(កណ្តាល)៖ ថ្លែងនៅក្នុង ពិធីសំណេះសំណាល ជាមួយប្រជាពលរដ្ឋ នៅភូមិស្តៅកន្លែង២ ឃុំដីឥដ្ឋ ស្រុកកៀន ស្វាយ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី២៧ ខែសីហានេះ អនុប្រធានក្រុមការងារ ចុះជួយស្រុកកៀនស្វាយ និងជាប្រធានក្រុមការងារចុះជួយឃុំដីឥដ្ឋនិងឃុំភូមិធំ លោកម៉ក់ ពេជ្ជរិទ្ធ បានថ្លែងថា " ទុក្ខលំបាករបស់បងប្អូន គឺជាទុក្ខលំបាក របស់ថ្នាក់ដឹកនាំ និងក្រុមការងារ គណបក្សប្រជាជនកម្ពុជា"។

លោក ម៉ក់ ពេជ្ជរិទ្ធ បានបន្ថែមថា ក្រុមការងាររបស់លោក មិនមែនមកតែប្រជុំ ហើយទះដៃ ចប់នោះទេ គឺក្រុមការងាររបស់លោក ចង់ដឹងពីទុក្ខលំបាក បងប្អូន ដោយមិនប្រកាន់និន្នាការនយោបាយ ឡើយ ប្រសិនបើបងប្អូនប្រជាពលរដ្ឋណាម្នាក់ ជួបការលំបាក ហើយបានសំណូមពរមកក្រុមការងារ គឺក្រុមការងារ និងជួយដោះស្រាយ។

ក្រោយពីសំណេះសំណាល ក៏មានប្រជាពលរដ្ឋ ដែលពួកគាត់ជួបការលំបាក ដូចជាផ្លូវខូច ពេលភ្លៀងមានទឹក ដក់ ខ្វះទឹកស្អាតប្រើប្រាស់ ខ្វះបង្គោលភ្លើង ផ្ទះរបស់ពួកគាត់ដំបូលទ្រុឌទ្រោម ខ្វះបង្គន់អនាម័យ និងមានបងប្អូនខ្លះមានជំងឺ រហូតត្រូវការវះកាត់ ជាពិសេសនោះ ដូចជាសិស្សសាលាមួយចំនួន ត្រូវការកង់ជិះទៅសាលាជាដើម។

រាល់ទុក្ខលំបាកទាំងនេះ ត្រូវបានប្រធានក្រុមការងារ ចុះជួយឃុំដីឥដ្ឋនិងឃុំភូមិធំ ដោះស្រាយជូនទាំងស្រុង ប៉ុន្តែ សម្រាប់ទឹកស្អាត ក្រុមការងាររបស់លោក និងទៅជួបជាមួយក្រុមហ៊ុន ដើម្បីរកវិធីដោះស្រាយជូនពួកគាត់។

លោកបានបន្តទៀតថា អ្វីដែលលំបាក គឺត្រូវដោះស្រាយភ្លាមៗ ដោយមិនទុកយូរទេ ។ ជាមួយគ្នានោះ លោក ម៉ក់ ពេជ្ជរិទ្ធ ក៏បានអំពាវនាវដល់ ប្រជាពលរដ្ឋទាំងអស់ ទៅចុះឈ្មោះបោះឆ្នោត ឲ្យបានគ្រប់ៗគ្នា តាមកាលកំណត់ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គឺចាប់ពីថ្ងៃទី ១ កញ្ញា ដល់ថ្ងៃទី ២៩ វិច្ឆិកា ឆ្នាំ ២០១៦ខាងមុខនេះ ។

ក្រោយបញ្ចប់ពិធីសំណេះសំណាល ក្រុមការងារចុះជួយឃុំដីឥដ្ឋ និងឃុំភូមិធំ ក៏បានផ្តល់អំណោយជាអង្ករ ដល់ ប្រជាពលរដ្ឋទាំង៥៨៩គ្រួសារផងដែរ ហើយក្រុមការងាររបស់លោក បន្តជួយដល់ស្រ្តីឆ្លងទន្លេ ដោយស្ត្រីឆ្លងទន្លេ ម្នាក់ចំនួន ២០ម៉ឺនរៀល ដែលរហូតមកដល់ពេលនេះ មានស្រ្តីឆ្លងទន្លេចំនួន១៨១នាក់ ដែលក្រុមការងារបានជួយ ចំណែកជនរងគ្រោះ ស្លាប់ម្នាក់ អង្ករ១បាវ និងថវិកា ១០ម៉ឺនរៀល៕