(កណ្តាល)៖ ផ្ទះប្រជាពលរដ្ឋដែលស្ថិតនៅតាមដងទន្លេ ក្នុងស្រុកកោះធំ ខេត្តកណ្តាល ពោលគឺស្ថិតនៅកោះធំ (ក) តែងតែទទួលគំរាមកំហែង ពីទឹកជំនន់ដែលហក់ឡើងខ្លាំង នារដូវវស្សា ប៉ុន្តែគ្រោះធម្មជាតិមួយនេះ មិនទាន់បានដោះស្រាយពី សំណាក់អាជ្ញាធរពាក់ព័ន្ធនោះឡើយ ហើយផ្ទះជាច្រើនខ្នង ជារៀងរាល់ឆ្នាំត្រូវបានរុះរើចេញ។

ជាក់ស្តែងនៅពេលនេះ ផ្ទះប្រជាពលរដ្ឋមួយខ្នង ដែលជាអតីតយុទ្ធជននោះ បាននិងកំពុងគំរាមកំហែងធ្លាក់ ចូលទឹកទន្លេដោយសារតែបាក់ច្រាំង ប៉ុន្តែការដោះស្រាយបញ្ហានេះ អធិការនគរបាល ស្រុកកោះធំ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា លោក ឈឿន ប៊ុនឆន បានផ្តល់ថវិកាមួយចំនួន ដើម្បីយកទៅទិញដីមួយកន្លែង នៅទីតាំងថ្មី ប្រគល់ជូនជនរងគ្រោះ សម្រាប់ការតាំងលំនៅដ្ឋានថ្មី ដែលធ្វើឲ្យពលរដ្ឋដែលរងគ្រោះនេះ បានត្រេតអរយ៉ាងខ្លាំង ស្ទើរតែហូរទឹកភ្នែក។

នៅថ្ងៃម្សិលមិញ លោកវរសេនីយ៍ត្រី ឈឿន ប៊ុនឆន ប្រធានសមាគមអតីតយុទ្ធជនស្រុកកោះធំ  បានដឹកនាំសហការីចុះសួរសុខទុក្ខ និងចែកអំណោយជូនគ្រួសារ អតីតយុទ្ធជន និង សមាជិកអតីតយុទ្ធជន ចំនួនពីរគ្រួសារក្នុងឃុំចំនួន ០២ គឺឃុំកោះធំ(ក) និងឃុំជ្រោយតាកែវ ព្រមទាំងសន្យាធ្វើការដោះស្រាយ បញ្ហាជូនតាមលទ្ធភាពដែលមាន។

មុនដំបូងលោក ឈឿន ប៊ុនឆន និងក្រុមការងារ បានចុះសួរសុខទុកគ្រួសារ ស.អ.ក ឈ្មោះ វង្ស សួន  រស់នៅភូមិក្បាលកោះថ្មី ឃុំកោះធំ(ក) និងបានយកប័ណ្ណកម្មសិទ្ធិ គ្រប់គ្រងដីមួយកន្លែង ដែលប្រធាន ស.អ.ក ស្រុកកោះធំ បានទិញផ្តាច់ប្រគល់ជូនគ្រួសារ អតីតយុទ្ធជនរូបនេះ។

ដោយសារតែដីពួកគាត់រស់នៅ សព្វថ្ងៃនេះអាចនឹង បាក់ស្រុតចូលទន្លេ ក្នុងពេលឆាប់ៗខាងមុខ ហើយជីវភាពរបស់ពួកគាត់ គឺរកព្រឹកខ្វះល្ងាច និងជាសំណូមពរពីគ្រួសារ ស.អ.ក ផ្ទាល់ផងនោះ ទើបថ្ងៃនេះប្រធាន ស.អ.ក ស្រុកកោះធំ បានសំរេចចិត្តយកថវិកាផ្ទាល់ខ្លួន ទិញដីមួយកន្លែងជូនពួគាត់ (ដីមានទំហំ 5.5 ម គុណ 25 ម) ប្រភេទដីលំនៅដ្ឋាន។

បន្ទាប់មកលោកប្រធាន បានបន្តចុះសួរសុខទុក្ខ ស.អ.ក ឈ្មោះ ឌី ឆាំ ភេទ ប្រុស អាយុ ៥៧ រស់នៅក្នងភូមិព្រែកតាទៀង ឃុំជ្រោយតាកែវ មានជម្ងឺប្រចាំកាយធ្ងន់ធ្ងរ ដោយនាំជាមួយនឹងសម្ភារដូចជា៖ អង្ករ ២ បាវ ១០០ គីឡូក្រាម , មីថៃ ០២ កេះ , ទឹកត្រី ០១ យួរ , ទឹកសីុអីវ ០១ យួរ និងថវិកា ១០០.០០០,០០ រៀល។

នៅចំពោះមុខពលរដ្ឋទាំង២គ្រួសារនេះ លោក ប្រធាន ស.អ.ក ស្រុកកោះធំ ក៏បានពន្យល់ប្រាប់អំពីការយកចិត្តទុកដាក់ និងការប្តេជ្ញាកំណែទំរង់ ធ្វើឲ្យប្រសើរឡើងនៃជីវភាព របស់បងប្អូនអតីតយុទ្ធជន របស់ប្រធាន ស.អ.ក ជាតិគឺសម្តេចតេជោ ហ៊ុន សែន និងអគ្គលេខា ស.អ.ក នាយឧត្តមសេនីយ៍ គន់ គីម។

លោកប្រធាន ស.អ.ក ស្រុកកោះធំ ក៏បន្តថា កន្លងមកគឺមន្ត្រីថ្នាក់ក្រោមបានបង្កើត ការខ្វះចន្លោះជាច្រើនចំពោះ អតីតយុទ្ធកម្ពុជា តែពេលនេះគឺជាការបើកសករាជថ្មី ដោយមានសម្តេចតេជា ហ៊ុន សែន ជាប្រធាន និងមានអគ្គលេខា ដែលសេនាធិការដ៏សកម្មគឺ នាយឧត្តមសេនីយ៍ គន់ គីម ។

ដូចនេះក្នុងនាមប្រធាន ស.អ.ក ស្រុកកោះធំ លោកក៏ត្រៀមរងចាំស្តាប់សំណូមពរ អតីតយុទ្ធយើង និងប្រឹងប្រែងដោះស្រាយ អោយអស់លទ្ធភាពដែលមាន៕