(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦នេះ បានរៀបចំកិច្ចប្រជុំមួយ ស្តីពីការប្រែប្រួលក្នុងវិស័យកសិកម្ម និងវិធានការគួរអនុវត្ត ជាមួយភាគីពាក់ព័ន្ធ នាទីស្ដីការក្រសួងកសិកម្ម។

កិច្ចប្រជុំនេះ បានបើកពិភាក្សា និងរកឃើញពីចំណុចខ្លាំង និងចំណុចនៃវិស័យកសិកម្ម នៅកម្ពុជា ព្រមទាំងបានលើកឡើងនូវវិធីសាស្រ្តមួយចំនួន ដើម្បីយកទៅដោះស្រាយបញ្ហាប្រឈមនានា។

លោក ម៉ាទីន ហ្គាមឺត អ្នកជំនាញការវិទ្យាស្ថានស្រាវជ្រាវស្រូវអង្ករអន្តរជាតិ បានបង្ហាញនូវរបកគំហើញពីការប្រែប្រួល ក្នុងវិស័យកសិកម្មមួយចំនួន រួមមាន៖ ១.កម្លាំងពលកម្មមានការថយចុះ, ២.ទីផ្សារតម្រូវការផលិតផលដែលមានគុណភាព, ៣.ប្រជាជនមានកំណើនឆាប់រហ័ស, ៤.ការប្រែប្រួលអាកាសធាតុ, ៥.តម្រូវការបច្ចេកទេស និងបច្ចេកវិទ្យាមានការកើនឡើង។

លោក ម៉ាទីន ហ្គាមឺត បានបន្តថា កត្តាដែលអាចជំរុញឲ្យមានការប្រែប្រួលក្នុងវិស័យកសិកម្ម មានដូចជា «ការបញ្ចូលដីស្រែតូចៗចូលគ្នា, លើកទឹកចិត្តចំពោះការផលិតផលិតផលមានគុណភាព, ផ្តល់វិញ្ញាបនបត្រដល់អ្នកអនុវត្តកសិកម្មល្អៗ, អនុវត្តកសិកម្មតាមកិច្ចសន្យា, និងជម្រុញខ្សែសង្វាក់ផលិតកម្មកសិកម្មតាមលក្ខណៈពាណិជ្ជកម្ម»។

ជាមួយគ្នានេះ លោករដ្ឋមន្រ្តី វេង សាខុន ក៏បានកោតសសើរចំពោះជំនាញការ មកពីវិទ្យាស្ថានស្រាវជ្រាវស្រូវអង្ករអន្តរជាតិ ដែលបានរកឃើញនូវចំណុចខ្លាំង និងចំណុចខ្សោយនៃវិស័យកសិកម្មនៅកម្ពុជា។

ទន្ទឹងនឹងនេះ លោករដ្ឋមន្រ្តីបានណែនាំឱ្យ វិទ្យាស្ថានគប្បីធ្វើការស្រាវជ្រាវបន្ថែម ទៅលើការព្យាករណ៍ការប្រែប្រួលបរិមាណកសិករ និងកម្រិតជីវភាពប្រជាកសិករខ្នាតតូច ខ្នាតមធ្យម និងខ្នាតធំ ធៀបទៅនឹងកំណើនសេដ្ឋកិច្ច និងដើម្បីពិនិត្យមើល នូវសក្តានុពលដែលរាជរដ្ឋាភិបាល បានផ្តោតការចាប់អារម្មណ៍ និងជំរុញការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីលើកកម្ពស់វិស័យកសិកម្ម ឱ្យស្របទៅនឹងការវិវឌ្ឍនៃសេដ្ឋកិច្ចជាតិ៕