(ភ្នំពេញ)៖ មន្ត្រីជាន់ខ្ពស់ នៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ២រូប បានបញ្ចប់ទស្សនកិច្ចផ្លូវការ នៅប្រទេសថៃ រយៈពេល២ថ្ងៃ ដើម្បីចូលរួមប្រជុំពិភាក្សា ក្នុងវេទិកាពិគ្រោះយោបល់ ជាមួយបណ្តាលប្រទេស ក្នុងតំបន់អាស៊ាន និងប្រទេសមួយចំនួនទៀត ស្តីពីការគ្រប់គ្រងពន្ធនាគារ នៅប្រទេសប្រទេសទាំងនោះ។

មន្ត្រីជាន់ខ្ពស់អគ្គនាយកដ្ឋានពន្ធនាគារទាំង២នាក់ គឺ លោក នុត សវនា និងលោក ហ៊ុយ ហឿន អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធនាគារ។

លោក នុត សវនា អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធនាគារ បានប្រាប់អង្គភាព Fresh News នៅថ្ងៃទី២៤ ខែសីហានេះថា ក្នុងដំណើរទស្សកិច្ចរយៈពេល២ថ្ងៃ នោះមន្ត្រីរបស់យើង បានទទួលនូវការយល់ដឹងជាច្រើន ពាក់ព័ន្ធគ្រប់គ្រងពន្ធនាគារ របស់ប្រទេសសមាជិកអាស៊ាន ជប៉ុន បង់ក្លាសដេស និងប្រទេសកេនយ៉ាង។

លោក នុត សវនា បានបញ្ជាក់ថា ចំណេះដឹងដែលមន្ត្រីពន្ធនាគារកម្ពុជា ទទួលបានរួមមាន៖

1-បានស្វែងយល់ពីការអនុវត្តវិធាន ក្នុងការគ្រប់គ្រងពន្ធនាគារ ពីបណ្តាប្រទេសនានា ក្នុងតំបន់អាស៊ាន ជប៉ុន បង់ក្លាដេស និងប្រទេសកេនយ៉ាក្នុងទ្វីបអាហ្វ្រិក។

2- បានស្វែងយល់ពីវិធានថ្មីៗ សំខាន់ៗក្នុងពិធីសារបន្ថែម នៃវិសោធនកម្ម វិធានអប្បបរមាអង្គការសហប្រជាជាតិ (Revised UN’s Standard Minimum Rules)។

3-បានស្វែងយល់ពីចំណុចត្រូវបំពេញបន្ថែម ក្នុងការតាក់តែង កែសម្រួលឡើងវិញ នូវនីតិវិធីគ្រប់គ្រងពន្ធនាគារទាំង៣៨ ដែលក្រសួងមហាផ្ទៃ ដាក់ឲ្យប្រើប្រាស់តាំងពីឆ្នាំ២០០៣៕