(ពោធិ៍សាត់)៖ បុរសម្នាក់ជិះម៉ូតូក្នុងល្បឿនលឿន បានបុកជាមួយរថយន្តដឹកទំនិញ ពីក្រោយមួយទំហឹង ស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៦៖៤៧នាទីយប់ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ នៅលើផ្លូវក្រាលកៅស៊ូបឹងកន្ទួត-កំពង់ពោធ៍ ចម្ងាយពីក្បាលថ្នល់១៥០០ម៉ែត្រ ស្ថិតក្នុងភូមិអូរអញ្ចាញ ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់។

លោក ឯម រុន អធិការនគរបាលស្រុកក្រគរ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងព្រឹកនេះថា ម៉ូតូរបស់ជនរងគ្រោះម៉ាក Dream C125 ពណ៌ខ្មៅ ស៊េរី២០១៦ ពាក់ស្លាកលេខ ពោធិ៍សាត់ 1C-1748 បើកបរដោយឈ្មោះ ហេង ប៊ុនធឿន ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិពោធិ៍ក្នុង ឃុំកំពង់ពោធិ៍ ស្រុកក្រគរ ខេត្តពោធិ៍សាត់ (ស្លាប់) បានបើកម៉ូតូបុកជាមួយរថយន្តម៉ាក KAI ពណ៌លឿងលាយទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ 3C-9302 បើកបរដោយឈ្មោះ គង់ ចាន់រឿន ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិពោធិ៍អង្ក្រង ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់។

លោកអធិការបានបន្តថា មុនពេលកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូយ៉ាងលឿន ក្នុងទិសដៅស្របទិសគ្នា ពីត្បូងទៅជើង តែមិនដឹងជាយ៉ាងម៉េចម្ចាស់ម៉ូតូបើកម៉ូតូ ទៅបុកគូថរថយន្តពេញមួយទំហឹង បណ្តាលឲ្យរងរបួសធ្ងន់បាក់ជើងស្តាំ ពេលបញ្ជូនដល់មន្ទីរពេទ្យដាច់ខ្យល់ស្លាប់តែម្តង។

បច្ចុប្បន្នសាកសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ដោយឡែកម៉ូតូយកទៅរក្សាទុកនៅប៉ុស្តិ៍ រីឯរថយន្តប្រគល់ជូនម្ចាស់គេវិញ៕