(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦នេះ បានដឹកនាំមន្ទីរជំនាញ ដែលមានការពាក់ព័ន្ធ ចុះពិនិត្យបច្ចេកទេសការស្ថាបនាផ្លូវលំក្រាលគ្រួស ក្រហមមួយខ្សែ ប្រវែង៧៣០៣ម៉ែត្រ និងដាក់លូ២កន្លែង អមដោយផ្លូវទូក ស្ថិតក្នុងឃុំរាំងទិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចារឯកភាពសាងសង់កាលពីដើមខែមិថុនា ឆ្នាំ២០១៤ បានដាក់ឲ្យដេញថ្លៃកាលពីដើមខែកក្កដា ឆ្នាំ២០១៥ និងបានចាប់ផ្តើមបើកការដ្ឋានស្ថាបនា កាលពីដើមខែកញ្ញា ឆ្នាំ២០១៥កន្លងទៅ ដោយក្រុមហ៊ុន គឹម ពៅ ក្នុងតម្លៃ២៩៦លានរៀន ជាថវិកាមូលនិធិឃុំ។

ឆ្លងតាមការត្រួតពិនិត្យ និងអង្កេតយ៉ាងល្អិតល្អន់ពីសំណាក់ លោក ម៉ៅ ធនិន ឃើញថា ផ្លូវលំក្រាលគ្រួសក្រហមមួយខ្សែនេះ មិនទាន់ត្រឹមត្រូវតាមបទដ្ឋាន បច្ចេកទេសនៅឡើយទេ។ បើក្រុមហ៊ុនអនុវត្តន៍មិនបានទេនោះ លោកនឹងមិនទទួលយកឡើង ដូចនេះទាមទៀរឲ្យក្រុមហ៊ុនទទួលម៉ៅការស្ថាបនា ត្រូវអ៊ុតជើងទេរឡើងវិញ ក្នុងរយៈពេលពី៧ទៅ១០ថ្ងៃឲ្យបានរួចរាល់។

លោកបានថ្លែងថា រាជរដ្ឋាភិបាលក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តែងតែបានការគិតគូរ អំពីទុកលំបាករបស់ ប្រជាពលរដ្ឋទូទាំងប្រទេស។

លោកបានបន្តថា ផលពិបាករបស់ប្រជាពលរដ្ឋ ក្នុងឃុំរាំងទិលកន្លងមកនោះ គឺបញ្ហាធ្វើដំណើរ ដឹកជញ្ជូនកសិផល ពិសេសពេលបញ្ជូនអ្នកជំងឺ និងស្ត្រីឆ្លងទន្លេដោយសារគ្មានផ្លូវចេញចូល បើនៅរដូវប្រាំង ធ្វើដំណើរតាមរទេះកាត់តំបន់ព្រៃរនាម និងរដូវវស្សាតាមកាណូត និងទូក ប្រឈមនឹងគ្រោះថ្នាក់គ្រប់បែបយ៉ាង។

ស្ថិតក្នុងស្ថានភាពនេះ អាជ្ញាធរឃុំបានលើកគម្រោងផ្លូវលំ តភ្ជាប់ពីឃុំស្រែស្តុក ដែលមានប្រវែង ៩គីឡូម៉ែត្រ តាំងពីឆ្នាំ២០០៩ រហូតដល់ឆ្នាំ២០១៤ មិនអាចដោះស្រាយបាន ដោយសារទីតាំងស្ថិតនៅក្នុងតំបន់៣ អភិរក្សមច្ឆាជាតិ និងការពារព្រៃលិចទឹករបស់រាជរដ្ឋាភិបាល។

លោកបានបន្តទៀតថា ដោយមើលឃើញពីការលំបាករបស់ប្រជាពលរដ្ឋ នៅតំបន់នោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចារឯកភាពសាងសង់ផ្លូវនេះឡើង កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៤ បានដាក់ឲ្យដេញថ្លៃនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៥ និងបានចាប់ផ្តើមបើកការដ្ឋានស្ថាបនា កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៥កន្លងទៅ ដោយក្រុមហ៊ុន គឹម ពៅ ក្នុងតម្លៃ ២៩៦លានរៀន ជាថវិកាមូលនីធិឃុំ សម្រាប់ស្ថាបនាផ្លូវ ប្រវែង ៧៣០៣ម៉ែត្រ និងដាក់ ២កន្លែង អមដោយផ្លូវទូក។

ក្នុងថ្ងៃដដែលនោះ លោក ម៉ៅ ធនិន បានបន្តចុះពិនិត្យ ផ្លូវក្នុងក្រុងចំនួន ៨ខ្សែ ប្រវែងជិត៥គីឡូម៉ែត្រ ដែលកំពុងស្ថាបនាក្រាលកៅស៊ូអ៊ុតបេទីមីន័រ ស្ថិតក្នុងសង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ អនុវត្តន៍ការស្ថាបនាដោយ ក្រុមហ៊ុន Mekong Royal Construction សហការជាមួយក្រសួងសាធារណ: និងដឹកជញ្ជូន ដែលបានចាប់ផ្តើមស្ថាបនា ពីថ្ងៃទី១០ ខែមិថុនាកន្លងទៅ។

នៅក្នុងឱកាសនោះ លោកអភិបាលខេត្តបានសំណូមពរ ក៏បានសំណូមពរឲ្យតំណាងក្រុមហ៊ុន ជួយចេញថ្លៃសង់របងមណ្ឌលកុមារកំព្រាឡើងវិញ ក្រោយពីវាយចោលដើម្បីពង្រីកផ្លូវ និងសំណូមពរឲ្យប្រជាពលរដ្ឋ គ្រប់ខ្នងផ្ទះ ដែលជាប់តាមចិញ្ចើមផ្លូវ ឲ្យជួយចេញថ្លៃលូដាក់កាត់មុខផ្ទះរៀងៗខ្លួន។ ជាមួយគ្នានោះក្រុមហ៊ុនត្រូវយកចិត្តទុកដាក់ក្នុងសាងសង់ ផ្លូវទាំង៨ខែ្សនេះ ឲ្យបានជាប់ល្អ និងត្រឹមត្រូវទៅតាមបទដ្ឋានបច្ចេកទេស៕