(ភ្នំពេញ)៖ គណបក្សអំណាចខ្មែរ បានចេញលិខិតចំហរមួយ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦នេះ ដោយអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ រារាំងដល់ជនជាតិវៀតណាម ដែលមានអត្តសញ្ញាណបណ្ណជាតិខ្មែរ ចុះឈ្មោះបោះឆ្នោត។

ការអំពាវនាវនេះ បានធ្វើឡើងបន្ទាប់ គណៈកម្មាធិការរៀបចំការបោះឆ្នោត បានអះអាងថា ជនទាំងឡាយដែលក្នុងនោះរាប់តាំងជនបរទេស ដែលមានអត្តសញ្ញាណបណ្ណ និងមានឯកសារគ្រប់គ្រាន់ អាចចុះឈ្មោះបោះឆ្នោត នៅក្នុងប្រទេសកម្ពុជាបាន។

លិខិតចំហររបស់គណបក្សអំណាចខ្មែរ ដែលដឹកនាំដោយ លោក សួន សេរីរដ្ឋា បានសរសេរថា «សូមពលរដ្ឋខ្មែរអ្នកស្នេហាជាតិគ្រប់និន្នាការ គណបក្សនយោបាយ កុំខ្លាច ! ហើយទាំងអស់គ្នាត្រូវហ៊ានចូលរួមចលនាសកម្មភាពទប់ស្កាត់ និងរារាំងពួកជនជាតិយួន (វៀតណាម) ឈ្លានពានទាំងអស់ កុំឱ្យពួកនេះចូលមកចុះឈ្មោះ បោះឆ្នោតបានឱ្យសោះ»

លិខិតនោះបានបន្ថែមថា «ដើម្បីជាតិខ្មែរយើង ដើម្បីទឹកដីខ្មែរយើង និងដើម្បីកូនចៅយើងពីជាន់​ (នេះ) រហូតដល់ជំនាន់ក្រោយ តៗទៀត យើងជាខ្មែរទាំអស់គ្នាគ្រប់និន្នាការនយោបាយ ត្រូវរួមគ្នាប្រើអំណាចខ្មែរ ទប់ស្កាត់ និងរារាំងដាច់ខាតកុំឱ្យពួកជនជាតិយួន (វៀតណាម) ដែលកាន់កាប់អត្តសញ្ញាណប័ណ្ណខ្មែរ ទាំងគ្មានសញ្ជាតិខ្មែរទាំងនោះ ចុះឈ្មោះបោះឆ្នោតបានឱ្យសោះ។ ជនណា មន្រ្តីរាជការណា ដែលចេញមុខការពារជនជាតិយួន ដែលគ្មានសញ្ជាតិខ្មែរឱ្យបានចុះឈ្មោះបោះឆ្នោត ជននោះគឺជាឧក្រិដ្ឋជនក្បត់ជាតិ»

កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលដល់អ្នកសារព័ត៌មាន ស្ដីពីការចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មី ឆ្នាំ២០១៦ នៅភ្នំពេញ លោក សោម សូរីដា អគ្គលេខាធិការរងគ.ជ.ប បានអះអាងថា ជនណាក៏ដោយឱ្យតែមានសញ្ជាតិខ្មែរ អត្តសញ្ញាណប័ណ្ណខ្មែរ នឹងអាចចុះឈ្មោះបោះឆ្នោតបាន ទោះបីជាពួកគេមិនចេះនិយាយភាសាខ្មែរក៏ដោយ។

អគ្គលេខាធិការរងគ.ជ.ប ក៏បានអះអាងថា គ.ជ.ប នឹងចាត់វិធានការតាមច្បាប់ ចំពោះជនទាំងឡាយដែលរារាំង ឬឃោសនាមិនឱ្យប្រជាពលរដ្ឋ អ្នកដែលមានឯកសារគ្រប់គ្រាន់ ទៅបោះឆ្នោត ដូចមានក្នុងករណីបោះឆ្នោត កាលពីឆ្នាំ២០១៣៕