(កណ្តាល)៖ លោកស្រី ពេជ ចន្ទមុន្នី ភរិយាលោក ហ៊ុន ម៉ាណែត តំណាងសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅថ្ងៃទី២៧ ខែសីហានេះ បានរួមដំណើរជាមួយក្រុមការងារ ប្រគល់អណ្តូងទឹកស្អាតចំនួន១០ ជូនដល់ប្រជាពលរដ្ឋ អាស្រ័យផលនៅក្នុងឃុំចំនួន២ គឺឃុំត្បែង និងឃុំត្រពាំងវែង ស្រុកកណ្កាលស្ទឹង ខេត្តកណ្តាល។

ក្នុងឱកាសជួបសំណេះសំណាលសួរសុខទុក្ខ ជាមួយប្រជាពលរដ្ឋ ដែលទទួលអាស្រ័យផលអណ្តូងទឹកស្អាតទាំងអស់នេះ លោកស្រី ពេជ ចន្ទមុន្នី ប្រធានមូលនិធិអណ្តូងទឹកស្អាត បានថ្លែងថា អំណោយអណ្តូងទឹកទាំងនេះ ជាអំណោយកេរ្ដិ៍មរតករបស់ អ្នក​ឧកញ៉ាមហាភក្តី​​សប្បុរិសភោគាធិបតី​ ហ៊ុន នាង និងមហាឧបាសិកា ឌី ប៉ុក ដែលត្រូវជាឪពុកម្តាយបង្កើត សម្តេចតេជោ ហ៊ុន សែន ដែលគាត់ទទួលអនិច្ចកម្មទៅហើយនោះ។ តែនៅពេលដែលលោកនៅមានជីវិត ចូលចិត្តធ្វើបុណ្យសន្សំកុសល តែងតែគិតគូរ ពីទុក្ខលំបាករបស់ប្រជាពលរដ្ឋ ដែលរស់នៅតាមទីជនបទ ពិសេសការខ្វះខាតទឹកប្រើប្រាស់នេះតែម្ដង។

លោកស្រី ពេជ ចន្ទមុន្នី បានរំលឹកថា កាលអ្នក​ឧកញ៉ាមហាភក្តី​​សប្បុរិសភោគាធិបតី​ ហ៊ុន នាង នៅមានជីវិត លោកមានចិត្តសប្បុរសធម៌ បរិច្ចាគទ្រព្យធនផ្ទាល់ខ្លួនជាច្រើន ក្នុងវិស័យមនុស្សធម៌ ដូចជាការកសាងសាលារៀន វត្តអារ៉ាម របង និងទ្រព្យសម្បត្តិសាធារណៈជាច្រើនទៀត។ ដូច្នេះហើយនៅពេលដែលលោកលាចាកលោកទៅ ទើបកូនចៅ បានយកថវិកា ដែលនៅសេសសល់ មកធ្វើជាមូលនិធិអណ្តូងទឹកស្អាត ដាក់ជូនប្រជាពលរដ្ឋប្រើប្រាស់ នៅគ្រប់ខេត្តក្រុងទាំងអស់។

សូមជម្រាបថា សព្វថ្ងៃនេះ មូលនិធិអណ្តូងទឹកស្អាត បានសង់ជូនប្រជាពលរដ្ឋបានជាង ៣០០អណ្តូងហើយ រួមទាំងអណ្តូងដែលបានដាក់ឲ្យប្រើប្រាស់ ជាផ្លូវការណ៍ជាង២០០អណ្តូង។ ប្រជាពលរដ្ឋ ដែលបានចូលរួមក្នុងពិធីនេះ និងអ្នកទទួលអាស្រ័យផលនៃអណ្តួងទឹកស្អាត បានសម្ដែងនូវការសប្បាយរីករាយចិត្ដ យ៉ាងខ្លាំងស្ទើរស្រក់ទឹកភ្នែក ពេលដែលបានអណ្តូងទឹកដ៏ល្អនេះ ទុកសម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ។

សូមជម្រាបផងដែរថា នៅក្នុងឱកាសនោះ លោកស្រី ពេជ ចន្ទមុន្នី ក៏បានដឹកនាំក្រុមគ្រូពេទ្យស្ម័គចិត្ត យុវជនសម្តេចតេជោ ចុះជួយពិនិត្យ និងព្យាបាលសុខភាព ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃផងដែរ រួមទាំងថ្នាំព្យាបាលមួយចំនួនទៀត។

លើសពីនោះបើមានបងប្អូន ប្រជាពលរដ្ឋណាមានជំងឺធ្ងន់ធ្ងរ កាយសម្បទាខុសពីប្រក្រតី គ្មានលទ្ឋភាពព្យាបាល លោកស្រី និងក្រុមគ្រូពេទ្យទទួលយកមកព្យាបាលនៅភ្នំពេញ ហើយរាល់ការព្យាបាល និងការចំណាយផ្សេងៗ ជាបន្ទុករបស់លោកស្រី ដោយមិនគិតពីពូជសាសន៍ ឬនិន្នាការនយោបាយនោះទេ ដែលទាំងអស់នេះហើយ បានសបញ្ជាក់ឲ្យឃើញថា នេះគឺការងារមួយចូលរួមចំណែក ជួយដល់ជីវភាពប្រជាជន ក្នុងសហគមន៍ឲ្យកាន់តែល្អប្រសើរឡើងទ្វេដង៕