(ភ្នំពេញ)៖ កញ្ញា ធី សុវណ្ណថា ប្រធានអង្គការយុវជនកិច្ចការសង្គម នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦នេះ បានអះអាងថា នាងត្រូវជនខិលខូចមួយក្រុម កាត់តសំឡេង ដែលថ្លែងទៅកាន់​សម្តេចតេជោ ហ៊ុន សែន អំពីការកាប់ព្រៃឈើនៅក្នុងប្រទេសកម្ពុជា។

កញ្ញា ធី សុវណ្ណថា បានលើកឡើងតាមរយៈវីដេអូមួយថា នៅពេលថ្លែងទៅកាន់សម្តេចតេជោ ហ៊ុន សែន ក្នុងការវេទិកា ស្តីពីការការពារ និងអភិរក្សធនធានធម្មជាតិ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ កន្លងទៅនោះ នាងបានលើកឡើង៣ចំណុច អំពីការកាប់ព្រៃឈើនៅកម្ពុជា ជូនសម្តេចតេជោ ហ៊ុន សែន។ នាងអះអាងថា ៣ចំណុចនោះរួមមាន ការបង្ហាញថា ទី១.ព្រៃឈើសព្វថ្ងៃ ត្រូវបានកាប់ដោយប្រជាពលរដ្ឋដោយផ្ទាល់ក្រោមការញុះញង់ពីឈ្មួញ ទី២ព្រៃឈើសព្វថ្ងៃត្រូវបានកាប់ ដោយឈ្មួញធំៗ និងទី៣ មន្រ្តីសមត្ថកិច្ចនៅមូលដ្ឋានមួយចំនួនពុំបានឃាត់រថយន្តដឹកឈើទេ ពួកគេគ្រាន់តែយកលុយហើយ អនុញ្ញាតឱ្យរថយន្តដឹកឈើ ទាំងនោះបន្តសកម្មភាព។

ធី សុវណ្ណថា បានបកស្រាយថា ប៉ុន្តែនាថ្មីៗនេះ ជនខិលខូចពុំបានបញ្ចូលការលើកឡើងរបស់នាងទាំងស្រុងទេ ប៉ុន្តែកាត់សំឡេងត្រឹមចំណុចទី១ ដែលនាងចោទប្រកាន់ពលរដ្ឋថា​ជាអ្នកកាប់​ឈើប៉ុណ្ណោះ​។ ធី សុវណ្ណថា លើកឡើងថា «ជនទាំងនោះ កាត់យកតែចំណុចទី១ ដែលខ្ញុំបាននិយាយ យកទៅវាយប្រហារ។ ទាក់ទងចំណុចនេះ ខ្ញុំក៏ចង់ផ្តាំផ្ញើទៅគាត់ដែរ បើចង់រិះគន់ខ្ញុំក៏គួរតែរិះ​គន់ដោយកំហុស រិះគន់ដោយភាពថ្លៃថ្នូ ដោយភាពត្រឹមត្រូវដែរ មិនគួរប្រព្រឹត្តអំពើថោកទាបកាត់សេចក្តីរបស់គេ»។

ខាងក្រោមនេះជាវីដេអូបកស្រាយរបស់ កញ្ញា ធី សុវណ្ណថា៖