(ព្រះវិហារ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ច និងការជួបសំណេះសំណាលជាមួយ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ គ្រូៗ សិស្សានុសិស្សប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ចាមហើយនោះ នៅព្រលឹមស្រាងៗ ពោលនៅម៉ោង៥ព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន បានបន្តដំណើរមកកាន់ខេត្តព្រះវិហារ ដើម្បីពិនិត្យសមិទ្ធផល ការងារនៅក្នុងខេត្ត ក៏ដូចជាសំណេះសំណាលជាមន្រ្តីអាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធរបស់ខេត្តផងដែរ។ ក្នុងដំណើរមកកាន់ខេត្តព្រះ វិហារមិនខុសពីបណ្តាខេត្តដទៃសម្តេចតេជោ បានចូលតាមសាលារៀនជាច្រើន និងផ្តល់អគារសិក្សាសម្រាប់សិស្សៗ ព្រមទាំងបានដោះ ស្រាយបញ្ហាមួយចំនួនធំជូនប្រជាពលរដ្ឋ។

មុនធ្វើដំណើរមកដល់ទីរួមខេត្តព្រះវិហារ នៅម៉ោងប្រមាណ៧៖៣០នាទីព្រឹកសម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចូលផ្សារទ្រីភាពបឹងទន្លេម្រេចស្ថិតក្នុងភូមិអូរពោធិ៍ ឃុំរមនីយ ស្រុករវៀង ខេត្តព្រះវិហារ។ ក្នុងផ្សារដែលស្ថិតនៅតំបន់អភិវឌ្ឍន៍របស់ឧកញ៉ា ទ្រី ភាព សម្តេចតេជោ ហ៊ុន សែន បានជួបសំណេះសំណាលជាមួយអាជីវករ ព្រមទាំងបានពិសារគុយទាវនៅទីផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ផ្សារបឹងទន្លេម្រេច បានផ្តល់ឱកាសឲ្យប្រជាពលរដ្ឋមានមុខរបរលក់ដូរក្នុងពេល ដែល មានកម្មករកម្មការនីជាច្រើនពាន់នាក់ទៀតកំពុងធ្វើការងារនៅក្នុងតំបន់អភិវឌ្ឍន៍ដាំដំណាំកៅស៊ូ និងម្រេចលើផ្ទៃដីជិត ១ម៉ឺនហិកតារបស់ឧកញ៉ា ទ្រី ភាព។

បន្ទាប់ពីបានដើរមើលការលក់ដូរ និងសំណេះសំណាលនៅក្នុងផ្សារហើយ សម្តេចតេជោ ហ៊ុន សែន អមដំណើរដោយមន្រ្តីជាន់ខ្ពស់រាជ រដ្ឋាភិបាលជាច្រើនរូបផ្សេងទៀត ក៏បន្តដំណើរឆ្ពោះមកកាន់ទីរួមខេត្តព្រះវិហារ។ ក្នុងដំណើរមកកាន់ទីរួមខេត្តព្រះវិហារនេះ សម្តេចតេជោ ហ៊ុន សែន បានចូលទៅកាន់សាលាជាច្រើនកន្លែង ដើម្បីពិនិត្យមើលការខ្វះខាត ក៏ដូចជាពិនិត្យមើលតម្រូវការរបស់គ្រូៗ និងសិស្ស។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចូលសាលារៀនចំនួន៧កន្លែង ហើយបានសម្រេចសាងសង់អគារសិក្សាចំនួន ៧ខ្នង ស្មើនិង ១២៦បន្ទប់ ព្រមទាំងបានជួយសាងសង់អគារទីចាត់ការ សាងសង់អណ្តូងទឹក ធ្វើបន្ទប់ទឹក ធ្វើរបងសាលា ខ្លោងទ្វារ និងចាក់ផ្លូវបេតុងចូលទៅ កាន់សាលារៀនផងដែរ។ សម្តេចតេចោ ហ៊ុន សែន ក៏បានឧបតម្ថថវិកាមួយចំនួនសម្រាប់សិស្ស និងគ្រូៗ។

សម្តេចតេជោ ហ៊ុន សែន ក៏បានឧបត្ថម្ភថវិកាប្រមាណ ២០លានរៀលសម្រាប់សាងសង់ព្រះវិហារ នៅក្នុងវត្តទ្រលោក ស្ថិតក្នុងភូមិអូរទ្រ លោក ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ។

ការចូលជួបសំណេះសំណាលដោយផ្ទាល់ជាមួយគ្រូ និងសិស្ស ព្រមទាំងការផ្តល់អគារសិក្សាថ្មី ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឲ្យគ្រូ និងសិស្សមានក្តីរំភើប និងរីករាយផងដែរ។ ទាំងគ្រូ និងសិស្ស សុទ្ធតែបានចាត់ទុកសម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំ ដែលយកចិត្តទុកដាក់លើសុខទុក្ខរបស់ប្រជាពលរដ្ឋ និងបានយកចិត្តទុកដាក់ខ្ពស់លើវិស័យអប់រំ។ ពួកគេយល់ថា ការផ្តល់អគារសិក្សា នេះ នឹងជួយធ្វើឲ្យការសិក្សារបស់កូនចៅប្រជាពលរដ្ឋនៅក្នុងខេត្តកាន់តែល្អប្រសើរថែមទៀត។

បន្ទាប់ពីការសម្រាក និង ស្រស់ស្រូបអាហារពេលថ្ងៃត្រង់ នៅម៉ោងប្រមាណ៣៖៣០នាទីរសៀលថ្ងៃដដែលនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ ស្រុក ក្រុង ខេត្ត មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធនៅក្នុង ខេត្ត។ មុនផ្តើមកិច្ចសំណេះសំណាលសម្តេចតេជោ ហ៊ុន សែន បានធ្វើការសម្រេចចិត្តដ៏ធំមួយសម្រាប់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋនៅក្នុងក្រុងព្រះវិហារ។

ដើម្បីបញ្ចប់ទុក្ខកង្វល់របស់ប្រជាពលរដ្ឋ ដែលបានអូសបន្លាយអស់ជាច្រើនឆ្នាំមកហើយនោះ សម្តេចតេជោ ហ៊ុន សែន បានសម្រេចកាត់ដីប្រមាណ ៨០,៥៣ហិកតា ពីផ្ទៃដីសរុបចំនួន ១៥២ហិកតា ដែលជាដីទីតាំងគ្រោងសាងសង់ព្រលានយន្តហោះ ស្ថិតក្នុងភូមិហ្មសែត សង្កាត់ប៉ាល់ហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ ជូនប្រជាពលរដ្ឋ ១២៧គ្រួសារដែលកំពុងរស់នៅទីនោះ តាំងពីយូរណាស់មកហើយ។ ចំពោះដីដែលនៅសល់ចំនួន ៧១,១៧ហិកតា គឺប្រគល់ជូនអាជ្ញាធរខេត្ត ដើម្បីធ្វើការអភិវឌ្ឍ ឬអាចបង្កើតជាសាកលវិទ្យាល័យដ៏ធំមួយបម្រើនូវការអប់រំនៅលើដីនេះតែម្តង។

ការសម្រេចរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឲ្យប្រជាពលរដ្ឋសម្តែងនូវក្តីរំភើប និងរីករាយ ដែលអ្នកខ្លះអរពេកស្ទើរតែស្រស់ទឹកភ្នែក។ ការរីករាយខ្លាំងបែបនេះ ដោយសារតែអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលពួកគេបានធ្វើសកម្មភាពទាមទារដីរបស់ពួកគេ តែមិន មានចម្លើយនោះឡើយ។

មិនត្រឹមតែសម្រេចកាត់ដីឲ្យប្រជាពលរដ្ឋនោះទេ នៅពេលល្ងាច បន្ទាប់ពីបញ្ចប់កិច្ចសំណេះសំណាលជាមួយមន្រ្តីរាជការ និងកងកម្លាំង ប្រដាប់អាវុធហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានចុះមកជួបសំណេះសំណាលដោយផ្ទាល់ជាមួយអ្នកមានជម្លោះដីធ្លីទាំងនោះផងដែរ។ ការជួបផ្ទាល់នេះ បានធ្វើឲ្យអ្នកមានជម្លោះដីធ្លីទាំងនោះ កាន់តែរីករាយថែមទៀត។

សូមបញ្ជាក់ថា ខេត្តព្រះវិហារ ជាខេត្តមួយនៅភាគខាងជើងប្រទេសកម្ពុជា មានចម្ងាយប្រមាណ ៣២០គីឡូម៉ែត្រពីរាជ ធានីភ្នំពេញ។ មានព្រំប្រទល់ខាងជើងទល់នឹងប្រទេសថៃ និង ប្រទេសឡាវ ប៉ែកខាងត្បូងទល់នឹងខេត្តកំពង់ធំ ប៉ែកខាងលិចទល់នឹងខេត្តសៀមរាប និងឧត្តរមានជ័យ ប៉ែកខាងកើតទល់នឹងខេត្តស្ទឹងត្រែង។

ខេត្តព្រះវិហារ គឺជាខេត្តទី១៦ ហើយដែលសម្តេចតេជោ បានអញ្ជើញចុះមកជួបសំណេះសំណាលជាមួយមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ បន្ទាប់ពីសម្តេចបានប្រកាសដាក់ចេញយុទ្ធនាការពីខេត្តបាត់ដំបងកាលពីខែកក្កដា កន្លងទៅ៕