(ភ្នំពេញ)៖ លោក រស់ សាលីន អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានប្រាប់អង្គភាព Fresh News នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦នេះថានៅ រសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦នេះ ប្រធានមណ្ឌលកំណែប្រចាំ១០មណ្ឌលនៅរាជធានីភ្នំពេញ បានចូលរួមប្រជុំណែនាំដល់សមាជិករបស់ខ្លួនដើម្បី ផ្ទៀងផ្ទាត់កាត់ក្បាលសន្លឹកកិច្ចការសិស្សបាក់ឌុបជាបណ្តើរៗហើយ។

លោក រស់ សាលីន បានបន្តទៀតថា ការប្រជុំណែនាំពីកាត់ក្បាលសន្លឹកកិច្ចការសិស្សបាក់ឌុបនេះ គឺធ្វើឡើង ដើម្បីឈានទៅដល់ការ កាត់ឈ្មោះដាក់លេខសំងាត់ នៅក្នុងកិច្ចការសិស្ស បន្តមកទើបមានការកែកិច្ចការសិស្សបាន។

យ៉ាងណាក៏ដោយ ក្រសួងអប់រំ នៅមិនទាន់បានកំណត់ថ្ងៃកែកិច្ចការរបស់បេក្ខជនសិស្សបាក់ឌុបឡើយ ដរាបណា កិច្ចការរបស់បេក្ខជ នៅមិនទាន់បាន កាត់ក្បាលសន្លឹក និងចុះលេខសំងាត់ រួចរាល់តាមនីតិវិធី។

គណៈមេប្រយោគ និងគណៈកម្មការអប្បមាទទូទាំងប្រទេស ប្រចាំរាជធានី-ខេត្ត នៅរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ បានប្រគល់ ហិបសន្លឹក កិច្ចការបេក្ខជន និងសំណុំឯកសារផ្សេងៗពីមណ្ឌល ប្រឡងទាំង ១៥៧ នៅទូទាំងប្រទេស ប្រគល់ជូនគណៈមេប្រយោគ ទូទាំងប្រទេសរួចរាល់ ។

សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំណេះទូទៅ និងបំពេញវិជ្ជា បានប្រព្រឹត្តិរយៈពេលពីរថ្ងៃ គឺថ្ងៃទី២២-២៣ ខែសីហា  ឆ្នាំ២០១៦ ដែលមានថ្នាក់វិទ្យាសាស្ត្រ និងថ្នាក់វិទ្យាសាស្ត្រសង្គម រួមមានបេក្ខជនប្រឡងសរុប៩៣,៧៥២នាក់ មានមណ្ឌលប្រឡង១៥៧ ចែកចេញជា ៣,៧៨២ បន្ទប់ នៅរាជធានី-ខេត្តទាំង ២៥៕