(តាកែវ)៖ នៅក្នុងឱកាសដឹកនាំគណៈប្រតិភូខេត្តតាកែវ ទៅបំពេញទស្សនកិច្ចរយៈពេល៥ថ្ងៃ នៅក្រុងស៊ាងយ៉ាង ខេត្តហ៊ូប៉ី ដែលជាខេត្តមួយមានការរីកចម្រើន លើវិស័យកសិកម្មយ៉ាងខ្លាំងក្លានោះ លោក​ ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ បានជួបជាមួយ នឹងថ្នាក់ដឹកនាំក្រុងស៊ាងយ៉ាវ និងជួបជាអ្នកវិនិយោគធំៗ ហើយបានធ្វើការអំពាវនាវឲ្យក្រុមអ្នកវិនិយោគចិន ចូលមកបណ្ដាក់ទុន​នៅក្នុងខេត្តតាកែវ នៅលើវិស័យកសិកម្ម។

​ថ្លែងបែបនេះ ធ្វើឡើងក្នុងពេលដែល លោកអភិបាលខេត្ត ជួបសំណេះសំណាលជាមួយក្រុមកម្មករ កម្មការនី នៅរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦​។

លោកបានបញ្ជាក់យ៉ាងដូច្នេះថា នៅក្នុងដំណើរទស្សនកិច្ចរយៈពេល៥ថ្ងៃ នៅប្រទេសចិនដោយចាប់ផ្ដើមពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែសីហា​ លោកបានជួបជាមួយថ្នាក់ដឹកនាំក្រុងស៊ាងយ៉ាង និងបានជួបជាមួយអ្នកវិនិយោគធំៗ របស់ខេត្តតាកែវ។

លោក ឡាយ វណ្ណៈ បានឲ្យដឹងទៀតថា ​លោកបានជំរាបជូនក្រុមអ្នកវិនិយោគចិន ពីសក្កានុពលសំខាន់ៗ របស់ខេត្តតាកែវជាពិសេសលើផ្នែកសិកម្ម ដែលនេះជាឱកាសសម្រាប់ ក្រុមអ្នកវិនិយោគចិន ចូលមកបណ្ដាក់ទុន ដោយបង្កើតជារោងចក្រជីកសិកម្ម រោងចក្រផលិតចំណីសត្វ និងរោងចក្រផលិតគ្រឿងយន្តកសិកម្ម ជាដើម។

លោក បន្ថែមថា «នៅខែកញ្ញាខាងមុខនេះ គណៈប្រតិភូក្រុងស៊ាងយ៉ាង រួមទាំងអ្នកវិនិយោគផង និងមកទស្សនៈកិច្ចនៅ ខេត្តតាកែវ ហើយប្រសិនបើគេដាក់ទុនវិនិយោគលើវិស័យ​កសិកម្មពិតប្រា​កដមែននោះ វានឹងធ្វើឲ្យស្ថានភាពជីវភាព រស់នៅរបស់បងប្អូនប្រជាពលរដ្ឋខេត្តតាកែវ ពិតជាមានឈានឡើងមួយកម្រឹតទៀតជាក់ជាពុំខាន ព្រមទាំងអាចស្រូបទាញ​កម្លាំងការងារដល់យុវជន យុវនារីក្នុងខេត្តយើងមួយចំនួន ឲ្យមានការងារធ្វើ ហើយប្រជាកសិករ ក៏អាចបង្កបង្កើនផលបានទិន្នផលខ្ពស់តាមរយៈ បច្ចេកទេសថ្មីៗ និងការប្រើប្រាស់ ជីកសិកម្ម របស់អ្នកវិនិយោគចិន ព្រោះការបង្កបង្កើនផលស្រូវ នៅក្នុងមួយហិកតានៅខេត្តហ៊ូប៉ី គេទទួលបានទិន្នផលប្រមាណ១០តោន ខណៈដែលប្រជាកសិករខេត្តតាកែវ ធ្វើបានតែ៥ ទៅ៦តោនប៉ុណ្ណោះ»

គួរបញ្ជាក់ថា ខេត្តហ៊ូប៉ី របស់សាធារណៈរដ្ឋប្រជាមានិតចិន មានប្រជាពលរដ្ឋប្រមាណ៦៨លាននាក់ ដោយឡែកទីក្រុង ក្រុងស៊ាងយ៉ាង ដែលជាក្រុងទី១ ក្នុងចំណោមទីក្រុងជាច្រើន របស់ខេត្តហ៊ូប៉ី ដែលគណៈប្រតិភូខេត្តតាកែវ ទៅបំពេញទស្សនៈកិច្ច និងចុះហត្ថលេខាចងសម្ព័ន្ធ មេត្រីភាពមានប្រជាជនប្រមាណ៦លាននាក់ ជាពិសេស ទីក្រុងស៊ាងយ៉ាង គឺជាទីក្រុងមួយដែលល្បីល្បាញលើវិស័យកសិកម្ម ដោយក្រុងនេះក្រុមហ៊ុនផលិតជីកសិកម្ម ផលិតចំណីសត្វ ផលិតគ្រឿងយន្តកសិកម្ម និងមានការកសិកដ្ឋានចិញ្ចឹមសត្វ ជាច្រើនដែលអាចផ្គត់ផ្គង់ ប្រជាពលរដ្ឋ៦៨លាននាក់ របស់ខេត្តហ៊ូប៉ី៕