(ភ្នំពេញ)៖ ក្រុមអង្គការសង្គមស៊ីវិល ដែលធ្វើការពាក់ព័ន្ធនឹងការបោះឆ្នោត គ្រោងនឹងដាក់ពង្រាយអ្នកសង្កេតការណ៍របស់ខ្លួន ប្រមាណ១,២០៩នាក់ នៅទូទៅ ២៥រាជធានី-ខេត្ត ដើម្បីឃ្លាំមើល និងបញ្ជូនព័ត៌មាននានា ដែលពាក់ព័ន្ធនឹងដំណើរការចុះឈ្មោះបោះឆ្នោតថ្មី ក្នុងឆ្នាំនេះ។

ការប្រកាសអំពីការត្រៀមអ្នកសង្កេតការណ៍ស៊ីវិលនេះ ត្រូវបានធ្វើឡើងក្នុងសន្និសីទកាសែតមួយ ដែលរៀបចំ ដោយគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (COMFREL) សហការជាមួយ អង្គការកម្មវិធីអភវឌ្ឍន៍ធនធានយុវជន (YRDP), មជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព (PDP), និងអង្គការនិកហ្វិច នាទីស្នាក់ការខុមហ្រ្វែល នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦នេះ។  

លោក គឹម ឈន អ្នកសម្របសម្រួលជាន់ខ្ពស់នៃកម្មវិធីខុមហ្រ្វែល បានឱ្យដឹងថា កាលពីថ្ងៃទី២៣ ខែសីហា គណៈកម្មាធិការខុមហ្រ្វែល បានបណ្ដុះបណ្ដាលគ្រូបង្គោល នៅតាម២៥រាជធានី-ខេត្ត ហើយនៅថ្ងៃទី២៦-៣០ ខែសីហា គ្រូបង្គោលទាំងនោះ នឹងចេញទៅបង្រៀនអ្នកសង្កេតការណ៍នៅតាមខេត្តបន្តទៀត ពាក់ព័ន្ធនឹងបទបញ្ជា នីតិវិធី ក្រមសីលធម៌ និងរបៀបសង្កេតការណ៍ ពិសេសគឺការបញ្ជួនព័ត៌មាន នៅពេលដែលគាត់សង្កេតឃើញបញ្ហានានា។

លោកបានបន្ថែមថា អ្នកសង្កេតការណ៍ ត្រូវបានជ្រើសរើសពីអ្នកចេះប្រើប្រាស់ព័ត៌មានបែបទំនើប (អាត់) ក្នុងការបញ្ជូនព័ត៌មាននានា មកខុមហ្រ្វែលវិញ ដូចជាហ្វេសបុក ចេះថតរូប ចេះប្រើអ៊ីម៉ែល ចេះផ្ញើសារ តាមរយៈការប្រើប្រាស់ទូរស័ព្ទដៃទំនើប។

សូមជម្រាបថា កាលពីថ្ងៃទី២៥ ខែសីហា ម្សិលមិញ អគ្គស្នងការដ្ឋាននគរបាលជាតិ លោក នេត សាវឿន បានឱ្យដឹងថា អំឡុងនៃការចុះឈ្មោះបោះឆ្នោត សមត្ថកិច្ចក៏បានដាក់ពង្រាយកម្លាំងចំនួន ៥,២៣៦នាក់ នៅទូទាំង២៥ រាជធានី-ខេត្ត ដើម្បីការពារនៅការិយាល័យចុះឈ្នោះបោះឆ្នោត ក៏ដូចជារក្សាការពារ សន្តិសុខ និងសុវត្តិភាពជូនប្រជាពលរដ្ឋ ទៅចុះឈ្មោះផងដែរ។

ក្រៅពីនោះ អគ្គស្នងការនគរបាលជាតិ ក៏បានអះអាងដែរថា សមត្ថកិច្ចក៏បានត្រៀមកម្លាំង ១៩៣១១នាក់ សម្រាប់រក្សាសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងពេលយុទ្ធនាការឃោសនាបោះឆ្នោតឃុំ-សង្កាត់ នៅឆ្នាំ២០១៧ ខាងមុខនេះថែមទៀត៕