(ពោធិ៍សាត់)៖ លោក អ៊ឹង គឹមលាង អភិបាលរងខេត្តពោធិ៍សាត់ បានអំពាវនាវដល់យុវជនយុវតីទាំងអស់ ត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន និងទទូចសុំឲ្យអាណាព្យាបាលទាំងអស់ ត្រូវយកចិត្តទុកដាក់ អប់រំកូនចៅរបស់ខ្លួន កុំឲ្យប្រើប្រាស់គ្រឿងញៀន ព្រោះវានឹងក្លាយជាមេរោគបំផ្លាញសង្គមគ្រួសារ និងសង្គមជាតិទាំងមូល។

ការ​អំពាវនាវ របស់លោកអភិបាលរង​បែបនេះ ត្រូវបានធ្វើឡើង ក្នុងទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំងការចរាចរ និងការប្រើប្រាស់គ្រឿងញៀន ក្រោមប្រធានបទ «ចូលរួមទាំងអស់គ្នាដើម្បីជីវិត និងសហគមន៍យើងគ្មានគ្រឿងញៀន» នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦នេះ នៅបរិវេណវិទ្យាល័យពោធិ៍សាត់។

ក្នុងពិធីនេះដែរ ក៏មានការចូលរួមពីលោក ឈុន សុង សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី ប្រធានអនុប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ លោកគ្រូអ្នកគ្រូ និងក្មួយៗសិស្សានុសិស្សជាច្រើនផងដែរ៕