(កណ្តាល)៖ បុរសអ្នករត់ម៉ូតូឌុបម្នាក់ ត្រូវអ្នកជិះម៉ូតូរបស់ខ្លួនកាប់ចំនួន២ពូថៅ បណ្តាលឲ្យរងរបួសធ្ងន់ ក្រោយកើតហេតុទើបដឹងថា ជាមនុស្សសតិមិនគ្រប់ ដែលហេតុការណ៍នេះ បានកើតឡើងនៅ

ចំណុច​ចំការស្វាយ ភូមិ​បត្តាជី សង្កាត់​ព្រែកហូរ​ ក្រុង​តាខ្មៅ​ ខេត្ត​កណ្ដាល​។

នគរបាលបានឲ្យដឹងថា ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ ដោយជនរងគ្រោះឈ្មោះ ​យិន​ ហ៊ន់​ ភេទ​ប្រុស​ អាយុ​៣៤ឆ្នាំ ​មានមុខរបរត់ម៉ូតូឌុប ស្នាក់នៅភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល មានស្រុកកំណើត ភូមិ​ព្រេង​ ឃុំមោងរាវ ស្រុក​ត្បូង​ឃ្មុំ​ កំពង់ចាម​។

ចំណែកជនដៃដលវិញ ឈ្មោះ ឈាន ឆុន​ ភេទ​ប្រុសអាយុ​៥៣ឆ្នាំ ទីលំនៅភូមិ​ព្រែកហូរ​កើត​ សង្កាត់​ព្រែកហូរ​ ក្រុង​តាខ្មៅ​ ខេត្ត​កណ្ដាល​។

នគរបាលបានបន្តថា បើយោងតាមការសាកសួរ ម្នម៉ោងកើតហេតុជន រងគ្រោះបានឌុបជនសង្ស័យពីមុខវត្តព្រែកហូរទៅក្រុម ហ៊ុនហេង អភិវឌ្ឍ​ន៌ ដោយឲ្យ​តំលៃ​៣០០០រៀល ពេលទៅ​ដល់​ជនសង្ស័យ​មិន​ចុះទេ​ឲ្យបន្ត​ទៅ​ស្ពាន​ដែក ​ជាប់​ព្រំប្រទល់​ព្រែកហូរ​ ពេលបន្តដំណើរដល់ស្ពានដែកហើយ ​ជនល្មើសនៅ​តែមិន​ព្រមចុះ​ទៀត​ ដោយឲ្យ​បន្ត​ដំណើរ​មក​ផ្លូវ​៦០ម៉ែត្រវិញ ដោយប្រាប់ជនរង​គ្រោះ​ថា ទៅ​ចំការ​ស្វាយ​របស់​គាត់​ លុះទៅដល់ចំណុចចំការស្វាយ ជនល្មើស​បាន​សួរ​ជនរងគ្រោះ​ម្តង​ទៀត​ថា យកថ្លៃប៉ុន្មាន​ ពេលនោះជនរងគ្រោះប្រាប់យក ៣០០០រៀល។

ជនសង្ស័យវិញ ក៏​ដើរ​ជុំ​វិញ​ម៉ូតូ​ហើយបាន​យកដៃស៊ក​ក្នុង​អាវ រួច​​ទាញ​ពូថៅ​ពី​ក្នុង​អាវ កាប់​ទៅលើក្បាល​ជនរងគ្រោះពីក្រោយចំនួន​២ពូថៅ បណ្តាលឲ្យរងបួសរយ:ក្បាលផ្នែកខាងក្រោយហូរឈាម ភ្លាមនោះជនរងគ្រោះបាន​រត់​ចោល​ម៉ូតូ ​ស្រែកឲ្យ​គេជួយ​ តែ​មិនមាន​អ្នក​ជួយ​ទេ​ ជនរងគ្រោះ​ក៏​ត្រឡប់​មកវិញ​យកបានមែកស្វាយ ​វាយ​ដៃ​ជនល្មើស​ដែល​កាន់​ពូថៅ​ធ្លាក់​ពូថៅ​ពីដៃ ហើយ​បាន​រើសយក​ពូថៅ​ជិះ​ម៉ូតូមក​ប្តឹង​នគរបាល​។

នគរបាលបានបន្តថា ក្រោយពីឃាត់ខ្លួនជនសង្ស័យមកសាកសួរទើបដឹងថា ជាមនុស្សសតិមិនគ្រប់ នៅចំពោះមុខនគរបាលជនសង្ស័យនិយាយថា ការកាប់ជនរងគ្រោះនេះ គឺដោយសារខឹងជនរងគ្រោះសម្លាប់ឪពុកម្តាយគេ តែការពិតម្តាយឪពុកនៅរស់ ហើយនៅផ្ទះជាមួយគ្នាផងដែរសព្វថ្ងៃ។

បើតាមក្រុមគ្រួសារនិយាយថា ជនសង្ស័យជាមនុស្សផឹកស្រាប្រចាំ ប៉ុន្តែកាលពីមុនមិនអីទេ ប៉ុន្តែ២ទៅ៣ថ្ងៃមុននេះ ជនសង្ស័យចេះតែនិយាយម្នាក់ឯង ដើរស្រាតក៏មាន ហើយបងប្អូនបានចាក់សោរថែរក្សាទុក តែមុនពេលមានរឿងហេតុជនសង្ស័យ បានកាត់សោរចេញរួចលួចចេញ រហូតមានរឿងហេតុកើតឡើងតែម្តងទៅ។

ដោយឡែកមានករណីកាប់២ពូថៅ ដូចគ្នានេះផងដែរ កើតឡើងកាលពីវេលាម៉ោង១៦៖៣០នាទីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅកំពង់ដររបស់ឈ្មោះ សួ ស៉ីម ភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ។

នគរបាលបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ខន ម៉ារ៉េន ភេទប្រុសអាយុ៣១ឆ្នាំ ជនជាតិខ្មែរមានមុខរបរ ជាកសិករ នៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។ ចំណែកជនសង្ស័យត្រូវបានគេស្គាល់ឈ្មោះ ជិន ប្រុសភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរមុខរបរកសិកររស់នៅ ភូមិ ឃុំជាមួយគ្នាកំពុងរត់គេចខ្លួន។

នគរបាលបានបន្តថា មុនពេលកើតហេតុជនរងគ្រោះឆ្លងទូកដរ របស់ឈ្មោះសួ ស៉ីម យកបន្លែមកលក់នៅត្រើយខាងលិច លុះពេលលក់អស់ជនរងគ្រោះអង្គុយរាប់លុយ ថ្លៃលក់បន្លែ ពេលនោះមិនដឹងជាមានរឿងអ្វី ស្រាប់តែជនសង្ស័យដើរ មកពីខាងលិច ដោយដៃមានកាន់ពូថៅ ចូលមកកាប់ជនរងគ្រោះចំក្បាល ផ្នែកខាងក្រោយចំនួន០២ ពូថៅ បណ្តាលឲ្យរងរបួសជាទម្ងន់ ភ្លាមៗនោះត្រូវបានគេដឹកបញ្ជូនទៅសង្គ្រោះនៅគ្លីនិកឯកជន តែដោយសារស្ថាភាពរបួសធ្ងន់ធ្ងរពេក ទើបបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យភ្នំពេញ ដើម្បីជួយសង្គ្រោះអាយុជីវិត៕