(ភ្នំពេញ)៖ យោងតាមដីកា និងសាលដីកាសម្រេចមិនឃុំខ្លួន​ របស់ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ និងសាលាឧទ្ធរណ៍លើបទល្មើសព្រហ្មទណ្ឌ រឿងក្លែងឯកសារសាធារណ: ដែលប្រព្រឹត្តនៅរាជធានីភ្នំពេញ មានជនជាប់ចោទឈ្មោះ ង៉ែត សំណាង​ ហៅ សី សុន ភេទប្រុស អាយុ៥៣ឆ្នាំ មានទីលំនៅផ្ទះលេខ៩៣ផ្លូវ៤៨២ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ជាហេតុធ្វើឲ្យជនល្មើស និងបក្ខពួកដែលបានរួមគំនិតគ្នា ក្លែងឯកសារមិនរាងចាលហើយព្យាយាមមើលងាយលើភាគីម្ខាងទៀត ជាដើមបណ្តឹង គឺស្រ្តីជាមេម៉ាយ។

ស្រ្តីរងគ្រោះ បានលើកឡើងថា «ខាងជនជាប់ចោទ បានមើលងាយខ្ញុំ ដូចសត្វធាតុដោយសារតុលាការសម្រេចសេចក្តី​ មិនយុត្តធម៌តាមច្បាប់ និងឯកសារបញ្ជាក់របស់នគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារដើមថ្កូវ និងរបាយការណ៍សំយោគរបស់នគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃឡើយ»

ទាក់ទិននិងការសម្រេចសេចក្តីខាងលើនេះស្រ្តីឈ្មោះ អីុវ ស្រុឺ អតីតភរិយាមិនបានចុះសំបុត្រអាពាហ៍ពិពាហ៍ជាមួយឈ្មោះ ង៉ែត សំណាង​ ហៅ សី សុន ប៉ុន្តែមានលិខិតបញ្ជាក់ទទួលដឹងឮ ការរស់នៅជាមួយគ្នាជាប្តីប្រពន្ធ និងសិទ្ធិកាន់កាប់ប្រើប្រាស់គ្រប់គ្រងដីឡូត៍ិលេខ៤៨ និងលេខ៩៣ ភូមិ៣ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ពីសំណាក់លោកមេភូមិ៣ លោកចៅសង្កាត់ផ្សារដើមថ្កូវ និងលោកអភិបាលខណ្ឌចំការមន ជាភស្តតាងច្បាស់លាស់បានដាក់ពាក្យសុំលេងលះគ្នា និងចែកទ្រព្យសម្បត្តិគ្នា ជាមួយអតីតប្តីឈ្មោះង៉ែត សំណាងហៅសី សុនរហូតត្រូវបានតុលាការសាលាដំបូងរាជធានីភ្នំពេញ ចេញសាលក្រមឲ្យអ្នកទាំងពីរធ្វើការបែងចែកទ្រព្យ រួមជាមួយគ្នាជាពីរចំណែកស្មើរៗគ្នា។

ប៉ុន្តែការសម្រេចរបស់តុលាការសាលាដំបូងឈ្មោះ ង៉ែត សំណាង ហៅ សី សុន ប្តឹងជំទាស់ទៅតុលាការសាលាឧទ្ធរណ៍ ហើយបានក្លែងឯកសារសៀភៅស្នាក់នៅបន្លំថា ខ្លួនមិនមែនជាប្តីប្រពន្ធជាមួយឈ្មោះ អីុវ ស្រឺុឡើយជាហេតុធ្វើឲ្យតុលាការសាលាឧទ្ធរណ៍ កាត់ក្តីមានការភ័ណ្ឌច្រឡំ ដោយសម្រេចលុបចោលសាលក្រម របស់សលាដំបូងរាជធានីភ្នំពេញ ក្នុងការបែងចែកទ្រព្យសម្បត្តិជូនឈ្មោះ អីុវ ស្រឺុ និងឈ្មោះ ង៉ែត សំណាង។

ករណីនេះវាជារឿងអយុត្តិធម៌ខ្លាំងណាស់ សម្រាប់ស្រ្តីឈ្មោះ​ អីុវ ស្រុឺ ទើបរូបគាត់បានពឹងពាក់មេធាវីរៀបចំឯកសារដាក់ប្តឹងឈ្មោះ សី សុន រឿងក្លែងឯកសារសាធារណ: តែត្រូវបានចៅក្រមនិងតំណាងអយ្យការសម្រេចមិនឃុំខ្លួនជនល្មើសឡើយ។

ស្រ្តីរងគ្រោះបានបន្តថា «បញ្ហានេះវាសបញ្ជាក់ថា តុលាការអនុវត្តនីតិវិធីមិនយុត្តិធម៌ជូនខ្ញុំនោះទេ ដូច្នេះ ដើម្បីផ្តល់យុត្តិធម៌ពិតប្រាកដជូនគូរភាគី»។

ជុំបញ្ហានេះ ក្រុមអ្នកច្បាប់ប្រចាំឲ្យអង្គការក្នុងស្រុកមួយសុំមិនបញ្ចេញឈ្មោះ ដែលស្រ្តីមេម៉ាយរូបនេះទៅពឹងពាក់នោះ បានស្នើសុំទៅក្រសួងយុត្តិធម៌ និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលកំពុងបង្កើតភាពស្និទ្ធិស្នាលជាមួយពលរដ្ឋសាមញ្ញ សូមមេត្តាជួយអន្តរាគន៍លើរឿងដ៏អយុត្តិធម៌ ខាងលើនេះជូនកូនចៅផង ដើម្បីបានស្មើរភាពគ្នា។

គួរបញ្ជាក់បន្ថែមថាឈ្មោះ អីុវ ស្រុឺ បានប្តឹងឈ្មោះ ង៉ែត សំណាង ហៅ សី សុន ទៅតុលាការសាលាដំបូងរាជធានីភ្នំពេញ ពីបទក្លែងឯកសារសារធារណ: ហើយត្រូវបានតំណាងអយ្យការអមសាលាដំបូរាជធានីភ្នំពេញ ចោទប្រកាន់ពីបទក្លែងឯកសារសារណ:ប្រព្រឹត្ត នៅរាជធានីភ្នំពេញ តែទាំងតំណាងអយ្យការគឺលោក កុល បុន ព្រះរាជអាជ្ញរងអមសាលាដំបូងរាជធានីភ្នំពេញ និងលោកចៅក្រមសើុបសួរ សាលាដំបូងរាជធានីភ្នំពេញ គឺ លោក ថាន់ ឡេង បានសម្រេចមិនឃុំខ្លួនជនត្រូវចោទ ក្នុងបទល្មើសក្លែងនេះឡើយ។

ដោយសារតែបញ្ហានេះហើយទើបស្រ្តីឈ្មោះ អីុវ ស្រឺិ បានប្តឹងប្តឹងជំទាស់ចំពោះការសម្រេចមិនឃុំខ្លួនឈ្មោះ សី សុន ដែលតុលាការរកឃើញថាមានបទល្មើសរួចហើយ ទៅសាលាឧទ្ធរណ៍។

តែជាលទ្ធផលគឺនៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦កន្លងទៅនេះ ចៅក្រមសាលាឧទ្ធរណ៍សម្រេចតម្កល់ដីកា សម្រេចមិនឃុំខ្លួន តាមតុលាការថ្នាក់ក្រោមដដែល ហើយថែមទាំងប្រើពាក្យសំដីការពារតុលាការ ដូចគ្នាទៀតផង។

ស្រ្តីមេម៉ាយ សង្ឃឹមថាក្រសួងយុត្តិធម៌និងសម្តេច ហ៊ុន សែន នឹងជួយដល់ ស្រ្តីឈ្មោះ អ៉ីវ ស្រឺុ ដែលមានកូនប្រុសស្រី៤នាក់សុទ្ធសឹងជាយុវជនគាំទ្ររាជរដ្ឋាភិបាល។

ភាគីពាក់ព័ន្ធបញ្ហាខាងលើនេះ អង្គភាព Fresh News មិនអាចសុំការបំភ្លឺបានឡើយពីភាគីម្ខាងទៀត។

សូមបញ្ជាក់ថាសំណុំរឿងបែងចែកទ្រព្រសម្បត្តិគ្នា​ ក្នុងគ្រួសារខាងលើបច្ចុប្បន្ន គូរភាគីកំពុងប្តឹងជំទាស់យ៉ាងចំរូងចំរាស់គ្នា ទៅតុលាការកំពូល ដើម្បីស្វែងរកយុត្តិធម៌រៀងៗខ្លួនក្នុងនោះដែរ ភាគីឈ្មោះអុីវ ស្រឺទទួលយកបានហើយការសម្រេចសេចក្តី កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៦ លើសំណុំរឿងចែកទ្រព្រទ្រព្យលើផ្ទះលេខ៤៨ ដែលតុលាការសាលាឧទ្ធរណ៍ និងតុលាការក្រុង សម្រេចឲ្យបែងចែកផ្ទះលេខ៤៨ ជាពីរចំណែកស្មើរៗគ្នាទៅឲ្យឈ្មោះ អុីវ ស្រឺុ និងឈ្មោះ ង៉ែត សំណាង។

មានន័យថាផ្ទះលេខ៤៨ ឈ្មោះ អុីវ ស្រុឺ ទទួលបានចំណែកតាមការទាមទារ ក្នុងពាក្យបណ្តឹងគឺឈ្នះក្តីពីរសាលាហើយ។ ប៉ុន្តែនៅសល់ផ្ទះលេខ៩៣មួយទៀត ដែលគូរភាគីកំពុងត្រៀមឯកសារប្រយុទ្ធគ្នា នៅតុលាការកំពូលជាថ្មីម្តងទៀត។ តែយ៉ាងណានោះ ស្រ្តីរងគ្រោះ មានសង្ឃឹមថាតុលាការកំពូលដែលមានចៅក្រម និងក្រុមប្រឹក្សាជនុំជម្រះចំនួន៩រូបប្រាកដ ជាផ្តល់យុត្តិធម៌ជូនគូភាគីជៀសវៀង រងការចោទប្រកាន់ថាកាត់ក្តីមានភាពអយុត្តិធម៌តទៅទៀត៕