(កំពង់ធំ)៖ លោក ម៉ាន សុគ្រី អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគណៈកម្មការអន្តរក្រសួង បានដឹកនាំក្រុមការងារ ចុះពិនិត្យ និងផ្ទៀងផ្ទាត់ការធ្វើបច្ចុប្បភាព ជូនប្រជាពលរដ្ឋ៤១គ្រួសា ដែលរស់នៅលើដីស្ថានីយ៍ពិសោធន៍ ដំណាំស្រូវស្រុកបល្ល័ង្គ របស់មន្ទីកសិកម្មខេត្តកំពង់ធំ ស្ថិតនៅភូមិបល្ល័ង្គខាងលិច សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

ដំណើរចុះដោះស្រាយបញ្ហានេះ ត្រូវបានធ្វើឡើង នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ ដោយមានការចូលរួមពី លោក គង់ វិមាន អភិបាលរងខេត្តកំពង់ធំ អង្គភាព-ស្ថាប័នពាក់ព័ន្ធជាច្រើននាក់។

ក្រោយពីបានចុះពិនិត្យជាក់ស្តែងរួចរាល់ ក្រុមការងារបានដោះស្រាយបញ្ហាមួយចំនួន រួមមាន៖

ទី១.ផ្ទៃដីដែលប្រជាពលរដ្ឋបានកាន់កាប់ប្រើប្រាស់ នៅជាប់ផ្លូវជាតិលេខ៦ និងដីស្រែប្រមាណ៨.៨៦ហិចតា   បានឯកភាពប្រគល់ភារកិច្ចជូនអភិបាលខេត្ត ធ្វើបច្ចុប្បន្នភាព និងធ្វើសំណើ ស្នើសុំទៅថ្នាក់ដឹកនាំក្រសួង ដើម្បីពិនិត្យ និងសម្រេច, ២.ដីទីទួលកប់សពមានទំហំចំនួន០.៤០ហិចតា ស្នើសុំកាត់ចេញពីមន្ទីរកសិកម្ម ឲ្យទៅអាជ្ញាធរឃុំជាអ្នកគ្រប់គ្រង (ដីសាធារណរបស់ឃុំ), ៣.ផ្ទៃដីមន្ទីរធនធានទឹក និងឧតុនិយម បានប្រគល់ឲ្យមន្ទីរកសិកម្មខេត្ត និងមន្ទីរធនធានទឹក ធ្វើលិខិតប្រគល់ទទួលតាមនីតិវិធី, ៤.ផ្ទៃដីសាខាកាកបាទក្រហមខេត្ត បានស្នើសុំឱ្យប្រគល់ទៅអភិបាលខេត្ត កំណត់ទំហំផ្ទៃដីឲ្យបានច្បាស់លាស់សារជាថ្មី ហើយលើកសំណើរួមគ្នាទៅក្រសួង, ៥.ផ្ទៃដីប៉ះពាល់ផ្លូវវៀងក្រុង ដែលមានទំហំប្រមាណ២,៤៧ហិចតា ត្រូវស្នើកាត់ចេញពីបញ្ជីសារពើភណ្ឌរបស់មន្ទីរកសិកម្ម, ៦.ផ្ទៃដីប្រឡាយត្រូវរក្សាទុកជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ដោយចាត់បញ្ជូលក្នុងបញ្ជីសារពើភណ្ឌ របស់មន្ទីរកសិកម្មខេត្ត, និង ៧.អង្គប្រជុំបានប្រគល់ភារកិច្ចជូនអភិបាលខេត្ត មន្ទីរកសិកម្ម និងមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី ធ្វើបច្ចុប្បន្នភាពច្បាស់លាស់ អំពីចំនួនប្រជាលរដ្ឋកាន់កាប់ជាក់ស្តែង និងផ្ទៃដីជាក់ស្តែង (ភ្ជាប់ផែនទីបច្ចុប្បន្នភាពក្បាលដី) រួចធ្វើសំណើទៅក្រសួងដើម្បីពិនិត្យនិងសម្រេច។

សូមបញ្ជាក់ថា អាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធបានចុះពិនិត្យ និងផ្ទៀងផ្ទាត់ដីខាងលើនេះ បន្ទាប់ពីប្រជាពលរដ្ឋ៤១គ្រួសារខាងលើ បាននាំគ្នាស្នើសុំអាជ្ញាធរខេត្ត ឲ្យជួយដោះស្រាយចេញប័ណ្ណកម្មសិទ្ធិ ជូនពួកគាត់កាលពីនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦៕