(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សួស អង្គារ៍ អគ្គស្នងការរងនគរបាលជាតិ បានអញ្ជើញប្រកាសតួនាទីភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ជូនមន្ត្រីនគរបាល ជាតិនៃនាយកដ្ឋាននគរបាល ការពារបេតិកភណ្ឌ នៅព្រឹកថ្ងៃទី ២៤ ខែ សីហា ឆ្នាំ២០១៦នេះ។ នៅក្នុងឱកាសនោះនាយឧត្តមសេនីយ៍ បានធ្វើការជំរុញឲ្យមន្រ្ដីនគរបាលជាតិនៃនាយកដ្ឋាននគរបាល ការពារបេតិកភណ្ឌទាំងអស់ បន្ដកិច្ចការងារការពារបេតិភណ្ឌវប្បធម៌ជាតិ និងសម្បត្ដិវប្បធម៌ទូទៅក្នុងក្របខណ្ឌទូទៅប្រទេស។

នាយឧត្តមសេនីយ៍ សួស អង្គារ៍ បានថ្លែងឲ្យដឹងថា «មុខតំណែង និងឋានន្ដរស័ក្ដិ ដែលត្រូវបានប្រកាស និងបំពាក់ជូននាពេលនេះ គឺស្ដែងចេញពីស្នាដៃការងារ ដែលមន្រ្ដីមន្រ្ដីនគរបាលជាតិ នៃនាយកដ្ឋាននគរបាល ការពារបេតិកភណ្ឌ បានខិតខំប្រឹងប្រែងនាពេលកន្លងមក ហើយត្រូវបានអគ្គស្នងការដ្ឋាននគរបាលជាតិ,ក្រសួងមហាផ្ទៃ,និងរាជរដ្ឋាភិបាលផ្ដល់ជូនដោយឥតលក្ខខណ្ឌ»

នាយឧត្តមសេនីយ៍ បានបន្ដថា «បេតិកភណ្ឌវប្បធម៌ជាតិ គឺជាសម្បត្ដិវប្បធម៌ជាតិ ដែលមានតំលៃមិនអាចកាត់ថ្លៃបាន ព្រោះមានសារះសំខាន់សម្រាប់ធ្វើជាមូលដ្ឋាន ដល់ការសិក្សាស្រាវជ្រាវរបស់សង្គម ឬប្រទេសជាតិមួយ ដោយហេតុថាវាបានឆ្លុះបញ្ចាំងឲ្យយើង ដឹងអំពីអតីតកាលរបស់ជាតិសាសន៍,អត្ដសញ្ញាណជាតិ,សង្គមរស់នៅរបស់មនុស្សជំនាន់ដើម និងការប្រើប្រាស់ឧបករណ៍ តាមសម័យកាលនីមួយៗជាដើម»

នៅចុងក្រោយនាយឧត្តមសេនីយ៍សួស អង្គារ៍ ក៏បានជំរុញឲ្យមន្រ្ដីនគរបាលជាតិ នៃនាយកដ្ឋាននគរបាលការពារបេតិកភណ្ឌ ត្រូវបន្ដបំពេញការងារការពារ បេតិភណ្ឌវប្បធម៌ជាតិ និងសម្បត្ដិវប្បធម៌ទូទៅក្នុងក្របខណ្ឌទូទៅប្រទេស ឲ្យកាន់តែខ្លាំងក្លាថែមទៀត ដោយឈរលើលិខិតបទដ្ឋានគតិយុត្ដិ និងច្បាប់ស្ដីពី «កិច្ចការពារបេតិភណ្ឌវប្បធម៌»