(សៀមរាប)៖ សាកលវិទ្យាល័យបញ្ញាសាស្ត្រសៀមរាប គឺជាសាកលវិទ្យាល័យទី៥ ដែលទទួលបានការផ្សព្វផ្សាយអំពីកម្មវិធីអប់រំបេតិកភណ្ឌអង្គរ «បេតិកភណ្ឌដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីបេតិកភណ្ឌ» ដែលរៀបចំដោយអាជ្ញាធរជាតិអប្សរាកាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦កន្លងទៅនេះ។

កម្មវិធីនេះបង្កើតឡើងដើម្បីឱ្យនិសិ្សតបានយល់ដឹងពីបេតិកភណ្ឌជាតិ និងពិភពលោក ការអភិរក្សជួសជុលប្រាង្គប្រាសាទ ការគ្រប់គ្រងទេសចរណ៍ ក្នុងតំបន់អង្គរ ក្រមប្រតិបត្តិអង្គរ ពិសេសគឺភារកិច្ចនិងតួនាទីសំខាន់ៗរបស់អាជ្ញាធរជាតិអប្សរាចំពោះបេតិកភណ្ឌនៅក្នុងខេត្តសៀមរាប តាមរយៈបទបង្ហាញរបស់អ្នកជំនាញអាជ្ញាធរជាតិអប្សរា។

ពិធីនេះបានការអញ្ជើញចូលរួមពីលោកសុខ សង្វារ អគ្គនាយករងទទួលបន្ទុកនាយកដ្ឋានអភិវឌ្ឍន៍​ និងគ្រប់គ្រងទេសចរណ៍អង្គរ នៃអាជ្ញាធរជាតិអប្សរា លោក សុខ ដានី អនុប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តសៀមរាប លោក ថាន់ គារ៉ា នាយកសាកលវិទ្យាល័យបញ្ញាសាស្រ្តសាខាសៀមរាប រួមទាំងនិស្សិតជាច្រើននាក់ទៀត មកចូលរួមស្តាប់ផងដែរ។

លោក ថាន់ គារ៉ា បានសម្តែងចំណាប់អារម្មណ៍ថា តាមរយៈកម្មវិធីនេះ នឹងធ្វើឱ្យនិស្សិតទទួលបានចំណេះដឹងច្បាស់លាស់មួយ អំពីបេតិកភណ្ឌដែលគ្រប់គ្នាត្រូវដឹង ព្រោះយើងជាកូនខ្មែរ ដែលនៅលើទឹកដីខ្មែរមានប្រាង្គប្រាសាទជាច្រើន រួមទាំងទំនៀមទម្លាប់ប្រពៃណីរាប់មិនអស់ ជាអត្តសញ្ញាណជាតិ ដែលយើងត្រូវចូលរួមអភិរក្ស ថែរក្សា ការពារឱ្យបានគង់វង្សតពីមនុស្សចាស់។ លោកក៏សូមអរគុណដល់អាជ្ញាធរជាតិអប្សរា ដែលបានបង្កើតកម្មវិធីនេះឡើង ហើយបានយកសាលាបញ្ញាសាស្រ្ត ជាគោលដៅក្នុងការអប់រំបេតិកភណ្ឌអង្គរនេះ។

លោក សុខ ដានី ក៏បានលើកឡើងដែរថា តាមការសង្កេតមើលជាក់ស្តែង សិស្សនិស្សិតទាំងអស់ ហាក់ព្រងើយកន្តើយនិងមានការយល់ដឹងតិចតួច ពីប្រវត្តិសាស្ត្រនិងមរតកវប្បធម៌ ដូនតារបស់ខ្លួន ដែលនេះជារឿងមួយគ្រោះថ្នាក់បំផុតទៅអនាគត។ លោកក៏បានក្រើនរំឭកដល់និស្សិតទាំងអស់ តោងយកចិត្តទុកដាក់នឹងប្រវត្តិសាស្ត្រ និងរៀនឱ្យចេះគ្រប់តាមចតុស្តម្ភ នៃការសិក្សាទើបអាចជួយខ្លួនឯង សង្គមជាតិ គ្រួសារ និងបេតិកភណ្ឌបាន។

បន្ថែមពីនោះ លោក សុខសង្វារ ក៏មានមតិដែរថា ការការពារបេតិកភណ្ឌ មិនមែនជាភារកិច្ចរបស់ស្ថាប័នអាជ្ញាធរជាតិអប្សរា តែឯងនោះទេ គឺទាមទារឱ្យមានការចូលរួម ជាចាំបាច់ពីមហាជនខ្មែរ ពិសេសគឺយុវជន ព្រោះបេតិកភណ្ឌបានបម្រើផលប្រយោជន៍ ដល់ជនរួមជាតិទាំងអស់គ្នា ដូច្នេះជនរួមជាតិក៏ត្រូវមានភារកិច្ចតបស្នង ដល់បេតិកភណ្ឌវិញដែរ។

លោកបានបន្តទៀតថា ការអបអរនិងឈ្វេងយល់ពីវប្បធម៌បរទេស របស់យុវជន ជាការបង្កើនចំណេះដឹងមួយ មិនមែនជាកំហុសឆ្គងអ្វីទេ តែការបំភ្លេចវប្បធម៌ខ្លួនឯង គឺជាកំហុសឆ្គងដ៏ធ្ងន់ធ្ងរ។ យើងត្រូវស្គាល់ខ្លួនឯងជាអ្នកណា មកពីណា មានអ្វីខ្លះដើម្បីអួតដល់ពិភពលោក ឱ្យបានស្គាល់ពីយើងហើយយើងត្រូវតបស្នងអ្វីខ្លះដល់ដូនតា ដែលខំទុកកេរ្តិ៍មរតកឱ្យយើង។ ដូច្នេះសូមឱ្យយុវជនទាំងអស់ ចូលរួមចំណែកជាមួយអាជ្ញាធរជាតិអប្សរា ដើម្បីថែរក្សា ការពារបេតិកភណ្ឌក្នុងតំបន់អង្គរឱ្យគង់វង្ស ជាពិសេសគោរពតាមក្រមប្រតិបត្តិអង្គរឱ្យបានខ្ជាប់ខ្ជួន៕