(ភ្នំពេញ)៖ គ្រោះធម្មជាតិរន្ទះបាញ់ នៅទូទាំងប្រទេសកម្ពុជា អំឡុងពេល៨ខែដំបូងនៃឆ្នាំ ២០១៦នេះ បានឆក់យក ជីវិតប្រជាជនសរុប ៩២នាក់ហើយ ដែលចំនួននេះបានកើនឡើង លើសរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៥ ចំនួនរហូតដល់ទៅ ៦២នាក់ឯណោះ។ នេះបើតាមអ្នកនាំពាក្យ គណកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយជាតិ លោក កែវ វី បានប្រាប់ឲ្យដឹងថានៅថ្ងៃពុធ ទី២៤ ខែសីហា ឆ្នាំ២០១៦។

លោក កែវ វី បានបញ្ជាក់ដូច្នេះថា «ក្រៅពីមនុស្សស្លាប់ទាំង ៩២នាក់នោះ ដោយឡែកមនុស្ស ៩៩នាក់ទៀត បានទទួលរងរបួសដោយសាររន្ទះបាញ់ ចាប់ពីខែមករា ដល់សីហា ឆ្នាំនេះ ដែលចំនួនអ្នករងរបួសបានកើនឡើង លើសពេលវេលាដូចគ្នាកាលពីឆ្នាំមុនចំនួន ៥៨នាក់។ ការវាយប្រហារដោយរន្ទះបាញ់ គឺតែងតែកើនឡើងនៅ អំឡុងរដូវវស្សា (ពីខែឧសភាដល់តុលា) ប៉ុន្តែនៅឆ្នាំនេះ រន្ទះបាញ់បានកើនឡើងច្រើនជាងធម្មតា ដោយសារតែ យើងបានទទួលរងគ្រោះរាំងស្ងួតធ្ងន់ធ្ងរ នៅអំឡុងខែ មេសា ដល់ឧសភា»

គួរបញ្ជាក់ថា ដើម្បីបង្កាកុំឲ្យកើតមាន ការរងគ្រោះដោយសារតែរន្ទះនោះ លោក កែវ វី បានអំពាវនាវឲ្យប្រជាជន ទាំងអស់ព្យាយាមជ្រកនៅក្រោមផ្ទះជានិច្ច នៅអំឡុងពេលមេឃកល់រកភ្លៀង ឬពេលមេឃកំពុងភ្លៀង។ ក្រៅពីរន្ទះ បាញ់នេះ នៅរយៈពេល ០៨ខែដំបូងនៃឆ្នាំ ២០១៦ មនុស្ស ១៥នាក់បានស្លាប់ និង ១៨៣រងរបួសដោយសារ ព្យុះវាយប្រហារនៅកម្ពុជា៕