(ពោធិ៍សាត់​)៖​ បុរសខ្សោយសតិម្នាក់ ត្រូវរថយន្តមិនស្គាល់ម៉ាក​ បុកពីក្រោយបែកក្បាលដាច់ជើង​ ស្លាប់យ៉ាងអាណោចអាធម នៅម៉ោង១៖២០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី២៧ ខែសីហា​ ឆ្នាំ​២០១៦​ ត្រង់ចំណុច​បង្គោលគីឡូម៉ែត្រ១៥២ និង១៥៣​ លើកំណាត់ផ្លូវជាតិលេខ៥​ ស្ថិតក្នុងភូមិ​សំរោង ឃុំ​ក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់​។​

លោក​ ឯម រុន​ អធិការ​​នគរបាលស្រុកក្រគរ បានប្រាប់ភ្នាក់ងារ​ Fresh​ News​ ឲ្យដឹងថា​ សាកសពជនរងគ្រោះ​ ត្រូវបានគេស្គាល់ឈ្មោះថា​ ជូ សៀម​​ អាយុ៥២ឆ្នាំ​ មានប្រពន្ធឈ្មោះ ឡឹក ស៊ីន មានកូនស្រីក្នុងបន្ទុក៥នាក់ រស់នៅភូមិ​សំរោង ឃុំ​ក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់​។​ លោកអធិការបានបន្តថា​ សាកសពជនរងគ្រោះ​ ត្រូវបានរថយន្តមិនស្គាល់ម៉ាកបុក​ ពីក្រោយហើយកិនបែកក្បាល​ដាច់ជើងស្លាប់យ៉ាងអាណោចអាធម ហើយជនរងគ្រោះត្រូវបានគេឲ្យដឹងថា មានជំងឺសរសៃប្រសាទ ជាយូរណាស់មកហើយ។​

បច្ចុប្បន្នសាកសពជន​ ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី​ ចំណែករថយន្ត​បង្កត្រូវបានកម្លាំងនគរបាលមូលដ្ឋាន ​កំពុងធ្វើការស្រាវជ្រាវ ដើម្បីយកមកដោះស្រាយ៕