(ភ្នំពេញ)៖ រហូតដល់ម៉ោងជាង៥ល្ងាច ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦នេះ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក តុប ឈុនហេង បានសម្រេចឃុំខ្លួន លោក ពៅ រតនៈ ម្ចាស់ហាង«រតនៈរចនាម៉ូដ» ដែលវាយតាម៉ូតូកង់បីបាក់ដៃ។

ម្ចាស់ហាងរតន:រចនាម៉ូដ ដែលជាប់ពាក់ព័ន្ធ នឹងករណីវាយតាម៉ូតូកង់បីបណ្តាលឲ្យបាក់ដៃ ត្រូវបានលោក សៀង សុខ ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៦ ខែសីហា សម្រេចចោទប្រកាន់ជាផ្លូវការ ពីបទ «ហិង្សាដោយចេតនាមាន ស្ថានទម្ងន់ទោស តាមមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ»។ បទល្មើសហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ច្បាប់កំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំ និង ពិន័យជាប្រាក់ពី៤លានរៀលទៅ១០លានរៀល។

ប៉ុន្តែទោះជាយ៉ាងណាពេលនេះ ជនជាប់ចោទ ត្រូវបានតុលាការបញ្ជូនទៅឃុំខ្លួននៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញមួយយប់សិន ហើយនឹងបញ្ជូនទៅកាន់ពន្ធនាគារព្រៃស នៅថ្ងៃស្អែក។

សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦នេះ មានហេតុការណ៍ហិង្សាមួយ បានកើតឡើងនៅមុខផ្ទះជនបង្ក ស្ថិតនៅតាមផ្លូវលេខ២៧១ ក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ ដោយឈ្មោះ ពៅ រតនៈ ម្ចាស់ហាងរតនៈរចនាម៉ូដ បានវាយទៅលើអ្នករត់ម៉ូតូឌុប ឈ្មោះ យឹម សុខុម អាយុ៥០ឆ្នាំបណ្តាលឲ្យរងរបួសធ្ងន់ បាក់ដៃម្ខាង និងសន្លប់ នៅនឹងកន្លែងកើតហេតុ។ ហិង្សានេះ ត្រូវបានពលរដ្ឋអះអាងថា កើតឡើងដោយសារតែម្ចាស់ហាងខឹងនឹងអ្នករត់ម៉ូតូកង់ចតនៅមុខហាងរបស់ខ្លួន។

ម្ចាស់ហាងរតនៈរចនាម៉ូដ ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ ផងដែរ៕