(កណ្តាល)៖ លោកវរសេនីយ៍ត្រី ឈឿន ប៊ុនឆន ប្រធានសមាគមអតីតយុទ្ធជនស្រុកកោះធំ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៦នេះ បានដឹកនាំសហការីចុះសួរសុខទុក្ខ និងចែកអំណោយជូនគ្រួសារអតីតយុទ្ធជន និង សមាជិកអតីតយុទ្ធជនចំនួនពីរគ្រួសារក្នុងឃុំចំនួន ០២ គឺឃុំកោះធំ(ក) និងឃុំជ្រោយតាកែវ ព្រមទាំងសន្យាធ្វើការដោះស្រាយបញ្ហា​ ជូនតាមលទ្ធភាពដែលមាន។

មុនដំបូងលោក ឈឿន ប៊ុនឆន និងក្រុមការងារ បានចុះសួរសុខទុកគ្រួសារ ស.អ.ក ឈ្មោះ វង្ស សួន រស់នៅភូមិក្បាលកោះថ្មី ឃុំកោះធំ (ក) និងបានយកប័ណ្ណកម្មសិទ្ធិគ្រប់គ្រង ដីមួយកន្លែងដែលប្រធាន ស.អ.ក ស្រុកកោះធំ បានទិញផ្តាច់ប្រគល់ជូនគ្រួសារអតីតយុទ្ធជនរូបនេះ។

ដោយសារតែដីពួកគាត់រស់នៅសព្វថ្ងៃនេះអាចនឹងបាក់ស្រុតចូលទន្លេក្នុងពេលឆាប់ៗខាងមុខ ហើយជីវភាពរបស់ពួកគាត់ គឺរកព្រឹកខ្វះល្ងាច និងជាសំណូមពរពីគ្រួសារ ស.អ.ក ផ្ទាល់ផងនោះ ទើបថ្ងៃនេះប្រធាន ស.អ.ក ស្រុកកោះធំ បានសំរេចចិត្តយកថវិកាផ្ទាល់ខ្លួនទិញដីមួយកន្លែងជូនពួគាត់ (ដីមានទំហំ 5.5 ម គុណ 25 ម) ប្រភេទដីលំនៅដ្ឋាន។

បន្ទាប់មកលោកប្រធាន បានបន្តចុះសួរសុខទុក្ខ ស.អ.ក ឈ្មោះ ឌី ឆាំ ភេទ ប្រុស អាយុ ៥៧ រស់នៅក្នងភូមិព្រែកតាទៀង ឃុំជ្រោយតាកែវ មានជម្ងឺប្រចាំកាយធ្ងន់ធ្ងរ ដោយនាំជាមួយនឹងសម្ភារដូចជា៖ អង្ករ ២ បាវ ១០០ គីឡូក្រាម , មីថៃ ០២ កេះ , ទឹកត្រី ០១ យួរ , ទឹកសីុអីវ ០១ យួរ និងថវិកា ១០០.០០០,០០ រៀល។

នៅចំពោះមុខពលរដ្ឋទាំង២គ្រួសារនេះ លោក ប្រធាន ស.អ.ក ស្រុកកោះធំ ក៏បានពន្យល់ប្រាប់អំពីការយកចិត្តទុកដាក់ និងការប្តេជ្ញាកំណែទំរង់ធ្វើឲ្យប្រសើរឡើងនៃជីវភាពរបស់បងប្អូនអតីតយុទ្ធជនរបស់ប្រធាន ស.អ.ក ជាតិគឺសម្តេចតេជោ ហ៊ុន សែន និងអគ្គលេខា ស.អ.ក នាយឧត្តមសេនីយ៍ គន់ គីម។

លោកប្រធាន ស.អ.ក ស្រុកកោះធំ ក៏បន្តថា កន្លងមកគឺមន្ត្រីថ្នាក់ក្រោមបានបង្កើតការខ្វះចន្លោះជាច្រើន ចំពោះអតីតយុទ្ធកម្ពុជា តែពេលនេះគឺជាការបើកសករាជថ្មី ដោយមានសម្តេចតេជា ហ៊ុន សែន ជាប្រធាន និងមានអគ្គលេខាដែលសេនាធិការដ៏សកម្មគឺ នាយឧត្តមសេនីយ៍ គន់ គីម ។

ដូចនេះក្នុងនាមប្រធាន ស.អ.ក ស្រុកកោះធំ លោកក៏ត្រៀមរងចាំស្តាប់សំណូមពរអតីតយុទ្ធយើង និងប្រឹងប្រែងដោះស្រាយ អោយអស់លទ្ធភាពដែលមាន៕