បាញ់ប្រហារគ្នាមួយ បានកើតឡើងនៅទីក្រុងរបស់ជប៉ុន បណ្តាលឲ្យមនុស្សស្លាប់ និងរបួស ០៤នាក់
29-08-2016 12:17
(តូក្យូ)៖ បុរសម្នាក់បានស្លាប់ និងបីនាក់ផ្សេងទៀតរងរបួស បន្ទាប់ពីការមានការបាញ់ប្រហារគ្នា នៅក្នុងការដ្ឋានសំណង់មួយកន្លែង ស្ថិតនៅក្នុងទីក្រុង Wakayama នៃភាគខាងលិចប្រទេសជប៉ុន នៅព្រឹកថ្ងៃចន្ទនេះ។ នេះបើតាមការចេញផ្សាយ នៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នារសៀលថ្ងៃចន្ទ ទី២៩ ខែសីហា ឆ្នាំ២០១៦។
ខ្មាន់កាំភ្លើងត្រូវបានប៉ូលិសជប៉ុន អះអាងថា មានអាយុចន្លោះពី ៤០ ទៅ៦០ឆ្នាំ ដែលសាក្សីនៅហ្នឹង កន្លែងកើតហេតុបានប្រាប់ប៉ូលិសថា គេបានឃើញបុរសម្នាក់ ទាញកាំភ្លើងចេញពី ក្នុងកាបូបរបស់ខ្លួន ហើយបានបាញ់រះទៅលើ ជនរងគ្រោះទាំង ០៤នាក់ខាងលើនេះតែម្តង បណ្តាលឲ្យម្នាក់ស្លាប់ និង បីនាក់ទៀតរងរបួស ហើយជនសង្ស័យក៏បានរត់គេចខ្លួន បាត់ស្រមោលតែម្តង។
មកដល់ពេលនេះ ប៉ូលិសជប៉ុន បានចេញសេចក្តីព្រមានចំពោះប្រជាជនទាំងអស់ នៅក្នុងទីក្រុង Wakayama ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ខណៈការស៊ើបអង្កេតរកជនដៃដល់ កំពុងតែបន្តធ្វើឡើង៕