ើបអង្កេតជាបន្តទៀត ខណៈដែលការព្រមានពីសន្តិសុខក្នុងទីក្រុង ក៏អាចនឹងធ្វើឡើងក្នុងពេលឆាប់ៗខាងមុខនេះដែរ។

គួរបញ្ជាក់ថា ទីក្រុងព្រុចសែលរបស់ប្រទេសប៊ែលហ្ស៊ិក ត្រូវបានបង្កើនកម្រិតប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច លើផ្នែកសន្តិសុខ បន្ទាប់ពីការបំផ្ទុះគ្រាប់បែកក្នុងព្រលានយន្តហោះ និង ស្ថានីយ៍រថភ្លើងក្រោមដី ដោយបណ្តាញ ក្រុមរដ្ឋអ៉ីស្លាម ISIS កាលពីខែមីនា ដែលបានសម្លាប់មនុស្ស ៣២នាក់នោះរួចមក៕