(ភ្នំពេញ)៖ ផលិតកម្ម Red Picture បានដាក់បញ្ចាំង​ជាផ្លូវការហើយ នូវស្នាដៃ​​ទី៣ របស់ខ្លួ​ន មានចំណងជើងថា «សង្សារខ្ញុំក្រមុំ​កូន១» នៅគ្រប់បណ្ដារោងភាពយន្ត ទំនើបនានាក្នុងក្រុងភ្នំពេញ ជាប់ពីថ្ងៃនេះតទៅ បន្ទាប់ពីរឿង «ភូមិអត់មនុស្ស» និងរឿង «ទង់ព្រលឹង» ទទួលបានជោគជ័យ​​យ៉ាងខ្លាំងក្លា ពេលដាក់បញ្ចាំង​ក្នុងរោងភាពយន្ត នាពេលកន្លងមក។ យ៉ាងណាមិញ រឿង «សង្សារខ្ញុំក្រមុំកូន១» គ្រាន់តែចេញជាវីដេអូ Trailer បានរយៈពេល​តែ៣ថ្ងៃប៉ុណ្ណោះ គឺមានអ្នកចូលទស្សនា ជា​ង១លានដង​ទៅហើយ ធ្វើឲ្យផលិតករ​ក្នុងរឿងនេះ បង្ហាញពីភាពជោគជ័យខ្លាំង ពេលចាក់បញ្ចាំងជាផ្លូវការ។

ពិធីសម្ពោធបញ្ចាំង​ជាផ្លូវការនេះ ត្រូវបានធ្វើឡើង​នៅរោងភាពយន្ត Legend ផ្សារទំនើបស្ទឹងមានជ័យ នាល្ងាចថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦នេះ ដោយមានការផ្តល់កិត្តិយស​ចូលរួម ពីលោក ស៊ិន ច័ន្ទសាយ៉ា ប្រធាននាយកដ្ឋានភាពយន្ត និងទស្សនីយភាព នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងសិល្បករ-សិល្បការិនី ដែលជាតួសម្ដែងក្នុងរឿង ជាច្រើននាក់។

លោក ឌៀប សុវណ្ណាដារ៉ា ចាងហ្វាងផលិតកម្ម និងជាផលិតករ បានអះអាងប្រាប់​ឲ្យដឹងថា រឿង «សង្សារខ្ញុំក្រមុំកូន១» ជាវណ្ណកម្មថ្មីប្លែក​មួយទៀត សម្រាប់ជាចំណីចក្ខុ​របស់​ទស្សនិកជន ព្រោះរឿងនេះ ជាប្រភេទរឿង​បែបកំប្លុកកំប្លែង ស្នេហា បាញ់ប្រហារ ស៊ើបអង្កេត និងមនោសញ្ចេតនា។ មូលហេតុដែលលោក​សម្រេចចិត្តដាក់ចំណង​ជើងថា «សង្សារខ្ញុំក្រមុំកូន១» ព្រោះជាធម្មតា បើ​កាលណាមនុស្សស្រី​ម្នាក់នៅក្រមុំ ឬនៅលីវ គឺមិនអាចមានកូននោះទេ ហើយតួអង្គស្រីប្រុសទាំងពីរ បានលាក់ប្រវត្តិគ្នារៀងៗខ្លួន រហូតមានការតាមដានគ្នា ទៅវិញទៅមក។ ម្យ៉ាងទៀតរឿងនេះ គឺលោកចង់ឲ្យអ្នកទស្សនាមានចម្ងល់ នឹងមកតាមដានទស្សនាទាំងអស់គ្នា។

លោកបន្តថា តាមការស្ទាបស្ទង់ ​គ្រាន់តែលោកបង្ហោះជាវីដេអូ Trailer រយៈពេលតែ៣ថ្ងៃប៉ុណ្ណោះ គឺមានអ្នកចូលទស្សនា​ជាង ១លានដងទៅហើយ ពិតជាមានសន្ទុះខ្លាំង​ជាងរឿងមុនៗ ស្ទើរតែ​នឹកស្មានមិនដល់។ អ្វីដែលជាលក្ខណៈពិសេស ក្នុងសាចច់រឿងនេះ គឺការសម្ដែងរបស់កូនក្មេងម្នាក់ (កូនរបស់នាយពែកមី) ដែលសម្ដែងបាន​ល្អមែនទែន ធ្វើឲ្យលោកស្ទើរតែ មិនគួរឲ្យជឿ និងអាចធ្វើឲ្យអ្នកទស្សនា​​ចាប់អារម្មណ៍ខ្លាំង។ ជាមួយគ្នានេះ ការសម្ដែងរបស់តួអង្គនីមួយៗ មានភាពស៊ីសង្វាក់គ្នាល្អណាស់ ធ្វើឲ្យសាច់រឿងទាំងមូលកាន់​តែល្អ ថែមទៀត។

វណ្ណកម្ម​ថ្មីទី៣​ខាង​លើនេះ ត្រូវបានលោក ឌៀប សុវណ្ណាដារ៉ា អះអាងថា ចំណាយ​ទុន​អស់​ប្រមាញ៥​ម៉ឺន​ដុល្លារ​ ដើម្បីផលិតឡើងឲ្យមានគុណភាពល្អ ​។ ​ក្នុង​នោះ​ មានការចូល​រួម​សម្ដែង​ពី​​តារា​ល្បីៗ​ដូចជា អ្នកនាង សារាយ សក្ខណា, លោក ជា វណ្ណារិទ្ធ នាយ ពែកមី, នាយគ្រឿន,នាយ​ក្រូច, នាយចឺម, កូន​ពែកមី, ស្រីអ៉ីត ​ព្រមទាំង​តារាសម្ដែងល្បីៗ​ជា​ច្រើន​ដួង​ទៀត៕