(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៩ ខែសីហានេះ កម្មករ-កម្មការិនីរាប់រយនាក់ របស់រោងចក្រផលិតសម្លៀកបំពាក់ ជុងហេ នីតវៀរអេហ្វធីវ៉ាយ បានប្រមូលផ្តុំគ្នាតវ៉ានៅមុខរោងចក្រ បិទផ្លូវជាតិលេខ២ ដើម្បីទាមទារឲ្យរោងចក្រ និងស្ថាប័នពាក់ព័ន្ធជួយដោះស្រាយទូទាត់ប្រាក់ ពួកគេ។

កម្មករ-កម្មការិនីទាំងនោះ បាននាំគ្នាស្រែកតវ៉ា និងលើកបដាផងដែរ។ នៅលើបដាបានសរសេរថា «សូមឲ្យថៅកែដោះស្រាយ តាមផ្លូវច្បាប់ ស្តីពីការងារ ១-ទូទាត់ប្រាក់ជូនដំណឹង, ២-ទូទាត់ប្រាក់បណ្តេញចេញ, ៣-ទូទាត់ប្រាក់សោហ៊ុយជំងឺចិត្ត, ៤-ប្រាក់បំណាច់ឆ្នាំ, ៥-ប្រាក់ខែចុងក្រោយ, ៦-សងប្រាក់ ៥០ភាគរយដល់កម្មករ ៤៣នាក់ ដែលបានព្រមព្រៀងជាមួយក្រុមប្រឹក្សា អាជ្ញាកណ្តាល»

សូមជម្រាបថា ពាក់ព័ន្ធបញ្ហានៅរោងចក្រខាងលើនេះ ក្រសួងការងារបានសម្រេចដាក់លក់ឡៃឡុង សម្ភារៈក្នុងរោងចក្រនេះដើម្បីបើក ប្រាក់ឲ្យកម្មករ ប៉ុន្តែកម្មករមិនព្រមនោះទេ ដោយសារពួកគាត់ យល់ថា ប្រាក់ដែលលក់ឡៃឡុងនោះ មិនអាចសងពួកគាត់គ្រប់ឡើយ៕