(បាត់ដំបង)៖ ដើម្បីបន្តជួយសង្គ្រោះស្រូវរាប់ម៉ឺនហិកតា របស់ប្រជាកសិករ រស់នៅតាមឃុំស្រុកសង្កែ ខេត្តបាត់ដំបងនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦នេះ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក បានបញ្ជាឲ្យក្រុមការងារដកសន្ទះទ្វារលើដងប្រឡាយមេទាំងអស់ ដើម្បីនាំទឹកពីប្រព័ន្ធស្រោចស្រពកង្ហត យកទៅផ្គត់ផ្គង់ជាបន្ទាន់។

អ្នកនាំពាក្យក្រសួងធនធានទឹកលោក ចាន់់ យុត្ថា បានបញ្ជាក់ថា «បន្ទាប់ពីបានដកសន្ទះទ្វារលើដងប្រឡាយមេចេញអស់ ឥឡូវនេះទឹកពីប្រព័ន្ធស្រោចស្រពកង្ហត ហូរបានប្រមាណ៤០គ.ម ហើយ ជាមួយនឹងបរិមាណធារទឹកពី ៤០-៤៥ ម៉ែត្រគូប ក្នុង១វិនាទី។ ទឹកបានហូរទៅដល់ផ្នែកខាងក្រោមផ្លូវជាតិលេខ៥ ក្នុងឃុំកំពង់ព្រៀង និងកំពុងបន្តហូរធ្លាក់ទៅកាន់ឃុំតាប៉ុន និងបណ្តាឃុំផ្សេងៗទៀត»។ គួរបញ្ជាក់ថា ក្រុមការងារក្រសួងធនធានទឹក និងឧតុនិយម បានបញ្ចេញទឹកពីប្រព័ន្ធស្រោចស្រពកង្ហត ទៅកាន់ប្រឡាយនានាតាំងពីចុងខែឧសភា មកម្ល៉េះ ប៉ុន្តែដោយសារតែជនមួយចំនួន ចេះតែលួចទម្លាក់ទ្វារទឹកចុះ ធ្វើឲ្យស្រែនៅផ្នែកខាងក្រោមប្រឈមនឹងកង្វះខាតទឹក។

ចំពោះមុខបញ្ហានេះ ខាងក្រសួង និងអាជ្ញាធរខេត្ត ស្រុក ឃុំ បានចុះផ្សព្វផ្សាយ អប់រំជាច្រើនលើកច្រើនសារ ប៉ុន្តែបញ្ហានៅតែកើតមានដដែល។ ជម្រើសចុងក្រោយ និងស្របពេលដែលស្រូវរាប់ម៉ឺន ហិកតានៅផ្នែកខាងក្រោមកំពុងត្រូវការទឹកខ្លាំង លោករដ្ឋមន្ត្រី បានបញ្ជាឲ្យក្រុមការងារដកសន្ទះទ្វារចេញទាំងអស់ ដើម្បីឲ្យទឹកហូរទៅសង្គ្រោះស្រូវនៅផ្នែកខាងក្រោម៕