(ភ្នំពេញ)៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) និងក្រសួងអប់រំ យុវជន និងកីឡា នៅរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦នេះ បានបើកកិច្ចប្រជុំមួយ ដើម្បីបូកសរុបវាយតម្លៃរបាយការណ៍ នៃដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងបំពេញវិជ្ជា សម្រាប់ឆ្នាំ២០១៦ ដែលទើបបញ្ចប់ម្សិលមិញនេះ។

កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ (NIE) ក្រោមអធិបតីភាព លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ដោយមានការចូលរួមពីអ្នកសង្កេតការណ៍ និងតំណាងACU ផងដែរ។ នេះបើតាមការជូនដំណឹង របស់ ACU ដែលបានផ្សាយនៅទំព័រ Facebook ផ្លូវការថា នៅរសៀលនេះ។

របៀបវារៈនៃកិច្ចប្រជុំនេះ រួមមានដូចជា ១. រាយការណ៍របាយការណ៍ដំណើរការសំណេរ ២. មតិបូកសរុបរបាយការណ៍សំណេរ និង៣. មតិចាប់អារម្មណ៍។

សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា ឆ្នាំ២០១៦ បានប្រព្រឹត្តិទៅរយៈពេលពីរថ្ងៃ គឺថ្ងៃទី២២-២៣ ខែសីហា ឆ្នាំ២០១៦ ដែលមានថ្នាក់វិទ្យាសាស្ត្រ និងថ្នាក់វិទ្យាសាស្ត្រសង្គម រួមមានបេក្ខជនប្រឡងសរុប៩៣,៧៥២នាក់ មានមណ្ឌលប្រឡង១៥៧ ចែកចេញជា៣,៧៨២បន្ទប់ នៅរាជធានី-ខេត្តទាំង២៥៕