(ព្រះសីហនុ)៖ បញ្ហាសន្តិសុខ សុវត្ថិភាពលើផ្ទៃសមុទ្រគឺជារឿងសំខាន់ដែលមិនត្រឹមតែប្រទេសកម្ពុជាតែមួយប៉ុណ្ណោះទេ តែគ្រប់ប្រទេស ទាំងអស់លើពិភពលោកតែងបារម្មណ៍ពីបញ្ហានេះ ។ យោងតាមប្រសាសន៍របស់លោកឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរង កងទ័ពជើងទឹក មេបញ្ជាការ ទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្របានថ្លែងអោយដឹងថា បញ្ហាសន្តិសុខ សុវត្ថិភាព លើផ្ទៃសមុទ្រ សំដៅធានាដល់ការធ្វើចរាចរនាវា រក្សាផលប្រយោជន៍សេដ្ឋកិច្ច ធនធានធម្មជាតិ បរិស្ថាន ជួយសង្រ្គោះ គ្រោះមហន្តរាយ ទប់ស្កាត់ការឆ្លងដែនខុសច្បាប់ ការនេសាទខុសច្បាប់ ការរត់ពន្ធខុសច្បាប់ ការជួញដូរមនុស្ស គ្រឿងញៀន ការជួញដូរអាវុធ ចោរសមុទ្រ អំពើភេរវកម្ម និងបទល្មើសផ្សេងៗ ។

ថ្វីត្បិតតែផ្ទៃសមុទ្រព្រះរាជាណាចក្រកម្ពុជា សភាពការណ៍គំរាមគំហែងដូចបានរៀបរាប់ខាងលើ មានកំរិតតិចតួចក៏ពិតមែន ប៉ុន្តែវាក៏នឹងអាចរីករាលដាលធំឡើង ប្រសិនបើយើងមិនបានទប់ស្កាត់ជាមុននោះ។ ផ្តើមចេញពីបញ្ហានេះទើបអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បានឯកភាពសម្រេចបង្កើត ស្នាក់ការសង្កេតការណ៍កោះសេះដែលមានទីតាំងស្ថិតនៅកណ្តាលផ្ទៃសមុទ្រ ក្នុងខេត្តកំពត សំរាប់ផ្តល់ព័ត៌មានទៅអោយ ទីបញ្ជាការជួរមុខ ដើម្បីមានវិធានការណ៍ ទប់ស្កាត់អោយទាន់ពេលវេលា ដោយក្នុងនោះក៏មានការសហការជាមួយ ស្ថាប័នជាតិ អន្តរជាតិ ជាពិសេសប្រទេសអូស្រ្តាលី និងសហរដ្ឋអាមេរិក ដែលជារឿយៗ តែងតែយកចិត្តទុកដាក់បំពាក់ សម្ភារៈតាមបណ្តាស្នាក់ការ និងមធ្យោបាយធ្វើដំណើរ ហើយជាពិសេសជួយបណ្តុះបណ្តាលជំនាញដល់មន្រ្តីទីបញ្ជាការ ជួរមុខផងដែរ។

លោកឧត្តមនាវីឯក ទៀ សុខា បានអោយដឹងថា ស្នាក់ការសង្កេតការណ៍ កោះសេះ បានចាប់ផ្តើមបញ្ចុះបឋមសិលានៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៤ និងបានបញ្ចប់រួចរាល់ ជាស្ថាពរនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ ដោយចំណាយពេលអស់២២ខែ និងថវិការអស់ចំនួន ៣៥,៩៧៣ដុល្លា។

លោកនាយឧត្តមនាវី ទៀ វិញ មេបញ្ជាការកងទ័ពជើងទឹក និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ដែលបានអញ្ជើញ ចូលរួមសម្ពោធដាក់អោយប្រើប្រាស់អាគារស្នាក់ការសង្កេតការណ៍កោះសេះនៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៦នេះ ក៏បានថ្លែងបញ្ជាក់ថា ស្នាក់ការសង្កេតការណ៍ គឺមាននាទីតែដើម្បីក្តាប់ព័ត៌មាន ហើយផ្តល់ព័ត៌មានទាំងនោះ ទៅអោយ ថ្នាក់ដឹកនាំអោយបានទាន់ពេលវេលាតែប៉ុណ្ណោះ ។

លោកនាយឧត្តមនាវី ទៀ វិញ ក៏បានបញ្ជាក់បន្ថែមទៀតថា នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៦ នឹងបន្តដំណើរទៅកោះរ៉ុង ដើម្បីបញ្ជុះបឋមសីលា កសាង ស្នាក់ការថ្មីមួយទៀត បន្ទាប់ពីស្នាក់ការឡាំដាំក្នុងខេត្តកោះកុង ស្នាក់ការកោះតាង ក្នុងខេត្តព្រះសីហនុ និងស្នាក់ការកោះសេះ ស្ថិតក្នុងខេត្តកំពត ត្រូវបានកសាងរួច​ និងសម្ពោធដាក់អោយប្រើប្រាស់រួចរាល់ហើយនោះ៕