(តាកែវ)៖ ក្រុមកម្មកររោងចក្រដេរសំលៀកបំពាក់ «ខេមបូថិច ត្រេឌីង ខាំភេនី» ប្រមាណជាង១ពាន់នាក់ ដែលមានទីតាំងនៅក្នុងសង្កាត់រកាក្រៅ ក្រុងដូនកែវ នៅព្រឹកថ្ងៃ​ទី២៤ ខែសីហា ឆ្នាំ២០១៦នេះ បាននាំគ្នាហែក្បួនមកកាន់ សាលាខេត្តតាកែវ ដើម្បីស្នើសុំអន្តរាគមន៍ ពីអាជ្ញាធខេត្ត ជួយដកអ្នកគ្រប់គ្រងរោងចក្រចេញពីការងារ ដោយក្រុមកម្មករបានចោទប្រកាន់ថា អ្នកគ្រប់គ្រងនេះ បានមើលងាយកម្មករ និងបានបញ្ឈប់កម្មករ ដោយគ្មានហេតុផល។

កម្មាការរិនី សុខនី ដែលបំរើការនៅរោងចក្រខាងលើ បាន​ឲ្យដឹងថា «ក្រុមកម្មករបានធ្វើការតវ៉ាជិត១សប្ដាហ៍មកហើយ ដោយយើងបានទាមទារ លក្ខខណ្ឌការងារមួយចំនួន ហើយខាងរោងចក្រក៏បានយល់ព្រម តាមលក្ខខណ្ឌខ្លះដែរ ក៏ប៉ុន្តែនៅមានលក្ខខណ្ឌមួយទៀត ដែលកម្មករទាមទាជាដាច់ខាតនោះ គឺយើងស្នើសុំឲ្យថៅកែ ដកអ្នកគ្រប់រោងចក្រនេះចេញ ព្រោះអ្នកគ្រប់គ្រងនេះ បានជេបញ្ចោ កម្មករ ប្រមាថកម្មករ ជាពិសេសបានបញ្ឈប់កម្មករ ដោយគ្មានហេតុផលអ្វីទាំងអស់»។

កញ្ញាថ្លែងថា «ខាងថៅកែរោងចក្រគេសុខចិត្ត បិទរោងចក្រដើម្បីការពារមនុស្សម្នាក់ ក៏ប៉ុន្តែគេមិនបានឈរ នៅជាមួយកម្មករជាង១ពាន់នាក់នោះទេ»។

​កម្មករទាំងអស់សង្ឃឹមថា អាជ្ញាធរខេត្តជាពិសេស លោក ឡាយ វណ្ណៈ អភិបាលខេត្ត និងជួយក្រុមកម្មករ ដោយធ្វើអន្តរាគមន៍ទៅថៅកែរោងចក្រ ឲ្យដកអ្នកគ្រប់គ្រងរោងចក្រចេញពីការងារ ហើយប្រសិនបើអាជ្ញាធរ មិនអាចជួយកម្មករបានទេ កម្មករទាំងអស់សុខចិត្តឈប់ធ្វើការ តែ​សុំឲ្យខាងក្រុមហ៊ុន បើកប្រាក់អតីតភាពការងារ ដល់កម្មករដែលបានធ្វើការងារ ដល់រោងចក្រជាង២ឆ្នាំកន្លងមកនេះ។

​លោក ម៉ឹង វីរីយ៉ា ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីរៈខេត្ត បានបញ្ជាក់ថា មន្រ្តីមន្ទីរការងារទាំងអស់ បានចុះមកសម្របសម្រួល និងផ្សះផ្សា ជាមួយបងប្អូនកម្មករ និងថៅកែរោងចក្រ ដោយបាន​ដោះស្រាយឲ្យសះជា បាន៨ចំណុចរួចហើយ ក្នុងចំណោមលក្ខខណ្ឌ ដែលកម្មករទាមទារទាំង៩ចំណុច ហើយនៅសល់មួយចំណុចទៀត គឺការទាមទារឲ្យដកមេការរោងចក្រនោះ គឺខាងមន្ទីរបានបញ្ជូនបញ្ហានេះ ទៅឲ្យក្រុមប្រឹក្សាអាជ្ញាកណ្ដាលជាអ្នកសម្រច។

​លោកប្រធានមន្ទីរ បានបន្តថា ​ទោះជាយ៉ាងណាក៏ដោយ មន្ទីរនឹងបន្តតាមដានបញ្ហានេះតទៅទៀត ហើយនឹងជួយពន្លឿនឲ្យក្រុមប្រឹក្សាអាជ្ញាកណ្ដាល ដោះស្រាយបញ្ហានេះឲ្យបានឆាប់ផងដែរ៕