(ភ្នំពេញ)៖ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ និងជាប្រធានអនុសាខាកាកកបាទក្រហមកម្ពុជាប្រចាំខណ្ឌ បាននាំអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន យកទៅចែកជូនប្រជាពលរដ្ឋក្រីក្រចំនួន២០គ្រួសារ មកពីភូមិចំនួន៥ ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យនាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦នេះ។ លោក ឌី រ័ត្នខេមរុណ បានឲ្យដឹងថា អំណោយដែលត្រូវចែកជូននៅព្រឹកនេះរួមមាន៖ ក្នុង១គ្រួសារៗទទួលបានអង្ករ២៥kg មី១កេស ទឹកត្រី១យួរទឹកស៊ីអ៊ីវ១យួរ ត្រីខ១យួរ ឃីត១កញ្ចប់មាន ភួយ១ មុង១ សារុង១ ក្រមា១ រួមនឹងថវិកាមួយចំនួន។

ក្នុងឱកាសនោះ លោក ឌី រ័ត្នខេមរុណ បានពាំនាំនូវក្តីនឹករលឹកយ៉ាងក្រៃលែងពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនចំពោះប្រជាពលរដ្ឋថា ថ្វីត្បិតតែពេលនេះសម្តេចមិនមានវត្តមានដោយផ្ទាល់ក្តី ប៉ុន្តែចិត្តរបស់សម្តេចប្រធានកាកបាទក្រហមកម្ពុជា តែងឋិតនៅក្បែរបងប្អូនជានិច្ច។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែក្រើនរំលឹកដល់មន្ត្រីក្រោមឱវាទធ្វើយ៉ាងណា ត្រូវយកចិត្តទុកដាក់ខ្ពស់​ទៅលើប្រជាពលរដ្ឋក្រីក្រលំបាកតោកយ៉ាក ចាស់ជរា អ្នកកើតជំងឺរុំារៃ និងជាពិសេសពលរដ្ឋផ្ទុកមេរោគអេដស៍ គឺមិនត្រូវមើលរំលងជាដាច់ខាត ព្រោះសុខទុក្ខរបស់ពលរដ្ឋកម្ពុជា គឺជាសុខទុក្ខរបស់សម្តេចដូចគ្នា។

ជាមួយគ្នានេះ លោកអភិបាលរងបានក្រើនរំលឹកឲ្យប្រជាពលរដ្ឋកុំភ្លេចទៅចូលរួមចុះឈ្មោះបោះឆ្នោតអោយបានគ្រប់ៗគ្នា ចាប់ពីថ្ងៃទី០១ ខែកញ្ញាឆ្នាំ២០១៦ខាងមុខ និងត្រៀមទៅបោះឆ្នោត​ជូនចំពោះគណបក្ស ដែលបងប្អូនគាំទ្រនិងស្រលាញ់ ជាគណបក្សដែលគិតគូរពីសុខទុក្ខពលរដ្ឋជាធំ មិនមែនជាគណបក្សដែលចាំតែហៃអើរៗឡើយ។ លោកបន្តថា ការនាំយកអំណោយចែកជូន​បងប្អូននៅពេលនេះ គឺអាជ្ញាធរធ្វើឡើង មិនមានពាក់ព័ន្ធទៅនឹងនិន្នាការនយោបាយអ្វីឡើយ គឺជាការមើលឃើញជាក់ស្តែងពី​ សុខទុក្ខលំបាករបស់បងប្អូន ពីសំណាក់កាកកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានតែប៉ុណ្ណោះ ៕