(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្តែងការសរសើរចំពោះសមត្ថភាព និងទេពកោសល្យរបស់ បេក្ខនារី ចន ដាវណ្ណ អាយុ២៣ឆ្នាំ មកពីខេត្តកំពង់ស្ពឺ​ ប្រឡងក្នុងកម្មវិធី «Cambodian Idol រដូវកាលទី២» ដែលបានចាក់ផ្សាយកាលពីរាត្រីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៦ នៅលើកញ្ចក់ទូរទស្សន៍ហង្សមាស។

សម្តេចតេជោ ហ៊ុន សែនបានបង្ហាញឲ្យដឹងនៅលើ Facebook Page ផ្លូវការសម្តេចថា «មិននឹកស្មានថាក្មួយស្រីមានសមត្ថភាព និងទេព្យកោសល្យបែបនេះ ដែលអុំប្រុសអុំស្រីសុំកោតសរសើរ ដោយស្មោះ»

បេក្ខនារី ចន ដាវណ្ណ មកពីខេត្តកំពង់ស្ពឺ បានបញ្ចេញសមត្ថភាពរបស់ខ្លួន នៅចំពោះគណៈកម្មការទាំង៤ ក្នុងការប្រឡងកម្មវិធី «Cambodian Idol រដូវកាលទី២»។ យុវតីរូបនេះ បានសម្តែងសមត្ថភាពច្រៀងចំរៀងមួយបទ មានចំណងជើងថា «វណ្ណៈសង្គម» ជាប្រភេទបទមនោសញ្ចេតនា កំសត់។ អ្វីដែលពិសេសជាងនេះ គឺបេក្ខនារី ចន ដាវណ្ណ មានសមត្ថភាពអាចស្មូមបានយ៉ាងពិរោះ​ និងមានសមត្ថភាពនិយាយធ្វើឲ្យមានភាពទាក់ទាញ និងបានបង្កើនបរិយាកាស នៅក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោកមួយនេះ កាន់តែសប្បាយរីករាយថែមមួយកំរិតទៀត។

កញ្ញា ឱក សុគន្ធកញ្ញា និងលោក ឆន សុវណ្ណរាជ ដែលបង្កើតបរិយាកាសដ៏សប្បាយរីករាយនេះឡើង។

សម្តេចតេជោ ក៏បានអរគុណលោក អ៉ឹង ឆៃងួន អគ្គនាយកទូរទស្សន៍ហង្សមាស ដែលផ្តល់សិទ្ធផ្សាយកម្មវិធីនេះ នៅលើ Facebook Page ផ្លូវការរបស់សម្តេចតេជោផងដែរ។

គួរបញ្ជាក់ថា ទូរទស្សន៍ហង្សមាស បានរៀបចំឲ្យមានការប្រកួតក្នុងកម្មវិធី «Cambodian Idol» ម្តងរួចមកហើយ នៅរដូវកាលទី១ កាលនោះ ម្ចាស់ជ័យលាភី នៅក្នុងកម្មវិធីនោះ គឺលោក នី រតនា ជាអ្នកខេត្តកំពង់ធំ ហើយការរៀបចំលើកនេះ ឈានដល់រដូវកាលទី២ ហើយ។ កាលពីរាត្រីយប់មិញនេះ ក៏ជាការចាក់ផ្សាយ កម្មវិធី «Cambodian Idol» រដូវកាលទី២ វគ្គជម្រុះបេក្ខជនដំបូងផងដែរ ដើម្បីស្វែងរកបេក្ខជនដែលអាចឈាន ដល់ការប្រលងនៅវគ្គក្រោយៗទៀត៕

Advertising