(ភ្នំពេញ)៖ ធនាគារអេស៉ីលីដា នៅថ្ងៃទី២៤​ ខែសីហានេះ បានប្រកាសថា ខ្លួនបានទទួលការព្រមព្រៀង ផ្តល់ហិរញ្ញប្បទានរយៈពេលវែង (កម្ចីរយៈពេលវែង) ដែលមានចំនួន រហូតដល់១២៥លានដុល្លារ ពីសហរដ្ឋអាមេរិក ដើម្បីជួយដល់សហគ្រាសធិនតូច និងមធ្យមរបស់កម្ពុជា។

លោក អ៉ិន ចាន់នី ប្រធាននាយកប្រតិបត្តិនៃធនាគារ អេស៉ីលីដា បានថ្លែងប្រាប់អង្គភាព Fresh News នៅល្ងាចថ្ងៃទី២៤ ខែសីហានេះថា នេះជាលើកទី១ហើយ ក្នុងប្រវិត្តសាស្ត្រកម្ពុជាដែល សាជីវកម្មវិនិយោគឯកជនក្រៅប្រទេស (Overseas Private Investment Corporation-OPIC) របស់អាមេរិក សម្រេចផ្តល់ហិរញ្ញប្បទានរយៈពេលវែង និងមានទំហំធំ រហូតដល់១២៥លានដុល្លារដល់កម្ពុជា។  

លោកថា កម្ចីរយៈពេលវែងនេះ មានអាយុកាលរហូតដល់៧ឆ្នាំ ហើយនឹងត្រូវយកទៅផ្តល់ហិរញ្ញប្បទានបន្ត ដល់សហគ្រាសធុនតូច និងមធ្យមរបស់កម្ពុជា ដែលកំពុងត្រូវការដើមទុន សម្រាប់ដំណើរការជីវកម្មរបស់គេ រយៈពេលវែង។

លោក អ៉ិន ចាន់នី បានបញ្ជាក់ថា «នេះជាលើទី១ហើយ សម្រាប់កម្ពុជា ដែលទទួលបានហិរញ្ញប្បទាន ពីសហអាមេរិករយៈពេលវែង រហូតដល់៧ឆ្នាំ និងទំហំធំបែបនេះ ដែលកន្លងទៅ យើងធ្លាប់តែទទួលបាន ពីបណ្តាប្រទេសនៅអឺរ៉ុប និងអាស៉ីតែប៉ុណ្ណោះ»

ប្រធាននាយកប្រតិបត្តិរូបនេះ បានឲ្យដឹងទៀតថា កម្ចីរយៈពេលវែងនេះ អេស៊ីលីដា នឹងផ្តល់កម្ចីដល់សហគ្រាសធុនតូច និងធម្យមកម្ពុជា ក្នុងរយៈពេលវែងផងដែរ គឺពី៣ទៅ៥ឆ្នាំ ដែលតម្រូវការចាំរបស់សហគ្រាសទាំងនោះ។

លោក អ៉ិន ចាន់នី បានបញ្ជាក់ថា ហិរញ្ញប្បទានទាំង១២៥លានដុល្លារនេះ អេស៉ីលីដានឹងទទួលយកពី OPIC ជា២ដំណាក់កាល គឺដំណាក់កាលទី១ ប្រមាណជាជិត៥០ភាគរយ ក្នុងឆ្នាំ២០១៦ និងនៅសល់ជាង៥០ភាគរយទៀត នឹងទទួលនៅដំណាក់កាលទី២ ក្នុងឆ្នាំ២០១៧។

សូមជម្រាបថា សហគ្រាសធុនតូច និងមធ្យម បានដើរតួយ៉ាងសំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច។ នៅកម្ពុជាបើតាមលទ្ធផលនៃជំរឿន ផ្លូវការរបស់ក្រសួងផែនការ បានបញ្ជាក់ថា គិតត្រឹមខែមីនា ឆ្នាំ២០១១ កម្ពុជាមានសហគ្រាស ទាំងអស់ចំនួន៥០៥,១៤៣ សហគ្រាស ហើយអ្នកធ្វើការ នៅក្នុងសហគ្រាសទាំងនោះ មានសរុបចំនួន១,៦៧៦,២៦៣នាក់៕

លោក អ៉ិន ចាន់នី ប្រធាននាយកប្រតិបត្តិនៃធនាគារ អេស៉ីលីដា