(ភ្នំពេញ)៖ សិល្បៈខ្មែរអមតៈ សហការជាមួយនឹង ក្រុមយុវជនរីកសាយ បានបង្កើត កម្មវិធីចលនាចងចាំ២ «មហោស្រពរបាំសហសម័យ» ដែលមាន រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១ដល់ ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៦ ខាងមុខនេះ។ តំណាងពីអង្គការសិល្បៈ​ខ្មែរអមតៈ បានប្រាប់ឲ្យដឹងថា ការរៀបចំឲ្យមានកម្មវិធី​ចលនាចងចាំ២ «មហោស្រពរបាំសហសម័យ» នាពេលនេះ គឺដើម្បីផ្សព្វផ្សាយ​នូវ​ទម្រង់សិល្បៈខ្មែរ ដែលមានច្រើនបែប ច្រើនសណ្ឋាន ក្នុងនោះ​ក៏បានចូលរួមអភិរក្ស នៅទំរង់សិល្បៈខ្មែរមួយប្រភេទនេះ​ ឲ្យមហាជន បានស្គាល់ផងដែរ។

ក្រៅពីនោះ មហោស្រពនេះផ្សាភ្ជាប់​មនុស្សទៅនឹងសិល្បៈ ហើយយើងចង់ផ្តោត​សំខាន់ ទៅលើសារៈសំខាន់​នៃសិល្បៈ បង្កើតនូវសង្គមមួយ មានសន្តិភាព។ ជាងនេះទៅទៀត យើងក៏នឹងផ្តល់ ឱកាសដល់ក្រុមហ៊ុន ឬអង្គការសិល្បៈដែលចង់បង្ហាញ ស្នាដៃថ្មីៗ របស់គេ ទៅកាន់ទស្សនិកជន។ នេះបើតាមការលើកឡើងពី កញ្ញា យ៉ន សុខន  អ្នកសម្របសម្រួលកម្មវិធីនៅ អង្គការសិល្បៈខ្មែរអមតៈ បានប្រាប់ឲ្យដឹង នៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីការរៀបចំកម្មវិធី ចលនាចងចាំ២ «មហោស្រពរបាំសហសម័យ» នៅព្រឹក​ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦នេះ ។

កញ្ញា យ៉ន សុខន បានបន្តឲ្យដឹងថា មហោស្រពនេះ នឹងមានការសម្តែង ដោយ​ក្រុមនាដកាសហសម័យ សិល្បករថ្មីនៃកម្ពុជា និងក្រុមសិល្បករ «អេពិក​អាត» ដែលប្រើប្រាស់ក្បាច់រាំ ដើម្បីស្វែងរកការចងចាំ ពីអតីតកាលរបស់ពួកគេ ក្នុងនោះក៏មានការសម្តែង ដែលបញ្ជាក់អំពីសម័យខ្មែរក្រហម ផងដែរ។

លោក ប៊ូ សាគុណ ជាជនពិការមួយរូប ហើយក៏ជាសិល្បករ មកពីអង្គការ អេពិក​អាត បានប្រាប់ឲ្យដឹងថា នៅថ្ងៃ «មហោស្រពរបាំសហសម័យ» ក្រុមអេពិក​អាត នឹងខិតខំប្រឹងប្រែងសម្ដែង ឲ្យបានល្អបំផុត ដើម្បី​​ឲ្យមហាជនបានទស្សនា និងបានដឹងពីភាពអស្ចារ្យ នៃរបាំសហសម័យ។ លោក ប៊ូ សាគុណ បានបន្តថា លោក ជាជនពិការក៏​ពិតមែនប៉ុន្តែ លោកមិនដែល អស់សង្ឃឹម​នៅក្នុង ជីវិតឡើយ តែផ្ទុយទៅវិញ លោកនឹងបង្ហាញ​ឲ្យសាធារណជន បានដឹងថា ជនពិការអាចធ្វើបាន «ពួកយើងពិការតែរូបរាង តែមិនបានពិបាកចិត្ត​ឡើយ​»។

គួររំឭកឲ្យដឹងថា នេះជាលើកទី២ហើយ ដែលសិល្បៈខ្មែរអមតៈ បានរៀបចំកម្មវិធីនេះឡើង ដើម្បីផ្សព្វផ្សាយនូវទម្រង់សិល្បៈនេះ ឲ្យកាន់តែទូលំទូលាយ ដល់សាធារណៈជន ក្នុងឆ្នាំនេះ មានកម្មវិធីចំនួន៤ រួមមាន៖

ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦ នៅសាកលវិទ្យាល័យភ្នំពេញអាមេរិក ចាប់ពីម៉ោង ៥៖៣០នាទី ដល់៧ល្ងាច។
ថ្ងៃទី២ ខែកញ្ញា​ ឆ្នាំ២០១៦ នៅសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា ចាប់ពីម៉ោង ៦ ដល់ម៉ោង៧៖៣០នាទីល្ងាច។
ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៦ នៅសារមន្ទីរជាតិកម្ពុជា ចាប់ពីម៉ោង ៧ ដល់ម៉ោង ៨ល្ងាច។
ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៦ នៅសារមន្ទីរជាតិកម្ពុជា ចាប់ពីម៉ោង ៧ ដល់ម៉ោង ៨ល្ងាច។

សំបុត្រចូលទស្សនា មានតម្លៃ១០០០០រៀល អាចរកជាវបាន នៅការិយាល័យសិល្បៈខ្មែរអមតៈ សារមន្ទីរជាតិ សាកលវិទ្យាល័យបញ្ញាសាស្រ្ត កម្ពុជា(PUC) សាកលវិទ្យាល័យភ្នំពេញ​អាមេរិក(AUPP)

កម្មវិធីខាងលើនេះ មានការឧបត្ថម្ភ ដោយ​សហភាពអឺរ៉ុប អង្គការយូណេស្កូ និង Robert Bosch Stiftung ដោយមានការសហការ ពីក្រុមយុវជនរីកសារយ ក្រុមសិល្បករ អេពិក អាត និងក្រុមនាដកាសម័យ សិល្បករថ្មី​នៃកម្ពុជា៕