(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ លោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ ពិព័រណ៍ឧស្សាហកម្មគ្រឿងយន្តកម្ពុជាអន្តរជាតិ លើកទី៦ «The 6th Cambodia International Machinery Industry Fair» និងពិព័រណ៍ឧស្សាហកម្មសម្លៀកបំពាក់ និងវាយនភណ្ឌកម្ពុជាអន្តរជាតិ លើកទី៦ «The 6th Cambodia International Textile & Garment Industry Exhibition» នៅមជ្ឈមណ្ឌលសន្និសីទ និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។ ក្នុងពិធីនេះដែរក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកឧកញ៉ា លឹម ហេងអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងលោកឧកញ៉ា វ៉ាន់ ស៊ូអៀង ប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជា និងភ្ញៀវជាតិ អន្តរជាតិ មកពីបណ្តាស្ថាប័នរដ្ឋ និងក្រុមហ៊ុនឯកជននានា យ៉ាងច្រើនកុះករ។

ថ្លែងក្នុងពិធីសម្ពោធនេះ លោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានបញ្ជាក់ថា ការរៀបចំព្រឹត្តិការណ៍ពិព័រណ៍នេះ គឺមានសារសំខាន់ណាស់ក្នុងការជំរុញ និងអភិវឌ្ឍវិស័យឧស្សាហកម្ម និងការទាក់ទាញទុនវិនិយោគពីបរទេសមកកាន់កម្ពុជា ជាពិសេសជួយបង្កើននូវសកម្មភាពនាំចេញ នាំចូល និងក៏ផ្តល់ឱកាសអោយឧស្សាហករ ក្នុងវិស័យឧស្សាហកម្ម និង SME អាចស្វែងរកនូវគ្រឿងម៉ាសីុនល្អៗដែលមានបច្ចេកវិទ្យាថ្មីៗក្នុងការអភិវឌ្ឍន៍ខ្សែសង្វាក់ផលិតកម្មរបស់ខ្លួន ព្រមទាំងជាឱកាសសម្រាប់ការស្វែងរកដៃគូសហការគ្នាលើវិស័យធុរកិច្ចផងដែរ។ ឆ្លៀតក្នុងឱកាសនោះដែរ លោក ក៏បានជំុរុញ និងលើកទឹកចិត្តឱ្យអ្នកតាំងពិព័រណ៍ទាំងឡាយទាំងនៅក្នុងការតាំងពិព័រណ៍នេះ និងពិព័រណ៍គ្រឿងម៉ាស៉ីនលើកក្រោយៗទៀត គួរតាំងបង្ហាញឱ្យបានច្រើននូវគ្រឿងម៉ាស៉ីន និងផលិតផលបច្ចេកទេស បរិក្ខារទាំងឡាយណាដែលមានការគិតគូរខ្ពស់ចំពោះបរិស្ថាន និងការសន្សំសំចៃដែលស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍវិស័យឧស្សាហកម្មបៃតង។

លោកទេសរដ្ឋមន្ត្រី បានបន្តទៀតថា ការរៀបចំពិព័រណ៍ដែលមានលក្ខណៈវិជ្ជាជីវៈទាំងពីរនេះគឺស្ថិតក្នុងបរិយាកាសសេដ្ឋកិច្ចមួយ ដែលប្រទេសយើងកំពុងទទួលបាននូវការលូតលាស់មួយដ៏ខ្លាំងក្លា ជាពិសេសនៅពេលដែលរាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកវិស័យឧស្សាហកម្ម ជាសសរទ្រូងដ៏សំខាន់ នៃការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ហើយវិស័យនេះកំពុងចាប់ផ្តើមមានការរីកចម្រើនជាវិជ្ជមាន​ ដ៏នឹងនរក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ លោកទេសរដ្ឋមន្រ្តី ក៏បានមានប្រសាសន៍ផងដែរថា ក្រោមការដឹកនាំប្រកបដោយភាពវៀងវៃ និងប្រាកដនិយម របស់ សម្តេចតេជោ ហ៊ុន សែន សេដ្ឋកិច្ចរបស់កម្ពុជា មានការអភិវឌ្ឍន៍ និងរក្សាបាននូវកំណើនប្រចាំឆ្នាំ ជាមធ្យមប្រមាណ ៧%។ ជាមួយនឹងកំណើននេះ ការអភិវឌ្ឍន៍វិស័យឧស្សាហកម្ម កំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការសម្រេចឱ្យបាននូវចក្ខុវិស័យជាតិ ដែលត្រូវប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសដែលមានចំណូលមធ្យមនៅឆ្នាំ ២០៣០។

តាមការឲ្យដឹងពីលោកស្រី ជូឌី វ៉ង (Judy Wang) ប្រធានក្រុមហ៊ុន Yorkers Trade & Marketing Services Co., Ltd ពិព័រណ៍ទាំងពីរខាងលើនេះត្រូវបានសហការរៀបចំដោយ ក្រុមហ៊ុនរបស់លោកស្រី ជាមួយក្រសួងឧស្សាហកម្ម និងសិប្បកម្ម, សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC), សភាពាណិជ្ជកម្មកម្ពុជា (CCC) និងមានការចូលរួមគាំទ្រពីក្រសួងពាណិជ្ជកម្ម។ ពិព័រណ៍ទាំងពីរនេះត្រូវបានរៀបចំឡើងក្នុងពេលតែមួយ នៅសាលតាំងពិព័រណ៍កោះពេជ្រ រយៈពេល ០៤ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់២៩ ខែសីហា ឆ្នាំ២០១៦ ដោយមានការចូលរួមពីក្រុមហ៊ុនជាង ២០០ មកពី ១៤ប្រទេស និងតំបន់ រួមមាន កម្ពុជា អូទ្រីស ចិន អាឡឺម៉ង់ ចិនហុងកុង ឥណ្ឌា អ៊ីតាលី ជប៉ុន កូរ៉េ ម៉ាឡេស៊ី សឹង្ហបុរី ចិនតៃវ៉ាន ថៃ និងវៀតណាម មានស្តង់សរុប ២៥០ស្តង់ និងមានផលិតផលឧស្សាហកម្មសំខាន់ៗជាច្រើនប្រភេទដូចជា៖ ប្លាស្ទិក និងកៅស៊ូ, ម៉ាស៊ីនបោះពុម្ព និងវេចខ្ចប់, ការកែច្នៃម្ហូបអាហារ, គ្រឿងយន្តកសិកម្ម, អគ្គិសនី និងគ្រឿងបំភ្លឺ, លោហៈ និងស្វ័យប្រវត្តិកម្ម, ឧបករណ៍ និងគ្រឿងរឹង, វាយនភណ្ឌ និងសម្លៀកបំពាក់ និងគ្រឿងបន្លាស់រថយន្តជាដើម៕