(ភ្នំពេញ)៖ បន្ទាប់ពីបានដាក់ឲ្យដំណើរការ ប្រើបា្រស់បណ្ណាល័យទាំង១៧ ប្រកបដោយជោគជ័យរួចមក ក្រុមប្រឹក្សាភិបាល និងគណៈគ្រប់គ្រងប្រាសាក់ បានសម្រេចអនុវត្ត គម្រោងបណ្ណាល័យនេះ ដល់សាលារៀនរដ្ឋ៤ ជាបន្តទៀត ដើម្បីចូលរួមលើកស្ទួយវប្បធម៌អាន ក្នុងចំណោមសិស្សានុសិស្សនៅកម្ពុជា ដែលគម្រោងបណ្ណាល័យប្រាសាក់នេះ កើតឡើងពីការផ្តួចផ្តើមគំនិត ពីធនាគារជាតិ ដោយបានទទួលការគាំទ្រយ៉ាងខ្លាំងក្លា ពីក្រសួងអប់រំ យុវជន និងកីឡា ដៃគូអភិវឌ្ឍ អាជ្ញាធរដែនដី លោកគ្រូអ្នកគ្រូ អាណាព្យាបាល និងសិស្សានុសិស្ស។

គម្រោងបណ្ណាល័យឆ្នាំ២០១៦ នឹងអនុវត្តនៅតាមសាលារៀនគោលដៅចំនួន៤ គឺ៖

- វិទ្យាល័យកំពង់ថ្ម ស្ថិតក្នុងភូមិធនមោង ឃុំកំពង់ថ្ម ស្រុកបារាយណ៍ ខេត្តកំពង់ធំ
- វិទ្យាល័យ ជា ស៊ីម ប្រឡាយ ស្ថិតក្នុងភូមិក្រែក ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ
- វិទ្យាល័យ ហ៊ុន សែន រុងរឿង ស្ថិតក្នុងភូមិបុស្សតាសោម ឃុំរុងរឿង ស្រុកស្ទោង ខេត្តកំពង់ធំ
- សាលាបឋមសិក្សានិងអនុវិទ្យាល័យត្រពាំងឈូក ស្ថិតក្នុងភូមិតាំងក្រសាំង ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

គម្រោងនេះបានចាប់ផ្តើម អនុវត្តការងារសាងសង់កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ ដោយចាប់ផ្តើមបើកការដ្ឋាន សាងសង់នៅវិទ្យាល័យកំពង់ថ្ម ហើយនឹងបន្តទៅបើកការដ្ឋានសាងសង់ ជាបន្តបន្ទាប់នៅវិទ្យាល័យ ជា ស៊ីម ប្រឡាយ វិទ្យាល័យ ហ៊ុន សែន រុងរឿង និងសាលាបឋមសិក្សា និងអនុវិទ្យាល័យត្រពាំងឈូក នាពេលដ៏ខ្លីខាងមុខនេះ។

បណ្ណាល័យនីមួយៗនឹងត្រូវបំពាក់ ទៅដោយធនធានសម្ភារ និងឯកសារគ្រប់គ្រាន់រួមមាន៖ ធ្នើ សៀវភៅ ផែនទី ពាក្យស្លោក តុអានសៀវភៅ កៅអី ទូ ហិបដាក់សម្ភារ តុការិយាល័យ។ ក្រៅពីការបំពាក់ធនធានសម្ភារ និងឯកសារប្រាសាក់ បានឧបត្ថម្ភគាំទ្រក្នុងការផ្តល់ការបណ្តុះបណ្តាល ​ទៅដល់បណ្ណារក្ស​ដើម្បីឲ្យពួកគាត់មានលទ្ធភាព គ្រប់គ្រាន់ក្នុងការគ្រប់គ្រង ដំណើរការបណ្ណាល័យផងដែរ។

គួររម្លឹកផងដែរថា ប្រាសាក់បានដាក់បញ្ចូលគម្រោង អភិវឌ្ឍបណ្ណាល័យ ទៅក្នុងសកម្មភាពចូលរួមអភិវឌ្ឍ ការងារសង្គមរបស់ខ្លួននៅឆ្នាំ២០១១។

បច្ចុប្បន្នគម្រោងនេះគ្របដណ្តប់ លើភូមិចំនួន២០៧ ភូមិ ដែលមានចំនួនគ្រួសារសរុប៤០,០១៤ គ្រួសារ មានប្រជាជនសរុបចំនួន១៨៥,០៧១នាក់ នៅក្នុងខេត្តចំនួន៨ រួមមាន ៖ កំពង់ស្ពឺ កំពង់ចាម ព្រៃវែង កំពង់ធំ សៀមរាប តាកែវ ព្រះវិហារ និងខេត្តបាត់ដំបង និងមានសិស្សានុសិស្សដែលទទួលផលផ្ទាល់ពីគម្រោងបណ្ណាល័យនេះចំនួន ១១,០៨៩នាក់ និងលោកគ្រូអ្នកគ្រូចំនួន ៣៧១នាក់ ដោយចំណាយទឹកប្រាក់អស់ជាង ៥៦២ពាន់ដុល្លារអាមេរិក៕