(ពោធិ៍សាត់)៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត របស់ប្រទេសម៉ាឡេស៊ី និងនិស្សិតបុគ្គលិកខ្មែរចំនួន១៥០នាក់ ដឹកនាំដោយ Mr. Nai Keng Hak និង Mr.Na តំណាងអង្គការមូលនិធិពុទ្ធសាសនាឆឺជី សហការជាមួយក្រុមការងារចុះជួយស្រុក បានចុះមកពិនិត្យ និងព្យាបាលជំងឺ ជូនប្រជាពលរដ្ឋនៅស្រុកក្រគរ ដោយឥតគិតថ្លៃ ក្នុងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៧-២៨ ខែសីហា ឆ្នាំ២០១៦នេះ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុក ដោយមានការអញ្ជើញចូលរួមពី លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងលោក កែវ រតនៈ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងារចុះជួយស្រុកក្រគរ ព្រមទាំងថ្នាក់ដឹកនាំមួយចំនួនទៀត។

លោក ទឹម សារិន ប្រធានគណបក្សប្រជាជនស្រុកក្រគរ បានឲ្យដឹងថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត របស់ប្រទេសម៉ាឡេស៉ី ដែលបានមកពិនិត្យ និងព្យាបាលជំងឺ ជូនដល់ប្រជាពលរដ្ឋក្នុងស្រុកក្រគរនាពេលនេះ ផ្តោតលើការព្យាបាលជំងឺទូទៅរួមមាន៖ ជំងឺកុមារ ជំងឺភ្នែក មាត់ធ្មេញ ច្រមុះត្រចៀក បំពង់ក ក្រពះពោះវៀន រោគស្ត្រី ពិនិត្យផ្ទៃពោះ ជំងឺផ្លូវចិត្ត ជំងឺសើរស្បែក ជំងឺកាមរោគ ពិការភាព និងជំងឺផ្សេងៗ។ល។ ព្រមទាំងផ្តល់ថ្នាំសម្រាប់ទ្រទ្រង់ ដល់សេវាព្យាបាលផងដែរ។

លោក កែវ រតនៈ និងលោក ម៉ៅ ធនិន បានថ្លែងអំណរគុណ ជូនដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត មកពីប្រទេសម៉ាឡេស៊ី រួមនឹងនិស្សិតបុគ្គលិកខ្មែរទាំងអស់ ព្រមទាំងក្រុមការងារ ដែលបានចូលរួមក្នុងនាមជាបុគ្គល និងថវិកាយ៉ាងសន្ធឹកសន្ធាប់ ក្នុងការផ្តល់សេវាព្យាបាល ដល់ប្រជាពលរដ្ឋក្រីក្រ ក្នុងស្រុកក្រគរ ដែលកំពុងប្រឈមបញ្ហាសុខភាព។

លោកទាំងពីរបានថ្លែងទៀតថា នេះជាឱកាសល្អណាស់ សម្រាប់បងប្អូនប្រជាពលរដ្ឋដែលមានជំងឺ ហើយកន្លងមកគ្មានលទ្ធភាពព្យាបាលនោះ ឥឡូវនេះក្រុមគ្រូពេទ្យស្ម័គ្រចិត្ត មកពីប្រទេសម៉ាឡេស៊ី បានមកពិនិត្យ និងព្យាបាលជំងឺ ជូនបងប្អូនដោយឥតគិតថ្លៃ ដូច្នេះសូមបងប្អូនដែលមានជំងឺផ្សេងៗ អញ្ជើញមកឲ្យបានរួសរាន់ ព្រោះក្រុមគ្រូពេទ្យ មានពេលវេលាតែ ២ថ្ងៃប៉ុណ្ណោះ។ លោកក៏បានស្នើឲ្យក្រុមគ្រូពេទ្យស្ម័គ្រចិត្ត មកពីប្រទេសម៉ាស៊ី បន្តបេសកកម្មជួយព្យាបាលជំងឺ ជូនប្រជាពលរដ្ឋទូទាំងប្រទេស ជាក់ស្តែងក្នុងខេត្តពោធិ៍សាត់ ឲ្យបានញឹកញាប់បន្តទៀត។

ក្នុងថ្ងៃដដែលនោះ លោក ម៉ៅ ធនិន និងលោក កែវ រតនៈ ព្រមទាំងក្រុមការងារចុះជួយឃុំ ក៏បានបន្តដោះស្រាយក្តីកង្វល់ ទាក់ទងនឹងទំនាស់ដ្លីធ្លី របស់បងប្អូនប្រជាពលរដ្ឋ ៤៧គ្រួសារ ជាមួយនឹងឈ្មោះ សុខ សំណាង នៅចំណុចអតីតភូមិពោធិ៍ ស្ថិតក្នុងភូមិត្រពាំងរំដេញ ស្រុកក្រគរ ខេត្តពោធិ៍សាត់ផងដែរ៕