(ស្វាយរៀង)៖ លោក ប៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានប្រាប់អង្គភាព Fresh News នៅមុននេះបន្តិចថា នៅក្នុងឃុំចន្ទ្រា ដែលមានផ្ទៃដី ២០០ហិកតា និងនៅឃុំប្រាសាទ ក្រុងបាវិត ចំនួន៤០ហិកតា គឺគ្មានការជួលដីខ្មែរ នៅតាមព្រំដែន ទៅឲ្យជនជាតិវៀតណាម នៅក្នុងទឹកដីខេត្តស្វាយរៀងឡើយ។ ការអះអាងរបស់ លោក ប៉ែន វិបុល អភិបាលខេត្តស្វាយរៀង ធ្វើឡើងក្រោយពីគណៈកម្មការត្រួតពិនិត្យ សហការជាមួយអភិបាលរងខេត្តស្វាយរៀង ចុះត្រួតពិនិត្យដោយផ្ទាល់ តាមមូលដ្ឋាន ហើយពិនិត្យឃើញថា គ្មានការជួលដូចការលើកឡើងរបស់ គណបក្សសង្រ្គោះជាតិឡើយ។

លោក ប៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានបញ្ជាក់ថា «ក្រុមការងារត្រួតពិនិត្យ ដែលដឹកនាំដោយអភិបាលរងខេត្តស្វាយរៀង បានចុះទៅត្រួតពិនិត្យដោយផ្ទាល់ នៅក្នុងឃុំចំនួនពីររួចរាល់ហើយ នៅក្នុងនោះ មានឃុំចន្រ្ទា ចំនួនដី២០០ហិចតា​ក្រោយការពិនិត្យគឺគ្មានការជួលដីទេ មានតែប្រជាពលរដ្ឋធ្វើស្រែចំការធម្មតា។ រីឯឃុំប្រាសាទ ក្រុងបាវិត ចំនួន៤០ហិកតាក៏ដូចគ្នាដែរ គឺគ្មានការជួលដីខ្មែរឲ្យទៅជនជាតិវៀតណាមទេ នៅឆ្នាំ២០១៦នេះទេ។ ប៉ុន្តែកាលបីឆ្នាំ២០១៥គឺមាន តែក្រោយមានការប្រកាសចាត់វិធានការ និងលុបបំបាត់ គឺគ្មានការជួលទៀតឡើយ»

លោក ប៉ែន វិបុល បានបញ្ជាក់ឲ្យដឹងទៀតថា នៅសល់តែឃុំទួលស្តីមួយទៀតទេ ដែលក្រុមការងារ និងអាជ្ញាធរនៅមិនទាន់បានចុះទៅត្រួតពិនិត្យនៅឡើយ​ដោយសារតែ នៅក្នុងឃុំនេះត្រូវប្រើពេលវេលាធ្វើដំណើរយូរ ទៅអាចទៅដល់បាន។

យ៉ាងណាក៏ដោយ លោក ប៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានបញ្ជាក់ហើយថា នៅពីរឃុំខាងលើគឺពិតជាគ្មានការជួលដីខ្មែរ នៅតាមព្រំដែន ទៅឲ្យជនជាតិវៀតណាម នៅក្នុងទឹកដីខេត្តស្វាយរៀងឡើយ។

កាលរពីពេលថ្មីៗនេះ ឃើញថា ក្រុមតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ បានដាក់សំណើមួយទៀត ជូនសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឱ្យចាត់វិធានការបន្ថែម ដើម្បីបញ្ឈប់ការជួលដីខ្មែរ នៅតាមព្រំដែនឱ្យទៅជនជាតិវៀតណាម នៅក្នុងទឹកដីខេត្តស្វាយរៀង។ ក្រុមតំណាងរាស្រ្ត បានលើកឡើងតាមលិខិតរបស់ខ្លួនថា សកម្មភាពជួលដីស្រែទៅឱ្យជនជាតិវៀតណាម នៅតាមព្រំដែនកម្ពុជា-​វៀតណាម នាខេត្តស្វាយរៀង នៅតែបន្តមានតាមរូបភាពឱ្យជនជាតិខ្មែរ​ ធ្វើជាតំណាងដែលមានអាជ្ញាធរមូលដ្ឋានជួយបិទបាំង។

លិខិតរបស់ក្រុមតំណាងរាស្រ្ត គណបក្សប្រឆាំង បានបញ្ជាក់បន្ថែមថា ជាក់ស្តែងនៅឃុំទួលស្តី និងឃុំចន្ទ្រា ស្រុកចន្ទ្រា មានការជួលដីឱ្យប្រជាពលរដ្ឋវៀតណាម ធ្វើស្រែចំនួន១៩៦ហិកតា (ឃុំទួលស្តី) និងចំនួន២០០ហិកតា (ឃុំចន្ទ្រា) ហើយនិងនៅសង្កាត់ប្រាសាទ ក្រុងបាវិត ចំនួន៤០ហិកតាថែមទៀត។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានក្រើនរំលឹកម្តងហើយម្តងទៀត ដល់មន្រ្តីនៅតាមបណ្តាខេត្តជាប់ព្រំដែនប្រទេសវៀតណាម ត្រូវទប់ស្កាត់ និងរារាំងកុំឲ្យមានការជួលដីទៅឲ្យប្រទេសវៀតណាម ជាដាច់ខាត។ ការថ្លែងក្រើនរំលឹករបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើង នៅក្នុងជំនួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ ក្រុមប្រឹក្សា ខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់ និងកងកម្លាំង ប្រដាប់អាវុធនៅខេត្ត កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦។ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់នៅលើទំព័រ Facebook នាព្រឹកថ្ងៃទី១៧ ខែសីហា នេះថា «ហាមដាច់ខាតការជួលដី ឲ្យប្រជាជនវៀតណាម។ នេះមិនមែនសម្រាប់តែខេត្តតាកែវមួយទេ គឺសម្រាប់ខេត្តទាំងអស់ ដែលមានព្រំប្រទល់ជាមួយវៀតណាម»

កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញសារាចរមួយដែរ ដោយណែនាំឲ្យ អភិបាលខេត្តនៅជាប់ព្រំដែនវៀតណាម ថៃ និងឡាវ ឲ្យបញ្ឈប់ សកម្មភាពជួលដី នៅតាមព្រំដែនទៅឲ្យប្រជាពលរដ្ឋ នៃប្រទេស ជាប់ព្រំដែនទាំងអស់នេះ ដែលវានឹងបង្កឲ្យមានផលលំបាក ក្នុងការគ្រប់គ្រង និងអាចបង្កឲ្យមានភាពស្មុគស្មាញផ្សេងៗ ដើម្បីចៀសវាងបញ្ហាផ្សេងៗដូចជា ដីខ្មែរស្រែវៀតណាម ដីខ្មែរស្រែថៃ ឬដីខ្មែរ ស្រែឡាវជាដើម៕