(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌច្បារអំពៅ បន្ទាប់ពីមានការសម្របសម្រួលពីលោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញារងសាលារាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លូនជនសង្ស័យ២នាក់ ជាមុខសញ្ញាចែកចាយ និងប្រើប្រាស់គ្រឿងញៀន ដកហូតបានថ្នាំ១៣កញ្ចប់ ព្រមទាំងវត្ថុតាងមួយចំនួន។ ការឃាត់ខ្លួននេះ ត្រូវបានធ្វើឡើងនៅរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦នេះ នៅចំណុចរោងចាំចំការដីឡូត៍គ្មានលេខ ភូមិព្រែកថ្មី១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ។

មន្ដ្រីនគរបាលខណ្ឌ បានឲ្យដឹងថា ជនសង្ស័យទាំង២ដែលឃាត់ខ្លួនបាន ទី១-ឈ្មោះ ឌី គឹមតេង អាយុ៥២ឆ្នាំ ​ទី២-ឈ្មោះ ពេញ ពូក​ អាយុ២៥ឆ្នាំ​ ក្នុងនោះកម្លាំងជំនាញដកហូតបានថ្នាំញៀនប្រភេទ ក្រាមពណ៌សថ្លា១៣កញ្ចប់ ឧបករណ៍ជក់ថ្នាំញៀន៤កំប្លេរ ដាវ២ដើម ព្រមទាំងឧបករណ៍ប្រើប្រាស់ជាច្រើនទៀតផងដែរ។

មន្ដ្រីដដែល បញ្ជាក់ថា បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានបញ្ជូនខ្លួនទៅ​អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីចាត់ការតាមនីតិវិធី៕