(កំពត)៖ កម្លាំងនគរបាលក្រុងកំពត ឃាត់ខ្លួន ជនសង្ស័យម្នាក់ ក្រោយពីប៉ុនប៉ងរំលោភសេពសន្ទវៈ លើនារីរងគ្រោះ នៅម៉ោង៣ទាបភ្លឺ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ ក្នុងបន្ទប់ជួល ចំណុចក្រោយហាងខារ៉ាអូខេ «ខូល» ក្នុងភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត។

មន្ត្រីនគរបាលក្រុង បានប្រាប់ឲ្យដឹងថា ជនសង្ស័យ ឈ្មោះជីវ សុខលាង អាយុ២៥ឆ្នាំ រស់នៅភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត រីឯនារីរងគ្រោះ ឈ្មោះ ផ.ស.ន អាយុ១៧ឆ្នាំ រស់នៅភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត។

មន្ដ្រីនគរបាលដដែល បញ្ជាក់ថា មុនកើតហេតុ ជនសង្ស័យខាងលើ នឹងសង្សារបស់នារីរងគ្រោះ ឈ្មោះ ណូ លីណារិទ្ធ បានជក់ថ្នាំញៀន នៅបន្ទប់ជួលខាងក្រោយខារ៉ាអូខេ «ខូល» ហើយជន សង្ស័យបានស្នាក់នៅក្នុងបន្ទប់ហ្នឹងដែរក្រោយជក់ថ្នាំញៀន។ លុះពេលដែលនារីរងគ្រោះដេកលក់បានសើយសំពត់ ពេលនោះជនរងគ្រោះបានភ្ញាក់ រួចបានច្រានជនសង្ស័យចេញ។

ក្រោយពេលកើតហេតុ នារីរងគ្រោះ បានប្តឹងកម្លាំងនគរបាល មកដល់ឃាត់ខ្លួននាំយកទៅសាកសួរនាំ នៅអធិការដ្ឋាននគរបាលក្រុងកំពត ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕