(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានថ្លែង​នៅព្រឹកថ្ងៃទី២៦ ខែសីហានេះថា ការ​ប្រយុទ្ធប្រឆាំងគ្រឿងញៀន​មិន​មែន​ចប់​កណ្តាលទីនោះទេ គឺសមត្ថកិច្ច​ត្រូវតាមដានករណី ពេល​ដែល​បញ្ជូន​ជន​ល្មើស​ដល់​តុលា​ការ​ ហើយទោះបី​តុលា​ការ​​បើក​សវនាការចប់ជាស្ថានពរក៏ដោយ ក៏សមត្ថកិច្ចត្រូវតាមដានទៀត ថាតើការទាក់ទងរវាងទណ្ឌិត ជនល្មើសជនជាប់ចោទ នៅក្នុងគុកវាយ៉ាងម៉េច?។

ការថ្លែងរបស់នាយឧត្តមសេនីយ៍ អគ្គស្នងការធ្វើឡើងក្នុងឱកាស ដែលលោកអញ្ជើញធ្វើជាអធិបតី នៅក្នុងកិច្ចប្រជុំបូកសរុបការងារប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន រយៈពេល៩ខែ ឆ្នាំ២០១៦ របស់ផែនការប្រឆាំងបទល្មើសគ្រឿងញៀន នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។ 

នាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិ ​បានជំរុញឲ្យការបង្រ្កាបគ្រឿងញៀន ធ្វើឲ្យដល់ឬសគល់មិនមែនគ្រាន់តែបញ្ជូនជនល្មើស ទៅតុលាការហើយចប់រឿងនោះទេ ត្រូវស្រាវជ្រាវដល់ឬសគល់ថា ករណីនេះអ្នកណាជាមេក្លោងចែកចាយ? តើអ្នកណាជាអ្នកទទួលផលជាដើម?។ សមត្ថកិច្ច​បានធ្វើការមួយជំហ៊ានហើយជាមួយអគ្គនាយកដ្ឋានពន្ធធនាគារ ដើម្បីសិក្សាឡើងវិញពីបញ្ហានេះ ។

នាឱកាសនោះដែរនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិបានសម្តែ​ងនូវការកោតសរសើរ ចំពោះកងកម្លាំងមានសមត្ថកិច្ច ដែលបានខិតខំបំពេញការងារ នាពេលកន្លងមកទទួលបានជោគជ័យជាពិសេសលើការបង្រ្កាបបទល្មើសគ្រឿងញៀននេះ ដែលជាបញ្ហាដ៏រសើបសម្រាប់សង្គមជាតិទាំងមូល ។

ឧត្តមសេនីយ៍ឯក ខៀវ សាម៉ន នាយកមន្ទីរប្រឆាំងគ្រឿងញៀន បានឲ្យដឹងពី​លទ្ធផលការងារប្រយុទ្ធប្រឆាំង បទល្មើសគ្រឿងញៀន រយៈពេល៩ខែឆ្នាំ២០១៦ថា កម្ពុជានៅតែទទួលរងគ្រោះថ្នាក់ នូវការដឹកជញ្ជូន ការជួញដូរគ្រឿងញៀន ជ្រៀតចូលឆ្លងកាត់តាមផ្លូវគោក ផ្លូវទឹក និងច្រកអាកាសដោយសារឥទ្ធិពល និងទំហំបទល្មើសកើតឡើងច្រើនតាមតំបន់ ជាក់ស្តែងក្នុងរយៈពេល៩ខែ ឆ្នាំ២០១៦នេះសកម្មភាពមួយចំនួន ដែលបង្ក្រាបបានតាមច្រកព្រលានយន្តហោះ៣ករណី ឃាត់ខ្លួន៥នាក់ (ថៃម្នាក់-ស្រី) នីហ្សេរីយ៉ា៣នាក់ និងរ៉ូម៉ានីម្នាក់។ រឹបអូសកូកាអ៊ីនជាង៨គីឡូក្រាម ប្រភពមកពីប្រទេសអារ៉ាប់រួមនិងនីហ្សេរីយ៉ា ។

ឧត្តមសេនីយ៍ឯកបានបន្តថា នៅច្រកព្រំដែនគោកកម្ពុជា ឡាវ (ខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ) កើតមាន៥ករណីឃាត់ខ្លួន៦នាក់ (ខ្មែរ២នាក់ ឡាវ៤នាក់) មន្ទីរប្រឆាំងគ្រឿងញៀនរឹបអូស មេតំហ្វេតាមីន (ICE) ២គីឡូក្រាម៧១៨ក្រាម។

ឧត្តមសេនីយ៍ឯកបានបញ្ជាក់ថា និយាយជារួមការបង្ក្រាបបទល្មើសសរុបរយៈពេល៩ខែឆ្នាំ២០១៦ មានចំនួន២២៦៥ករណី ឃាត់ខ្លួន៥០៥៧នាក់ (ស្រី៤៧៦នាក់) ជនជាតិខ្មែរ៤៩៥៨នាក់ (ស្រី៤៥៧នាក់) និងជនបរទេស១១សញ្ជាតិ៩៩នាក់ (ស្រី១៩នាក់) រួមមានជនជាតិវៀតណាម៦០នាក់ (ស្រី១៧នាក់) , នីហ្សេរីយ៉ា១១នាក់, ស៊ុយអែតម្នាក់, អាមេរិក២នាក់, កូរ៉េម្នាក់, ចិន១០នាក់(ស្រី១នាក់), ថៃ៣នាក់(ស្រីម្នាក់), ឡាវ៨នាក់, ហ្វាំងឡង់ម្នាក់, អូស្រ្តាលីម្នាក់ និងរ៉ូម៉ានីម្នាក់។

ឧត្តមសេនីយ៍ឯក ខៀវ សាម៉ន បានបញ្ជាក់បន្ថែមថាគ្រឿងញៀន ដែលរឹបអូសបានមានសារធាតុញៀន គ្រប់ប្រភេទទម្ងន់សរុប៦៥គីឡូក្រាម៥០០ក្រាម ក្នុងនោះមានមេតំហ្វេតាមីនម្សៅក្រាម ICEជាង ៤៤គីឡូក្រាម, មេតំហ្វេតាមីនគ្រាប់ (WY) ជាង៨គីឡូក្រាម, ហេរ៉ូអ៊ីនជាង៣គីឡូក្រាម, កូកាអ៊ីនជាង៨គីឡូក្រាម, កេតាមីនជាង៦៩ក្រាម, អ៊ិចស្តាស៊ីជាង៩០០ក្រាម។ ដោយឡែកកញ្ឆាក្រៀមជាង៤គីឡូក្រាម ដើមកញ្ឆា៦២០២៣ដើម និងប្រេងម្រះព្រៅភ្នំ៩៥គីឡូក្រាម៕