(អង់ការ៉ា)៖ គ្រោះធម្មជាតិរញ្ជួយដីកម្រិត ៦,១រ៉ិចទ័រ ដែលបានវាយប្រហារសមុទ្រ Flores ស្ថិតនៅខេត្ត Nusa Tenggara ភាគខាងកើតប្រទេសឥណ្ឌូណេស៊ី កាលពីយប់ថ្ងៃពុធនោះ មិនបានបណ្តាលឲ្យមនុស្សណាម្នាក់រងគ្រោះ ថ្នាក់នោះទេ ហើយដោយឡែកក៏គ្មានរលកយក្សស៊ូណាមិកើតឡើងនោះដែរ។ នេះបើតាមការចេញផ្សាយនៅរសៀល ថ្ងៃព្រហស្បតិ៍ ទី២៥ ខែសីហា ឆ្នាំ២០១៦ ដោយសារព័ត៌មាន AA English របស់ឥណ្ឌូណេស៊ី។

អ្នកនាំពាក្យទីភ្នាក់ងាររដ្ឋលោក Sutopo Purwo Nugroho  បានបញ្ជាក់នៅថ្ងៃព្រហស្បតិ៍នេះថា រញ្ជួយដីបានកើត មានឡើងនៅចម្ងាយ ១០៥គីឡូម៉ែត្រ នៃភាគពាយ័ព្យរបស់ខេត្ត Nusa Tenggara ភាគខាងកើតឥណ្ឌូណេស៊ី ដែលជាតំបន់ឆ្នេរ ហើយវាបានញ័រចេញពីក្នុងជម្រៅដី ៥៣៧គីឡូម៉ែត្រ។

គួរបញ្ជាក់ថា ឥណ្ឌូណេស៊ីត្រូវបានចាត់ចូលជាប្រទេសស្ថិតនៅក្នុងតំបន់ខ្សែក្រវ៉ាត់ភ្នំភ្លើង នៃមហាសមុទ្រប៉ាស៊ីហ្វិក ដែលងាយនឹងកើតមានបន្ទុះភ្នំភ្លើង និងរញ្ជួយដី។ សម្រាប់កម្រិតញ័ររញ្ជួយ ៦,១ ចាត់ទុកជាកម្រិតបង្គួរមួយ ដែលវាអាចបង្កគ្រោះថ្នាក់ខ្លាំងបើកើតមានលើដីគោក ប៉ុន្តែសម្រាប់ក្នុងទឹកវិញ វាមិនបង្កគ្រោះថ្នាក់នោះឡើយ៕