(កំពង់ស្ពឺ)៖ លោក វីុ សំណាង ​ប្រធានគណៈកម្មាធិការបក្សខេត្ត និងជាអភិបាលខេត្តកំពង់ស្ពឺ បានណែនាំដល់សមាជិក សមាជិកា នៃគណបក្សប្រជាជនទាំងអស់ក្នុងខេត្តថា នៅថ្ងៃចុះឈ្មោះបោះឆ្នោត ត្រូវជួយយុទ្ធនាការផ្សព្វផ្សាយ ឲ្យបានគ្រប់ឃុំ-សង្កាត់ទូទាំងខេត្ត ឲ្យប្រជាពលរដ្ឋបានមកចុះឈ្មោះឲ្យបានគ្រប់ៗគ្នា។

ការលើកឡើងរបស់ លោក វីុ សំណាង បែបនេះត្រូវបានធ្វើឡើង នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦នេះ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ត្រៀមចូលរួមការចុះឈ្មោះបោះឆ្នោត ក្នុងបញ្ជីបោះឆ្នោត។

ក្នុងពិធីនេះដែរ ក៏មានការចូលរួមពី​ លោក អ៊ូ សំអួន អនុប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាលចុះជួយខេត្ត និងជារដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ ប្រធានក្រុមការងារយុវជនគណបក្សក្រុង ស្រុកទាំង៥ ប្រធាន អនុប្រធានក្រុមការងារបក្សខេត្ត ព្រមទាំងសមាជិក សមាជិកា មកពី​គណៈកម្មាធិការបក្សឃុំ សង្កាត់ ទាំង៨៧ ផងដែរ។

​លោក វីុ សំណាង ប្រធានគណៈកម្មាធិការបក្សខេត្ត បានឲ្យដឹងថា «ការចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មី ឆ្នាំ២០១៦ នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦​ នៅសាលាឃុំ-សង្កាត់ និងនៅតាមភូមិ ក្នុងឃុំ-សង្កាត់ ហើយដែលបើកធ្វើការជារៀងរាល់ថ្ងៃគិតទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ជាពិសេស​សមាជិកា សមាជិកា ដែលមានវត្តមាននៅទីនេះ បន្តបើកយុទ្ធនាការផ្សព្វផ្សាយគ្រប់ឃុំទូទាំងខេត្ត ឱ្យបានមុនថ្ងៃកាលបរិច្ឆេទ នៃការចុះឈ្មោះ របស់គ.ជ.ប»

ជាមួយគ្នានេះដែរ លោក អ៊ូ សំអួន អនុប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាលចុះជួយខេត្ត ក៏បានផ្សព្វផ្សាយសារសំខាន់ៗ មួយចំនួនដូចជា ​ប្រធានគណៈកម្មាធិការបក្សឃុំ សង្កាត់ទាំងអស់ ត្រូវធានាឱ្យបានថា សមាជិកា សមាជិកា តាមបណ្តាភូមិទាំងអស់យល់ច្បាស់ពីនិតិវិធី​ ចុះឈ្មោះបោះឆ្នោតថ្មី និងចូលរួមទៅចុះឈ្មោះបោះឆ្នោតទាំងអស់គ្នា ហើយប្រធានក្រុមបក្សនីមួយៗ ត្រូវរាយការណ៍អំពីសមាជិកគណបក្សក្នុងក្រុមរបស់ខ្លួន ជូនប្រធាន ឬអនុប្រធានសាខាបក្សភូមិ អំពីព័ត៌មានផ្សេងៗ ដូចជាសមាជិកដែលនៅឆ្ងាយ ឬមានធុរៈអ្វីមួយជាដើម។

លោកក៏បានបន្ថែមថា ​ភ្នាក់ងារគណបក្ស ត្រូវមានសៀវភៅកត់ត្រាឈ្មោះអ្នកបានចុះឈ្មោះ ដើម្បីធ្វើការផ្ទៀងផ្ទាត់ជាប្រចាំ ជាពិសេសគណៈសាខាបក្សភូមិ ត្រូវបូកសរុបប្រជាជន និងសមាជិកគណបក្ស ដែលបានទីចុះឈ្មោះបោះឆ្នោត ដើម្បីរាយការណ៍ជូនគណបក្សឃុំ សង្កាត់ ហើយគណបក្សឃុំ សង្កាត់ ត្រូវបូកបន្តទៅគណបក្សក្រុង ស្រុក។

ជាងនេះទៅទៀត លោក វុី សំណាង ក៏បានបញ្ជាក់ពីសេចក្ដីសម្រេច នៃការសម្រួលភារកិច្ចរបស់គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា រួមមាន ទី១-លោក យឹម សុខុម ពីប្រធានគណៈឃោសនាអប់រំគណបក្សខេត្ត និងតែងតាំងជាប្រធានគណៈប្រចាំការ នៃគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានគណៈចាត់តាំងគណបក្សខេត្តកំពង់ស្ពឺ ទី២-តែងតាំងលោក នួន ផារ័ត្ន សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត ជាអនុប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានគណៈឃោសនាអប់រំគណបក្សខេត្ត ទី៣-តែងតាំងលោក អ៊ិន ឃុន សមាជិក គណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការគណបក្សខេត្ត ទី៤-តែងតាំងលោក សរ សុពុត្រា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត ជាសមាជិកគណៈប្រចាំការ នៃគណៈ​អចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្តកំពង់ស្ពឺ៕