(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឲ្យដឹងថាប្រទេសកម្ពុជា បច្ចុប្បន្ននេះ ត្រូវបានគេឱ្យចំណាត់ថ្នាក់លេខ៤ ក្នុងចំណោមប្រទេសដែលសម្បូរត្រីទឹកសាបច្រើនជាងគេ ក្នុងតំបន់បន្ទាប់ពីប្រទេស ចិន ឥណ្ឌា និងបង់ក្លាដែស។

ការលើករបស់លោករដ្ឋមន្ដ្រី ត្រូវបានធ្វើក្នុងពិធីលែងកូនត្រី មានក្នុងអាងទឹកជាំតាហឹង ស្ថិតក្នុងភូមិស្រម៉ ឃុំទឹកជ្រៅ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦នេះ ។ ពិធីនេះ ក៏មានការចូលរួមពីមន្ដ្រីរាជការ និងប្រជាពលរដ្ឋជាង១០០០នាក់ផងដែរ។

លោក វេង សាខុន បានបញ្ជាក់យ៉ាងដូច្នេះថា «ប្រទេសកម្ពុជាយើង ត្រូវបានចាត់ទុកថា ជាប្រទេសសម្បូរត្រីទឹកសាបច្រើនជាងគេក្នុងតំបន់ ដោយជាប់ចំណាត់ថ្នាក់លេខ៤ បន្ទាប់ពីប្រទេសចិន ឥណ្ឌា និងបង់ក្លាដេស»

លោករដ្ឋមន្ដ្រី បានបន្ថែមថា ប្រជាជនកម្ពុជាចូលចិត្តបរិភោគត្រីច្រើនជាងសាច់សត្វផ្សេងៗ ដែលមានបិរមាណរហូតដល់ជាង៦០គីឡូក្រាម​ ក្នុងមួយនាក់ ក្នុងមួយឆ្នាំ គឺស្មើនឹង៣ដងនៃបរិមាណត្រីដែលប្រជាជន លើពិភពលោកបរិភោគជាមធ្យម មានត្រឹមតែ១៦.៥គីឡូក្រាមតែប៉ុណ្ណោះ ហើយប្រពៃណីប្រជាជនកម្ពុជា បានចាត់ទុកថា ត្រីជាអាហារដ៏សំខាន់ប្រចាំថ្ងៃបន្ទាប់ពីស្រូវអង្ករផងដែរ។

យ៉ាងណាក៏ដោយ នៅក្នុងវេទិកាស្តីពីការការពារ និងអភិរក្សធនធានធម្មជាតិ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ កន្លងទៅ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ចំនួនត្រីទឹកសាបនាពេលបច្ចុប្បន្ននេះ មិនអាចចិញ្ចឹមប្រជាពលរដ្ឋខ្មែរ១៥លាននាក់បានទេ។ សម្តេចបានជំរុញឱ្យសមត្ថកិច្ចជំនាញបង្កើនទប់ស្កាត់ ការប្រើប្រាស់ឧបករណ៍នេសាទទាំងឡាយ ដែលច្បាប់ហាមឃាត់៕