(កំពង់ធំ)៖ ប្រជាពលរដ្ឋចំនួន៤១គ្រួសារ ដែលរស់នៅលើដីរបស់ មន្ទីរកសិកម្មខេត្តកំពង់ធំ អស់រយៈកាលជាច្រើនឆ្នាំហើយនោះ ស្ថិតនៅក្នុងភូមិបល្ល័ង្ក ខាងលេច សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន  នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦នេះ បាននាំគ្នាមកកាន់សាលាខេត្ត សូមឲ្យអាជ្ញាធរជួយផ្តល់ប្លង់ដី កម្មសិទ្ធិស្របច្បាប់ ដល់ពួកគាត់។

ជុំវិញបញ្ហាខាងលើនេះ លោក ធីវ វណ្ណធី ប្រធានមន្ទីរកសិកម្មខេត្ត បានឲ្យដឹងថា ប្រជាលរដ្ឋចំនួ៤១គ្រួសារដែលបាន ស្នើសុំដីស្របច្បាប់ទំហំ ជិត៩ហិចតានេះ គឺជាដីរបស់រដ្ឋមន្ទីរ ពុំមានសិទ្ធសម្រេចនោះទេ ហើយមន្ទីរកសិកម្មបានធ្វើរបាយការណ៍ ជូនក្រសួងរួចដែរ ទាល់តែក្រសួងទើបមានសិទ្ធសម្រច។

ប្រជាពលរដ្ឋចំនួន៤១គ្រួសារខាងលើនេះ បាន លើកហេតុផលថា ដីនេះ ពួកគាត់នាំគ្នាមករស់នៅអ្នកខ្លះតាំងពីឆ្នាំ ១៩៨០ នៅមិនទាន់មានកម្មសិទ្ធនោះទេ នៅពេលដែលត្រូវការសាងសង់អ្វីបន្តិច ត្រូវបានគេហាមឃាត់ភ្លាមៗ។

ក្នុងនោះផងដែរ លោក គង់ វិមាន អភិបាលរងខេត្ត តំណាងឲ្យលោក អ៊ុត សំអន អភិបាលខេត្តកំពង់ធំ បានថ្លែងថា «អាជ្ញាធរខេត្តនៅខាងបងប្អូនប្រជាពលរដ្ឋជានិច្ច តែសូមពន្យាពេលតែបន្តិច រង់ចាំអាជ្ញាធរស្រាវជ្រាវឲ្យបានច្បាស់លាស់ និងនាំយកនូវសំនូមពរនេះមកប្រជុំពិភាក្សាជាមួយក្រុមការងារថ្នាក់ជាតិ ដើម្បីស្នើសុំទៅក្រសួងកសិកម្មលោកសម្រេច ចំណែកអាជ្ញាធរខេត្ត មិនមានសិទ្ធិនោះទេ ពីព្រោះជាដីរបស់រដ្ឋ ដែលស្ថិតនៅក្រោម ការគ្រប់គ្រងរបស់ ក្រសួងកសិកម្មហើយអាជ្ញាធរខេត្ត ក៏មិនទុកឲ្យបងប្អូនគ្មានប្លង់កាន់កាប់នោះដែរ »

ដំណោះស្រាយនេះធ្វើឲ្យប្រជាពលរដ្ឋ រីករាយសប្បាយចិត្តយ៉ាងខ្លាំងដោយសារតែ សំនូមពររបស់ពួកគាត់ត្រូវបាន អាជ្ញាធរខេត្ត យកចិត្តទុកដាក់និងជួយគាំទ្រអំពីការស្នើសុំនេះ៕