(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានថ្លែងថា ការទិញផលិតផលរបស់ប្រជាពលរដ្ឋមានសន្ទុះកើនឡើងបានខ្លាំង វាទាមទារឲ្យមានការចូលរួមគាំទ្រ​ ឲ្យបានខ្លាំងពីប្រជាពលរដ្ឋខ្មែរ។

លោក បាន សូរស័ក្តិ ថ្លែងដូច្នេះ នៅក្នុងពិធីសិក្ខាសាលាស្តីពីកិច្ចពិគ្រោះយោបល់រវាងអ្នកផ្គត់ផ្គង់ផលិតផលខ្មែរជាមួយអ្នកប្រើប្រាស់ និងអ្នកចែកចាយបន្ត នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៦កន្លងទៅនេះ។ សិក្ខាសាលានេះសហការរៀបចំឡើង ដោយក្រសួងពាណិជ្ជកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងទេសចរណ៍ និងក្រសួងឧស្សាហកម្ម និងសិប្បកម្មផងដែរ។

លោករដ្ឋមន្រ្តី បានថ្លែងថា ដើម្បីជំរុញការលក់ផលិតផលរបស់ខ្មែរនេះ ក្រសួងពាណិជ្ជកម្ម បានសម្រេចដាក់ឲ្យប្រើប្រាស់ជាផ្លូវនូវប្រព័ន្ធស្វ័យប្រវត្តិកម្ម សម្រាប់ការចុះបញ្ជីពាណិជ្ជកម្ម ការចេញវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ និងការស្វែងរកពាណិជ្ជនាមតាមប្រព័ន្ធអនឡាញ។ ក្រសួង ក៏កំពុងរៀបចំសេចក្តីព្រាងច្បាប់សំខាន់ៗមួយចំនួនទៀត រួមមាន៖ ច្បាប់ E-Commerce ច្បាប់ស្តីពីការប្រកួតប្រជែង ច្បាប់ស្តីពីការការពារអ្នកប្រើប្រាស់ និងច្បាប់ស្តីពីសុវត្ថិភាពចំណីអាហារ។ល។ ឲ្យបានចប់នាដំណាច់ឆ្នាំ២០១៦ និងក្នុងឆ្នាំបន្ទាប់ ដើម្បីផ្តល់លទ្ធភាពឲ្យវិស័យឯកជន កាន់តែមានភាពងាយស្រួលក្នុងការធ្វើពាណិជ្ជកម្ម។

លោក ប៉ាន សូរស័ក្តិ ក៏បានឲ្យដឹងដែរថា ក្រសួងបាណិជ្ជកម្ម ក៏កំពុងចរចាស្វែងរកទីផ្សារ នៅក្រៅប្រទេសបន្តទៀត ជាពិសេសបន្តស្វែងរកទីផ្សារឲ្យផលិតផលកសិកម្មកម្ពុជា តាមប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម ជាមួយដៃគូពាណិជ្ជកម្មអន្តរជាតិ ក្នុងតំបន់ និងលើពិភពលោក។

បើតាមលោករដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ដើម្បីជំរុញការលក់ទំនិញរបស់ខ្មែរ នាពេលកន្លងទៅក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជួបចរចាជាមួយចិន និងកូរ៉េ ហើយជាលទ្ធផល កម្ពុជា បានចុះអនុស្សារណៈយោគយល់គ្នាជាមួយប្រទេសចិន ស្តីពីការនាំចេញដំឡូងមី និងអង្ករទៅកាន់ប្រទេសចិន និងបានចុះពិធីសារ ស្តីពីការនាំចេញផ្លែស្វាយទៅកាន់ទីផ្សារ ប្រទេសកូរ៉េផងដែរ។

លោក ប៉ាន សូរស័ក្តិ បញ្ជាក់ថា ក្រសួងរបស់លោកនឹងបន្តប្រឹងប្រែងបន្ថែមទៀត ដើម្បីបើកច្រកទីផ្សារនៅលើពិភពលោកសម្រាប់ទំនិញកម្ពុជា។ «ក្រសួងពាណិជ្ជកម្ម នឹងខិតខំចរចាបើកច្រកទីផ្សារបន្ថែមទៀត ក្រោមក្របខណ្ឌភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយ (RCEP) ដើម្បីឲ្យទំនិញកម្ពុជា អាចជ្រៀតចូលទីផ្សារក្រៅប្រទេសកាន់តែធំទូលាយឡើង»

តែទោះជាយ៉ាងណា លោក ប៉ាន សូរស័ក្តិ បានយល់ឃើញថា ចរន្ត នៃការលក់ទំនិញរបស់ខ្មែរឲ្យមានសន្ទុះកាន់តែខ្លាំង ទាមទារជាចាំបាច់ឲ្យមានចលនាគាំទ្រពីសំណាក់ប្រជាពលរដ្ឋខ្មែរឲ្យបានខ្លាំងជាមុនសិន។ «នៅពេលដែលទំនិញខ្មែរ ត្រូវបានទទួលការគាំទ្រកាន់តែខ្លាំងពីសំណាក់ប្រជាពលរដ្ឋ កម្លាំងទិញ ក៏កាន់តែកើនឡើងដែរ។ នៅពេលកម្លាំងទិញកាន់តែខ្លាំង វានឹងជះឥទ្ធិពលជាវិជ្ជមានទៅបង្កើនកម្លាំងផ្គត់ផ្គង់ ធ្វើឲ្យវដ្តសេដ្ឋកិច្ចមានចលនា ដែលជាកម្លាំង និងជាសន្ទុះរីកចម្រើន នៃសេដ្ឋកិច្ចពិតប្រាកដ»